នៅពេលណាមួយក្នុងជីវិត អ្នកអាចនឹងគិតដល់ការលាឈប់ពីការងារដែលខ្លួនកំពុងធ្វើរាល់ថ្ងៃ ដើម្បីទៅរកស៊ី បើកជាមុខជំនួញមួយដោយខ្លួនឯង ដែលវាអាចជាហាងលក់ខោអាវ ហាងលក់អីវ៉ាន់ ក្រុមកីឡា ឬក៏បង្កើតជាបទចម្រៀងដោយខ្លួនឯងជាដើម ។ ពេលដែលអ្នកគិតដល់រឿងនេះជាងគេ អាចថាជាពេលអ្នកធុញទ្រាន់នឹងកន្លែងការងារហើយ ពិសេសគឺបរិស្ថានការងារមិនល្អតែម្ដង ។
តាមគេហទំព័រ Alux ប្រសិនបើអ្នកមានគំនិតអីចឹងមែន អ្នកគួរតែដឹងច្បាស់សិនពីចំណុចខ្លះៗ មុនពេលសម្រេចចិត្តលះបង់ការងារទៅចាប់យកមុខជំនួញ ដែលវាមាន៥ចំណុចដូចខាងក្រោម ៖
១. ប្រហែលជាការងារធ្វើរាល់ថ្ងៃមិនល្អ ៖ តើអ្នកច្បាស់ទេថាអ្នកពិតជាចង់បើកការរកស៊ីមែន ? ឬក៏គ្រាន់តែចង់ឈប់ពីការងារមួយនេះទេ ? អ្នកត្រូវសួរខ្លួនឯងឱ្យច្បាស់។ មានបុគ្គលិកមិនតិចទេ ដែលគិតថាចង់ក្លាយទៅជាសហគ្រិនក្នុងមុខជំនួញ។ តែតាមការពិត ពួកគេគ្រាន់តែចង់ឈប់ពីកន្លែងការងាររបស់ខ្លួន ព្រោះធុញទ្រាន់នឹងវា។ បើដូចនេះមែន អ្នកត្រូវគិតឡើងវិញពីមូលហេតុ ដែលធ្វើឱ្យអ្នកចាប់ផ្តើមធ្វើការងារមួយនេះពីដំបូង ។
២. បាត់បង់មិត្តរួមការងារ ៖ តើអ្នកច្បាស់ទេថា ការងាររបស់អ្នកពិតជាគួរឱ្យធុញទ្រាន់? ប្រសិនបើអ្នកឈប់ពីវា ហើយទៅបើកអាជីវកម្មខ្លួនឯង អ្នកនឹងក្លាយទៅជាថៅកែ។ ការធ្វើជាថៅកែ មិនអាចឱ្យអ្នកមានមិត្តរួមការងារទៅញ៉ាំបាយជាមួយ ឬអង្គុយនិយាយដើមមេដូចមុននោះទេ ព្រោះតែអ្នកខ្លួនឯងផ្ទាល់គឺជាអ្នកត្រូវគេនិយាយដើមវិញ ។
៣. ទទួលបន្ទុកទាំងស្រុង ៖ កាលអ្នកជាបុគ្គលិក អ្នកគ្រាន់តែធ្វើអ្វីតាមគេបញ្ជានោះទេ ។ គេតែងមានច្បាប់ និង គម្រោងឱ្យអ្នកអនុវត្តទៅតាមមុខតំណែងរបស់ខ្លួន ។ នៅពេលអ្នកធ្វើខុស អ្នកនឹងមានអ្នកផ្សេងចាំប្រាប់ ឬស្តីឱ្យតិចតួច ហើយការខាតបង់គឺជាការខាតបង់របស់ថៅកែ។ តែវាមិនដូចគ្នាទេ នៅពេលអ្នកក្លាយជាថៅកែខ្លួនឯង ការសម្រេចចិត្តរបស់អ្នក គឺជាការកំណត់វាសនារបស់ក្រុមហ៊ុនមួយទាំងមូល។
៤. មានវិន័យផ្ទាល់ខ្លួនច្បាស់លាស់ ៖ នៅពេលអ្នកគឺជាបុគ្គលិកគេ អ្នកមានគេនៅចាំមើលពីលើ ។ ប្រសិនបើអ្នកមកយឺត គេនឹងស្តីឱ្យ តែនៅពេលអ្នកក្លាយជាថៅកែ គឺគ្មាននរណាស្តីឱ្យទេ ព្រោះមិនមែននរណាធំជាងអ្នកទេនៅក្នុងមុខជំនួញ។ ដូចនេះ អ្នកត្រូវតែចេះកំណត់វិន័យសម្រាប់ខ្លួនឯងឲ្យច្បាស់ ។
៥. រកដើមទុន ៖ អ្នកមិនអាចបើកមុខរបរដោយគ្មានដើមទុនបានទេ។ អ្នកត្រូវការវាដើម្បីចាប់ផ្តើមអ្វីៗ ដែលអ្នកចង់ធ្វើ។ វាអាចមិនមែនជាលុយរបស់អ្នកផ្ទាល់ តែអ្នកត្រូវដឹងពីរបៀបបង្កើតវា។ តើអ្នកហ៊ានទេ ក្នុងការប្រថុយនឹងការខាតបង់? វាមិនដូចជាការចាំថ្ងៃគេបើកប្រាក់ខែឱ្យទេ។
គួរបញ្ជាក់ផងដែរថា ចំណុចទាំង៥ខាងលើនេះ មិនមែនជាការបង្អាក់ទឹកចិត្តរបស់អ្នកមិនឱ្យចាប់ផ្តើមការរកស៊ីនោះទេ។ វាគ្រាន់តែជាចំណុចខ្លះៗ សម្រាប់ឱ្យអ្នកគិតដល់ ដើម្បីចៀសវាងការសម្រេចចិត្តខុស ៕
ចែករំលែកព័តមាននេះ