ទីក្រុងបាងកក ៖ រដ្ឋាភិបាលថៃបានសន្យានឹងចុះឈ្មោះចូលជាសមាជិកកិច្ចព្រមព្រៀងស៊ីជម្រៅ និងភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកក ប៉ុស្ដិ៍ កាលពីថ្ងៃទី៩ កុម្ភៈ បានឲ្យដឹងថា លោកឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak បានបញ្ជាដល់ក្រសួងពាណិជ្ជកម្មឲ្យផ្ញើពាក្យសុំធ្វើជាសមាជិកកិច្ចព្រមព្រៀង CPTPP ខណៈដែលរដ្ឋាភិបាលនៅកាន់អំណាច ។
ការបញ្ជានេះបានធ្វើឡើងកាលពីថ្ងៃទី៨ កុម្ភៈ ខណៈដែលលោកបានធ្វើដំណើរទៅកាន់ក្រសួងដើម្បីពិភាក្សាពីបញ្ហានេះជាមួយនឹងមន្ត្រីថ្នាក់ខ្ពស់ ។ គ្រានោះ លោកបានបញ្ជាឲ្យអ្នកចរចាពាណិជ្ជកម្មឲ្យខិតខំសម្រេចកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម RCEP ក្នុងឆ្នាំនេះផងដែរ ។
លោក Somkid បាននិយាយថា ៖« គោលជំហរច្បាស់លាស់របស់រដ្ឋាភិបាលទាក់ទិននឹង CPTPP និង RCEP នឹងជួយជំរុញដល់ស្ថានការណ៍៍ពាណិជ្ជកម្ម និងការវិនិយោគ »។
លោកស្រី Chutima Bunyapraphasara រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទីប្រចាំប្រទេសថៃបាននិយាយថា ក្រសួងនឹងមានកិច្ចប្រជុំជាមួយនឹងក្រុមការងារដែលធ្វើការលើ CPTPP ក្នុងខែនេះដើម្បីពិចារណាលើការសិក្សាពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងថ្មី ។
នៅខែមីនា ក្រសួងនឹងរៀបចំផ្ញើសំណើទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីសម្រេចថាប្រទេសថៃគួរតែចូលរួមក្នុងកិច្ចព្រមព្រៀង CPTPPឬទេ ។ ពេលដែលសំណើត្រូវបានការអនុញ្ញាតឲ្យនោះ សំណផ្លូវការនឹងត្រូវបានផ្ញើចេញ ។
កាលពីឆ្នាំ២០១៨ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករបស់ប្រទេសថៃជាមួយនឹងប្រទេសទាំង១១ដែលជាសមាជិក CPTPP ស្មើ ១៤៨,៧ប៊ីលានដុល្លារ ដែលប្រទេសថៃនាំចេញបាន៧៧ប៊ីលានដុល្លារ ឬស្មើ៣០,៥%នៃការនាំចេញសរុបរបស់ប្រទេសថៃ។ ប្រទេសថៃមានអតិរេកពាណិជ្ជកម្មប្រមាណ៥,៣ប៊ីលានដុល្លារជាមួយនឹងសមាជិកទាំង១១ផងដែរកាលពីឆ្នាំមុន។
អ្នកស្រី Chutima បាននិយាយថា រដ្ឋាភិបាលព្រួយបារម្ភពីបញ្ហាមួយចំនួនដូចជាការការពាររោងកច្រប្រភេទថ្មី និងការការពារកម្មសិទ្ធិបញ្ញាជាដើម ។ យ៉ាងណាក្តី រដ្ឋាភិបាលបានសន្យាថានឹងចេញវិធានការសាកសមសម្រាប់ភាគីចូលរួមដែលទទួលរងការប៉ះពាល់ពីការសម្រេចចិត្តរបស់ប្រទេសថៃក្នុងការចូលជាសមាជិករបស់ CPTPP ៕
ចែករំលែកព័តមាននេះ