រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងលោក សម រង្ស៊ី បានកំពុងតែវង្វេងកាន់តែខ្លាំងឡើង ហើយបានជាចង់ផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា ។
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា នៅកម្ពុជាគ្មានការផ្លាស់ប្តូររបបដឹកនាំជាដាច់ខាត ។ ការលើកននេះបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានអះអាងលើបណ្តាញសង្គមថា លោកនឹងចូលមកស្រុកខ្មែរវិញ នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីផ្លាស់ប្តូរបបដឹកនាំនៅកម្ពុជា ។
យ៉ាងណាក្តីលោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈថា នៅកម្ពុជាគ្មានទេការប្តូររបបបច្ចុប្បន្ន ។ ផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជាប្រទេសកម្ពុជាប្រកាន់យកនូវរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញក៏បានហាមមិនឲ្យធ្វើវិសោធនកម្មត្រង់ចំណុចនេះដែរ ។
អ្នកនាំពាក្យបក្សកាន់អំណាចបានបញ្ជាក់ថា ស្ថិតនៅក្រោមរបបខាងលើនេះព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរតាមផ្លូវត្រូវនោះ គឺលើមាគ៌ាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឈរីកចម្រើនរុងរឿងដែលប្រជាជនកម្ពុជាបាន និងកំពុងទទួលបានផលជាជ័យជំនះយ៉ាងត្រចះត្រចង់លើគ្រប់វិស័យ ។
ដូច្នេះគ្មានទេការផ្លាស់ប្តូររបបបច្ចុប្បន្នដែលទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹងធ្វើការផ្លាស់ប្តូរនោះ ។ លោកបញ្ជាក់ថា « មហិច្ឆតាចង់ផ្លាស់ប្តូររបបរបស់ទណ្ឌិត សម រង្ស៊ី គឺជាការចង់នាំប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមបង្កគ្រោះមហន្តរាយដល់ប្រជាជនកម្ពុជាដូចពីអតីតកាល ។
ហេតុនេះប្រជាជនកម្ពុជាប្រឆាំងជាដាច់ខាតចំពោះគំនិតទុច្ចរិតដ៏ពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ដែលចង់បំផ្លាញផលប្រយោជន៍របស់ប្រជាជន និងប្រជាជាតិកម្ពុជា និងប្រឆាំងដាច់ខាតវត្តមានរបស់ទណ្ឌិតរូបនេះនៅក្នុងទឹកដីកម្ពុជា» ។
សូមជម្រាបថា លោក សម រង្ស៊ី បានលើកឡើងលើបណ្តាញសង្គមថា នៅក្នុងប្រទេសកម្ពុជាត្រូវតែផ្លាស់ប្តូររបបដឹកនាំនាពេលបច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ