ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​នាំ​ចូល​អំបិល បើ​ទោះជា​អាកាសធាតុ​ឆ្នាំ​នេះ​អំណោយផល​ក្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ​នេះ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ព្យាករណ៍​ថា អាកាសធាតុ​ឡើង​កំ​ដៅ និង​រដូវប្រាំង​អូស​បន្លាយ​យូរ​ជាង​ឆ្នាំ​មុន​ៗ​ក្ដី សមាគម​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត​អះអាង​ថា ការ​នាំ​ចូល​អំបិល​មក​ផ្គត់ផ្គង់​នឹង​នៅ​តែ​មាន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ​នេះ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ព្យាករណ៍​ថា អាកាសធាតុ​ឡើង​កំ​ដៅ និង​រដូវប្រាំង​អូស​បន្លាយ​យូរ​ជាង​ឆ្នាំ​មុន​ៗ​ក្ដី សមាគម​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត​អះអាង​ថា ការ​នាំ​ចូល​អំបិល​មក​ផ្គត់ផ្គង់​នឹង​នៅ​តែ​មាន ព្រោះ​ការ​ផលិត​ក្នុងស្រុក​មិន​អាច​គ្រប់​ទៅ​តាម​តម្រូវការ
ឡើយ ។

លោក តុង ខ្លឹ​ង អនុប្រធាន​ផែនការ​នៃ​សមាគម​ផលិត​អំបិល​ខេត្តកំពត​កែប បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​អាកាសធាតុ​ឆ្នាំ​នេះ​អំណោយផល​ជាង​ឆ្នាំ​មុន​ៗ​ក្ដី ក៏​ឆ្នាំ​នេះ​ការ​ផលិត​អំបិល​ក្នុងស្រុក មិន​អាច​គ្រប់គ្រាន់​នឹង​តម្រូវការ​បាន​ឡើយ ដូច្នេះ​ហើយ​ត្រូវការ​ឲ្យ​មានការ​នាំ​ចូល​បន្ថែម ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ អាជីវកម្ម​ស្រែអំបិល​របស់​ផលិតករ​ក្នុង​សហគមន៍ បាន​ថយ​ចុះ​ជា​ច្រើន ដោយ​មួយ​ចំនួន​ឈប់​ផលិត​ព្រោះតែ​ខ្វះ​កម្លាំង​ពលកម្ម និង​អ្នកមួយ​ចំនួន​ទៀត​ដោយសារ​តែ​ការ​ខាតបង់​នា​ឆ្នាំ​កន្លង​មក ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ស្រែអំបិល បាន​ថយ​ចុះ​ច្រើន ។

លោក​មាន​ប្រសាសន៍​ថា ៖« សព្វ​ថ្ងៃនេះ ការ​ផលិត​អំបិល​នៅ​ក្នុង​សហគមន៍ បាន​ធ្លាក់​ចុះ​ប្រមាណ​៣០% ដោយសារ​តែ​ខ្វះ​កម្លាំង​ពលកម្ម ដូច្នេះ​ហើយ​ទើបត្រូវ​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​ដើម្បី​បង្គ្រប់ » ។
លោក ខាត់ សា​មឿ​ន សមាជិក​អ្នក​ផលិត​អំបិល​មួយ​រូប​ក្នុង​សមាគម​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាជន​ភាគច្រើន​ធ្វើ​អាជីវកម្ម​ស្រែអំបិល ត្រូវ​យក​ទុន​ពី​ខាង​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ មក​ពង្រាប​ដីស្រែ និង​បូមទឹក​បញ្ចូល​ស្រែ​ជាដើម ហើយ​កាលពីមុន​នោះ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ច្រើន​ពេក បាន​ធ្វើ​ឲ្យ​ពួក​គាត់​ខាតបង់ ដោយ​មិន​អាច​ប្រមូល​ផល​បាន អីចឹង​ហើយ​មួយ​ចំនួន​ក៏​បាន​ឈប់​ធ្វើ បូក​រួម​នឹង​ខ្វះ​កម្លាំង​ពលកម្ម​ផង​ដែរ ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ការ​ផលិត​អំបិល​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​ពឹង​លើ​វិធី​ធម្មជាតិ​សុទ្ធសាធ បើ​អាកាសធាតុ​អំណោយផល អំបិល​ក៏​បាន​ផល​ល្អ តែបើ​អាកាសធាតុ​មិន​អំណោយផល ផលិតករ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​ដែរ ដូច្នេះ​ទើប​ទិន្នផល​អំបិល​កម្ពុជា ពេល​ខ្លះ​ក៏​ទទួល​បាន​លើស​តម្រូវការ ពេល​ខ្លះ​ក៏​បាន​តិច តែ​យ៉ាងណា​ក៏​ដោយនៅ​ឆ្នាំ​កន្លង​ៗ​មក ដោយសារ​ការ​ផលិត​នៅ​ឆ្នាំ​មុន​ៗ​ទទួល​បាន​ផល​ច្រើន ហើយ​អ្នក​ផលិត​ក៏​ច្រើន ធ្វើ​ឲ្យ​អំបិល​អាច​ផ្គត់ផ្គង់​បាន​គ្រប់ ទើបតែ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ការ​ផលិត​អំបិល​ក្នុងស្រុក មិន​អាច​គ្រប់​ទៅ​តាម​តម្រូវការ ក៏​បាន​ចាប់ផ្ដើម​នាំ​ចូល​ពី​ប្រទេស​ចិន មក​បំពេញ​នូវ​ភាព​ខ្វះខាត ។

កាលពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំ​មុន អំបិល​ជាង​៥​ពាន់​តោន ត្រូវ​បាន​ដឹក​មក​ដល់​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ត្រៀម​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ ហើយ​ក៏​មាន​គម្រោង​នាំ​ចូល​បន្ថែម​ទៀត​ដែរ ក្នុង​ករណី មិន​អាច​ផលិត​បាន​គ្រប់​ទៅ​តាម​តម្រូវការ ។ ការ​នាំ​ចូល​អំបិល​មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ មិនមែន​ជា​លើក​ទី​១​ទេ ជាក់ស្ដែង​កាលពី​ជាង​១០​ឆ្នាំ​មុន ពោល​គឺ​អំឡុង​ឆ្នាំ​២០០៨ កម្ពុជា​បាន​នាំ​ចូល​អំបិល​ប្រមាណ​៦​ម៉ឺន​តោន​រួច​មក​ហើយពី​ប្រទេស​ចិន ដើម្បី​ផ្គត់ផ្គង់ ។ យោង​តាម​របាយការណ៍​របស់​សមាគម​អ្នក​ផលិត​អំបិល​ខេត្តកំពត បាន​បង្ហាញ​ផង​ដែរ​ថា តម្រូវការ​អំបិល​ក្នុងស្រុក ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​១០​ម៉ឺន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ