ខេត្តសៀមរាប ៖ បុរសម្នាក់មកពីញាំការនៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ម៉ោងជាង៤រសៀលនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបជិះម៉ូតូត្រឡប់ចេញទៅផ្ទះនៅសៀមរាបវិញតែម្នាក់ឯង តាមដងផ្លូវជាតិលេខ៦ ដល់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ជនរងគ្រោះដឹងខ្លួនស្រវឹងទៅមុខលែងរួច ក៏ឈប់ម៉ូតូអែបខាងដេក និងចម្រះផ្លូវតែម្តង រហូតដល់ម៉ោង៧យប់ថ្ងៃដដែល ស្រាប់តែមានជនសង្ស័យម្នាក់ដើរសំដៅមករកម៉ូតូជនរងគ្រោះរួចអូសជនរងគ្រោះទំលាក់ហើយជិះម៉ូតូគេចខ្លួន ។
ខណៈពេលនោះបានពលរដ្ឋ និងម្ចាស់ម៉ូតូដឹងខ្លួនឃើញក៏នាំគ្នាដេញតាមបណ្តើរ ប្តឹងប៉ូលិសស្រុកបណ្តើរ បានប្រហែល៤០០ម៉ែត្រ ស្រាប់តែជនសង្ស័យជិះម៉ូតូក្រលេចដុំថ្មក្រឡាច់ដួលខ្លួនឯង បណ្តាលឱ្យរបួសធ្ងន់ទើបប៉ូលិសចាប់ខ្លួនបាន ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មេគង្គក្នុងក្រុងសៀមរាបលុះព្រឹកឡើងថ្ងៃទី១១ ខែកុម្ភៈទើបដឹងខ្លួនរួចនាំយកមកអធិការស្រុកវិញ ដើម្បីសួរនាំ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ហើយបញ្ជូនបន្តទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។
ហេតុការឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះធ្វើឡើងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ លោកវរសេនីយឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានពលរដ្ឋរាយការណ៍មកអធិការស្រុកប្រាសាទបាគងថា មានករណីចោរលួចម៉ូតូរបស់ជនរងគ្រោះកាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១០ ខែកុម្ភៈ នៅចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណៈពេលនោះលោកបានបញ្ជាឱ្យកម្លាំងរបស់អធិការស្រុក និងប្រជាការពារភូមិដេញតាមរហូតចាប់បានភ្លាមៗផងដែរ ។
លោកបានបន្តថា ជនសង្ស័យមានឈ្មោះ ឆេង ស្រស់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុង- ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះឈ្មោះ ជាក់ ចិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោកបានបញ្ជាក់បន្ថែមថា រឿងហេតុដំបូងគឺ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ ឈ្មោះ ជាក់ ចិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានជិះម៉ូតូម៉ាក ស៊ូម ម័រ សេរីឆ្នាំ២០០៦ ពណ៌ស ពាក់ស្លាកលេខសៀមរាប 1Y- 3981 មកពីហូបការមិត្តភក្តិ នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតដល់ម៉ោងប្រហែល៤ជាងនាថ្ងៃដដែលទើបជិះម៉ូតូត្រឡប់ទៅផ្ទះនៅសៀមរាបវិញតែម្នាក់ឯងតាមដងផ្លូវជាតិលេខ៦មកដល់ចំណុចភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនរងគ្រោះដឹងខ្លួនថា ស្រវឹងទៅមុខពុំរួចក៏ឈប់ម៉ូតូដេកអែប និងចម្រះផ្លូវតែម្តង ។
លោកបានបន្តទៀតថា លុះដលម៉ោង១៩និង០០នាទីយប់ ថ្ងៃដដែលស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពអូសជនរងគ្រោះទម្លាក់ រួចយកម៉ូតូជិះមកសំដៅទៅទិសខាងលិច ពេលនោះម្ចាស់ និងប្រជាពលបានឃើញទាន់ក៏បានរាយការណ៍ឱ្យសមត្ថកិច្ចយើងភ្លាមៗខណៈពេលនោះកម្លាំងក៏បានជិះម៉ូតូដេញតាមជនសង្ស័យដែលជិះគេចមកទិសខាងលិចបានប្រហែល៤០០ម៉ែត្រក៏ក្រឡាច់ដួលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ហើយកម្លាំងនគរបាលយើងបានបញ្ជូនទៅមន្ទីរពេទ្យមេគង្គក្នុងក្រុងសៀមរាប ។
លោកបានបញ្ជាក់ទៀតថា លុះដល់ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នោះជនសង្ស័យក៏ដឹងខ្លួន ហើយកម្លាំងក៏នាំយកមកសួរនៅអធិការស្រុកប្រាសាទបាគង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តចាត់ការទៅតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត ។ ចំណែកវត្ថុតាងម៉ូតូម៉ាកស៊ូមម័រ១គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញរួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ