កា​រវិ​វត្ត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​ទសវត្សរ៍​ឆ្នាំ​1980​ដល់​បច្ចុប្បន្ន

Sponsored

រាជធានី​ភ្នំពេញ ៖ ក្រោយ​កម្ពុជា​ងើប​ផុត​ពី​របប​អាវ​ខ្មៅ ទឹកដី​ទូ​ទាំង​ប្រទេស មាន​តែ​ភូមិ អត់​មនុស្ស​នៅ មាន​តែ​ផ្លូវ អត់​មនុស្ស​ដើរ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ស្ងាត់​ឲ្យ​ជ្រងំ ហើយ​លឺ​សូរ​តែ​សំឡេង​សត្វ​ចចក​លូ ខ្លែងស្រាក​យំ និង​លលកខ្មោច​បូល គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង ។

អ្នក​ដែល​មានសំណាង​រួច​ផុត​ពី​សេចក្ដីស្លាប់​ក្នុង​របប​ឃោរឃៅ​សាហាវយង់ឃ្នង​មួយ​នេះ គ្មាន​សល់​អ្វី​ក្រៅពី​ស្បែក​គ្រប​បណ្ដ​ប់​ឆ្អឹង ទឹកមុខ​ស្លេកស្លាំង ស្គមរីងរៃ និង​រស់នៅ​ក្រោមផ្ទះ​បាក់បែក ដំបូល​ឃើញ​មេឃ ជញ្ជាំង​ឃើញ​ព្រៃ​ព្រឹក្សា និង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ម​ធ្យោ​យ​បាយ​ដែល​ល្អ​បំផុត គឺ​ថ្មើរជើង ។
នឹក​ស្រមៃ​ដល់​កាលពី​ជិត​៤០​ឆ្នាំ​មុន ឬ​ចាប់ពី​ឆ្នាំ​១៩៨០​មក ប្រហែលជា​លោកតា​លោកយាយ ពុក​ម៉ែ ពូ​មីង អស់លោក លោកស្រី​ដែល​មាន​វ័យ​ចាប់ពី​ជាង​៤០​ឆ្នាំ​ប្លាយ​ឡើង​ទៅ ពិតជា​ចាំ​មិន​ភ្លេច និង​ប្រហែលជា​ឧស្សាហ៍​និទាន​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ហែល​ឆ្លង​ប្រាប់​ដល់​កូនចៅ​ជំនាន់​នេះ​ឲ្យ​បានដឹង​ខ្លះ បើ​ទោះជា​ពួក​គេ​មិន​ជឿ​ខ្លះ ឬ​ជឿ​ខ្លះ​ក៏​ដោយ ។

នៅ​ថ្ងៃនេះ កោះសន្ដិភាព ដែល​ជា​សារព័ត៌មាន​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា និង​ជា​សារព័ត៌មាន​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ជាងគេ​នៅ​ទូ​ទាំង​ប្រទេស សូម​រំលឹក​អនុស្សាវរីយ៍​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​ខ្លះ​ៗ ដើ​ម្ប​ចែករំលែក​ដល់​យុវជន​សម័យ​ឌី​ជី​ថ​ល​ឲ្យ​បានដឹង ក៏​ដូច​ជា​រំញោច​អារម្មណ៍​លោកតា​លោកយាយ ពុក​ម៉ែ ពូ​មីង អស់លោក លោកស្រី​ឡើង​វិញ​បន្ដិច បើ​ទោះជា​យើង​កំពុង​រស់នៅ​ក្នុង​សង្គម​ដែល​សម្បូរ​សប្បាយ​ក៏​ដោយ ។ នឹក​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨០​ដល់​១៩៩០ ប្រជាជន​ទូទៅ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​គឺ​ពឹង​លើ​ជើង​ទាំង​ពីរ មិន​ថា​ជិត​ឬ​ឆ្ងាយ ដី​ចម្ងាយ​៥​ទៅ​១០​គីឡូម៉ែត្រ រហូត​ដល់​២០​គីឡូម៉ែត្រ ក៏​ដើរ​ដែរ ។ ចំណែក​មធ្យោបាយ​ផ្សេង​ទៀត មាន​រទេះសេះ រទេះគោ តែ​កម្រ​នឹង​បាន​ជិះ​ណាស់ មាន​តែ​ត្រូវ​ឡើង​ផ្សារ​ម្ដងម្កាល​ប៉ុណ្ណោះ ។ ចំណែក​អ្នក​នៅ​ទីប្រជុំជន និង​ទីក្រុង​វិញ គឺ​មាន​កង់ រឺ​ម៉ក​កង់ ស៊ី​ក្លូ រទេះសេះ និង​ទោចក្រយានយន្ដ​ខ្លះ​ដែរ គ្រាន់តែ​មិន​សម្បូរ​បែប​។ លុះដល់​ឆ្នាំ​បន្ដបន្ទាប់​មក ពិសេស​ក្នុង​កំឡុង​ឆ្នាំ​១៩៨៧​ដល់​១៩៩០ ក៏​មានការ​នាំ​ចូល​ម៉ូតូ​ដែល​ភាគច្រើន​គេ​និយម​ហៅ អា​ស្ទាំង អា​គុប អា​សេ​អិ​ល អា​សេ​ដេ និង​អា​សង់​តែម​ភ្លើង ជាដើម ។

គិត​ចាប់ពី​១៩៩០​ដល់​ឆ្នាំ​២០០០ ប្រទេស​ជាតិ​ចាប់ផ្ដើម​រីក​ចម្រើន​ជា​បណ្ដើរ​ៗ បើ​ទោះជា​ក្នុងអំឡុងពេល​នោះ កម្ពុជា​នៅ​បន្ដ​មាន​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​១៩៩៩ ក៏​ដោយ ហើយ​ការ​វិវិត្ត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ ក៏​ចាប់ផ្ដើម​រីក​ចម្រើន​ទៅ​តាម​កម្រិតជីវភាព​ពលរដ្ឋ​ដែរ ដោយ​ក្នុង​នោះ​មាន​នាំ​ចូល​ម៉ូតូ និង​រថយន្ដ​ជជុះ​ស៊េរី​ចាស់​ៗ​ជាដើម ហើយ​ការ​ធ្វើ​ដំណើរ​គឺ​ចាប់ផ្ដើម​ពេញ​និយម​ម៉ូតូឌុប ពិសេស​គឺ​ម៉ូតូ​សង់​កូរ៉េ ។

លុះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១០ ក្រោយ​ពេល​ប្រទេស​មាន​សុខ​សន្ដិភាព​ពេញលេញ សេដ្ឋកិច្ច​កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់ ។ វិនិយោគិន​បរទេស​ចាប់ផ្ដើម​មក​បណ្ដាក់ទុន​រកស៊ី​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​ប្រជាជន​ចាប់ផ្ដើម​មាន​ជីវភាព​ធូរធារ​ឡើង​ៗ តែ​ត្រូវ​រាំងស្ទះ​បន្ដិច​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៧-២០០៨ ដោយសារ​តែ​រង​ឥទ្ធិពល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល ។ ស្រប​ជាមួយ​គ្នា​នោះ មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ចំនួន​ក៏​ហួស​សម័យកាល​ជា​បណ្ដើរ​ៗ ពិសេស​ដូច​ជា កង់​ឌុ​ប ឬ​រ៉ឺ​ម៉ក​កង់​ជាដើម ត្រូវ​រសាត់​បាត់​ពី​កែវភ្នែក​មហាជន​ជា​បន្ដបន្ទាប់ និង​លេច​ចេញ​នូវ​មធ្យោបាយ​ថ្មី​ៗ​តួយ៉ាង​ម៉ូតូ​កង់​បី​ជាដើម ។

ឈាន​ដល់​យុគ្គសម័យ​បច្ចេកវិទ្យា ពិសេស​ចាប់ពី​ឆ្នាំ​២០១០ ដល់​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​បាន​ប្រែប្រួល​យ៉ាង​លឿន ប្រទេស​កម្ពុជា​ត្រូវ​បាន​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ​តោក​យា​ក​ទាំងស្រុង និង​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ដើរ​ឆ្ពោះទៅ​រក​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ទៀត​ថែម ។ ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​ទំនើប ក៏​បាន​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ស៊ី​វិ​ល័យ​ឡើង ហើយ​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​កាន់តែ​ទំនើប​ឡើង​ដែរ ។

បច្ចុប្បន្ន​នេះ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា គេ​និយម​ជិះ​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា ងាយស្រួល​ក្នុង​ការ​ហៅ និង​ការ​ទូទាត់​ក៏​ច្បាស់លាស់​ជាង​តថ្លៃ​នឹង​មាត់​ដែរ ។ ចំណែក​កង់​ឌុ​ប ឬ​រ៉ឺ​ម៉ក​កង់ និង​ស៊ី​ក្លូ ចាប់ផ្ដើម​បាត់បង់​ជា​បណ្ដើរ​ៗ​ទៅ​ហើយ តែបើ​នៅ​មាន ក៏​សម្រាប់​ផ្ដល់​សេវា​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ ។ បើ​ងាក​មក​មើល​នៅ​តាម​គ្រួសារ​ប្រជាពលរដ្ឋ​ទូទៅ​វិញ ផ្ទះ​ណា​ក៏​មាន​ម៉ូតូ និង​រថយន្ដ​ដែរ ។ តើ​ទៅ​ថ្ងៃ​អនាគត មធ្យោបាយ​ធ្វើ​ដំណើរ​នឹង​វិវត្តន៍​ទៅ​ជា​បែប​ណា​ទៀត ខណៈ​បច្ចុប្បន្ន ពិភពលោក​កំពុង​គិតគូរ​ទៅ​ដល់​បច្ចេកវិទ្យា​ស្វ័​យ​បើកបរ​, ការ​ប្រើ​រថយន្ដ​អគ្គិសនី និង​ប្រើ​បច្ចេកវិទ្យា​ដូច​ជា​ដ្រូ​ន​ជាដើម​នោះ ?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ