ខេត្តពោធិ៍សាត់៖ វត្តស្ដេចពពេច ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ដែលប្រើពេលសាងសង់អស់រយៈពេលជាង១២ឆ្នាំកន្លងមកនេះ បានធ្វើពិធីបញ្ចុះខ័ណ្ឌសីមាសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងលោកជំទាវ។
លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញបានរៀបរាប់ពីប្រវត្តិវត្តដោយបញ្ជាក់ថា វត្តស្ដេចពពេចនេះកើតឡើងក្នុងឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលកាលនោះទីនេះជាជម្រកសត្វពពេចទើបដាក់ឈ្មោះថា វត្តស្ដេចពពេចតែម្ដង។
វត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីដោយពួកប៉ុលពតដូចវត្តដទៃទៀតដែរ ប៉ុន្តែនៅឆ្នាំ១៩៨៧ អាជ្ញាធរមូលដ្ឋានរួមជាមួយចាស់ព្រឹទ្ធាចារ្យរស់នៅភូមិក្របៅជ្រុំ បានមូលមតិគ្នារៀបចំឡើងវិញ រហូតមកដល់ពេលនេះមានព្រះចៅអធិការគ្រប់គ្រងចំនួន១៤អង្គមកហើយ។
ព្រះវិហារដែលធ្វើពិធីសម្ពោធនាថ្ងៃនេះចាប់ផ្ដើមកសាងកាលពីឆ្នាំ២០០៦ មកដល់ពេលនេះមានរយៈពេលជាង១២ឆ្នាំទើបរួចរាល់ជាស្ថាពរ ដែលមានបណ្ដោយ២៤,៦០ម និងទទឹង១៥,៦០ម ដោយចំណាយអស់ថវិការសរុប១៨៩.១៥០ដុល្លារសហរដ្ឋអាមេរិក។ អ្នកចូលរួមកសាងមានដូចជា លោករដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ ប្រគេនស៊ីម៉ងត៍ចំនួន១៣តោន, លោក ទី នរិន្ទ និងលោកជំទាវ ប្រគេនបច្ច័យចំនួន៣០០០ដុល្លារ ,លោក ប៊ុន សេង និងលោកជំទាវ ប្រគេនបច្ច័យចំនួន២៨.៣៨៥ដុល្លារ, ព្រះសង្ឃធិបតីសិរីបញ្ញោ ថុន សុផុន នៅសហរដ្ឋអាមេរិក បច្ច័យចំនួន២៣.០០០ដុល្លារ, ព្រះភិក្ខុ សូ ប៉ាង គង់នៅភ្នំពេញ បច្ច័យចំនួន១៤.៥០០ដុល្លារ, ព្រះភិក្ខុ មី ថៃ ព្រះគ្រូចៅអធិការវត្តស្ដេចពពេច បច្ច័យចំនួន២១.១០០ដុល្លារ, លោកស្រី ស៊ី នឿន និងក្រុមគ្រួសារនៅខេត្តបាត់ដំបង ប្រគេនបច្ច័យចំនួន៤២.៣៣៨ដុល្លារ, លោកស្រី ស៊ានផេង សុជាតា និងក្រុមគ្រួសារនៅភ្នំពេញ ប្រគេនបច្ច័យចំនួន២២.១០០ដុល្លារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានកោតសសើរចំពោះព្រះចៅអធិការវត្តជាបន្តបន្ទាប់ ដែលបានកៀងគររកសប្បុរសជនមកចូលរួមកសាងសមិទ្ធផលក្នុងវត្តបានជាច្រើន ពិសេសព្រះវិហារដែលធ្វើពិធីសម្ពោធនៅថ្ងៃនេះស្រាប់។ ការកសាងព្រះវិហារ ឬសាលាឆាន់ត្រូវការប្រើពេលវេលាយូរអង្វែង ព្រោះយើងត្រូវការចូលរួមពីសប្បុរសជននិងពុទ្ធបរិស័ទ្ធគ្រប់ទិសទី ។
ព្រះវិហារនេះនឹងបានជាទីសក្ការៈសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ យើងតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា បន្តដល់កូនចៅជំនាន់ក្រោយៗទៀត ។ យើងត្រូវរួមគ្នាថែរក្សា ពិសេសកុំឲ្យសត្វប្រចៀវចូលរស់នៅក្នុងដំបូលនាំឲ្យមានលាមកនិងទឹកនោមរបស់វា បណ្តាលឱ្យពុកបាក់បង្កការខូចខាតនិងគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ បានចូលរួមទិសសីមារំកិលនូវចូលបច្ច័យចំនួន៦០ម៉ឺនរៀល និងទិសទាំង៨ ក្នុងមួយទិសចំនួន៤០ម៉ឺនរៀល។ ប្រគេនស៊ីម៉ង់ត៍១០តោនចូលរួមកសាងសាលាឆាន់វត្តសូតិយា, ស៊ីម៉ង់ត៍១០តោនចូលរួមកសាងវត្តផ្ដៅរី និងស៊ីម៉ង់ត៍២០តោន ដែក២តោន ចូលរួមកសាងសាលាឆាន់វត្តបាក់ចិញ្ចៀន ។ ដោយឡែកលោកតា លោកយាយចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកាចំនួន២០.០០០រៀលផងដែរ៕
ចែករំលែកព័តមាននេះ