រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 41th General Border Committee Meeting GBC)នៅសណ្ឋាគារដែនស៊ីតធី រាជធានីភ្នំពេញ ពីថ្ងៃទី១៣ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។
កិច្ចប្រជុំរយៈពេល២ថ្ងៃនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងលោកប្រាវីត វង្សសុវណ្ណឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ ។
ក្រសួងការពារជាតិបានលើកឡើងថា ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា- ថៃមួយត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវនគ្នាយ៉ាងទៀងទាត់រាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំលើកទី១៤ ។
ក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កិច្ចប្រជុំលើកទី១៤ ក៏ដូចកិច្ចប្រជុំដូចមុនៗដែរភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សារបស់ខ្លួន ដោយថ្តោតសំខាន់ទៅលើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្កើតទំនាក់ទំនងល្អនៃប្រទេសទាំងពីរកម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមព្រំដែននៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅតាមបណ្តោយព្រំដែនរួមនៃប្រទេសជិតខាងទាំងពីរ ដើម្បីធានាឲ្យបាននូវសេចក្តីសុខក្សេមសាន្ត និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ