ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​លុ​ច្ស​»​រោងកុន​ក្រោយ​គេមិន​ស៊ូ​នឹង​រោង​កុន​ទំនើប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​សង្គម​មានការ​អភិវឌ្ឍ​ជឿនលឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បច្ចុប្បន្ន​រោងកុន ចាស់​ៗ​បាន​បាត់​ស្រមោល​គ្មាន​សល់ ដោយ​ជំនួស​វិញ​រោង​ភាពយន្ត​បែប​ទំនើប​ទាន់សម័យ ។ នៅ​អំឡុង​ទស​វត្ស​៦០-៧០ រោង​ភាពយន្ត​បាន​កើត​ឡើងជា​បន្តបន្ទាប់ និង​មានដំណើរ​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ជា​ហូរហែ​នៅ​ក្នុង​ទីក្រុង និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន…

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​សង្គម​មានការ​អភិវឌ្ឍ​ជឿនលឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បច្ចុប្បន្ន​រោងកុន ចាស់​ៗ​បាន​បាត់​ស្រមោល​គ្មាន​សល់ ដោយ​ជំនួស​វិញ​រោង​ភាពយន្ត​បែប​ទំនើប​ទាន់សម័យ ។

នៅ​អំឡុង​ទស​វត្ស​៦០-៧០ រោង​ភាពយន្ត​បាន​កើត​ឡើងជា​បន្តបន្ទាប់ និង​មានដំណើរ​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ជា​ហូរហែ​នៅ​ក្នុង​ទីក្រុង និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្តកណ្ដាល​,​ខេត្តកំពង់ចាម​,​ខេត្តបាត់ដំបង​និង​ខេត្តកំពត​ជាដើម ។

ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​រោង​ភាពយន្ត​រហូត​ដល់​ទៅ​៣៣ រួម​មាន​៖ រោង​ភាពយន្ត​បូកគោ រោង​ភាពយន្ត​លុ​ច្ស រោង​ភាពយន្ត​កា​ពី​តូ​ល រោង​ភាពយន្ត​ភ្នំ​ពេជ្រ រោង​ភាពយន្ត​ព្រហ្ម​បាយ័ន រោង​ភាពយន្ត​ចេ​ន​ឡា​(​រោង​ភាពយន្ត​រដ្ឋ​) រោង​ភាពយន្ត​ហេម​ជាតិ រោង​ភាពយន្ត​សូ​រិ​យា រោង​ភាពយន្ត​គិរី​រម្យ រោង​ភាពយន្ត​ម្កុដ​ពេជ្រ រោង​ភាពយន្ត​អេ​ឌែ​ន រោង​ភាពយន្ត​វិមាន​ទិព្វ រោង​ភាពយន្ត​ប្រាសាទ​ពេជ្រ រោង​ភាពយន្ត​កំពូល​ពេជ្រ រោង​ភាពយន្ត​អង្គរ រោង​ភាពយន្ត​សរ​ព្រហ្ម​មាស រោង​ភាពយន្ត​មេគង្គ រោង​ភាពយន្ត​មនោ​រម្យ រោង​ភាពយន្ត​ហា​វ៉ៃ រោង​ភាពយន្ត​ភ្នំពេញ រោង​ភាពយន្ត​ឋានសួគ៌ រោង​ភាពយន្ត​តារា​ថ្មី រោង​ភាពយន្ត​ម៉ា​ហ្សេ​ស្ទិ​ច​(Majestic) រោង​ភាពយន្ត​តារា​(CinéStar) ។

បច្ចុប្បន្ន​រោង​ភាពយន្ត​ទាំងនោះ​បាន​ប្រែក្លាយ​រូបរាង​របស់​ខ្លួន ដោយ​ខ្លះទៅ​ជា​ភោជនីយដ្ឋាន ហាង​លក់​នំ សម្ភារៈ និង​កន្លែង​ម៉ាស្សា ខារ៉ាអូខេ ឌី​ស្កូ ខណៈ​ពេល​ដែល​រោង​ភាពយន្ត​ខ្លះ​ត្រូវ​គេ​ទុក​ចោល​ដោយ​មិន​ទាន់​មានការ​អភិវឌ្ឍ​ទៅ​ជា​អ្វី​ឡើយ ។

ជា​ការ​កត់សម្គាល់​រោងកុន​លុ​ច្ស គឺជា​រោងកុន​តែ​មួយ​គត់​ដែល​បាន​នៅ​សេសសល់​ក្រោយ​គេ​ក្នុង​បណ្តា​រោងកុន​ផ្សេង​ទៀត ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​រោងកុន​មួយ​នេះ​ក៏​នៅ​តែ​មិន​អាច​ទប់ទល់​បាន​ជាមួយនឹង​រោងកុន ថ្មី​ៗ និង​ទំនើប​ដែល​ត្រូវ​បាន​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ចំណែក​ទស្សនិកជន​ភាគច្រើន​បាន​នាំ​គ្នា​បែរ​ទៅ​រក​ការ​ទស្សនា​នៅ​រោងកុន​បែប​ទំនើប​នេះ​វិញ ។

បើ​យោង​តាម​ទស្សនាវដ្តី​ស្ថាបត្យកម្ម ដែល​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១២​របស់​និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ រោង​ភាពយន្ត​លុ​ច្ស​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៨ ដោយ​ស្ថាបត្យករ​បារាំង ឈ្មោះ Roger Colne ហើយ​រោង​ភាពយន្ត​នេះ​វា​ស្ថិត​ក្នុង modern Art Deo style​។ វា​ត្រូវ​បាន​បើក​ដំណើរការ​ជា​ថ្មី​ម្ដងទៀត​នៅ​ដើមឆ្នាំ​១៩៩០ បន្ទាប់​ពី​សម័យ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​មាន​ចាក់​បញ្ចាំងភាពយន្ត និង​ការ​សម្តែង​ជាដើម ។ រោងកុន​នេះ​មាន​កៅអីអង្គុយ​សរុប​ចំនួន​៦៥០​កៅអី ។

ក្រោយមក​រោងកុន​លុ​ច្ស បាន​បើក​ដំណើរការ​ជា​ថ្មី​ម្ដងទៀត​ក្នុង​ឆ្នាំ​២០០១ បន្ទាប់​ពី​ការ​រៀបចំ​កែ​លម្អ​ឡើង​វិញ ។ រោង​ភាពយន្ត​លុ​ច្ស​នេះ​មាន​ភាព​ខុស​ប្លែក​ពី​រោងកុន​ដទៃ​ដោយសារ​វា​មាន​ម៉ាស៊ីន​ចាក់​បញ្ចាំង​ទំហំ​៣៥​មី​ល្លី​ម៉ែត្រ​។

ចំណែក​រោង​ភាពយន្ត​ដទៃ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ភាគច្រើន​កកើត​ឡើង​អំឡុង​ទសវត្សរ៍​ទី​៦០​ដូច​ជា​រោង​ភាពយន្ត​ហេម​ជាតិ គិរី​រម្យ និង​បូកគោ​ជាដើម ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ វា​ត្រូវ​ប្ដូរ​ទៅ​ជា​រូបភាព​ផ្សេង​មិនមែន​ជា​រោង​ភាពយន្ត​តទៅ​ទៀត​ឡើយ ។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ភាពយន្ត គិត​ត្រឹម​បច្ចុប្បន្ន រោង​ភាពយន្ត​ទំនើប​កំពុង​ដំណើរការ​អាជីវ​កម្ម​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត​មាន​មាន​ចំនួន​១២​រោង មាន​បន្ទប់​បញ្ចាំង​(Hall) សរុប​ចំនួន​៣៩ និង​​កៅអីអង្គុយ​ចំនួន ៦.៤៣៧​។ ចំនួន​នេះ​បាន​កើនឡើង​ដល់​ចំនួន​សរុប​១៥​រោង ស្មើនឹង​៥៩​បន្ទប់​បញ្ចាំង និង​កៅអីអង្គុយ​សម្រាប់​អ្នក​ទស្សនា​អាច​កើន​ដល់ ១​ម៉ឺន​កៅអី មុន​ដំណាច់ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ