ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ពុះ​ដី​ឡូត៍​តាម​ផ្លូវជាតិ​លេខ​2​ចាប់ផ្ដើម​កក្រើក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​២ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស និង​ត្រៀម​បើក​ការដ្ឋាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សកម្មភាព​ពុះ​ដី​ឡូត៍​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ចាប់ផ្ដើម​កក្រើក​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គម្រោង​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​២ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស និង​ត្រៀម​បើក​ការដ្ឋាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សកម្មភាព​ពុះ​ដី​ឡូត៍​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ចាប់ផ្ដើម​កក្រើក​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ មើលឃើញ​ថា តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ នឹង​នៅ​តែ​បន្ត​កើនឡើង ដោយសារ​បច្ចុប្បន្ន​សន្ទុះ​នៃ​តម្លៃ​នៅ​ទាប​នៅឡើយ ខណៈ​គម្រោង​អភិវឌ្ឍន៍​នានា​កំពុង​ងាក​ទៅ​កាន់​តំបន់​នោះ​ជា​បណ្ដើរ​ៗ ។

អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា និង​ជានា​យក​ក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វី​រៈ បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ពុះ​ដី​ឡូត៍​លក់​នេះ​មក​ពី​អ្នក​អភិវឌ្ឍន៍​មើលឃើញ​ឱកាស​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ធំ​ៗ ឬ​គម្រោង​របស់​រាជរដ្ឋាភិបាល បូក​រួម​ជាមួយ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​នោះ​ហាក់​នៅ​ធូរ​ថ្លៃ​នៅឡើយ ។

លោក​បញ្ជាក់​ថា ៖« ជា​ទូទៅ កាលណា​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​អ្វីមួយ​គ្រោង​នឹង​កើតឡើង តម្លៃ​ដីធ្លី​វា​ឡើងថ្លៃ​មួយ​កម្រិត ហើយ​កាលណា​គម្រោង​នោះ​ចាប់ផ្តើម​ដំណើរការ​សាងសង់ តម្លៃ​ដី​វា​នឹង​ឡើងថ្លៃ​ទៀត ។ លើស​ពី​នេះ នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​សាងសង់​រួចរាល់ អាច​ដំណើរការ​បាន នោះ​តម្លៃ​អចលនវត្ថុ​នឹង​ឡើងថ្លៃ​ថែម​ទៀត​។ នេះ​បើ​តាម​បទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​ជួប​កន្លង​មក ដូច​ជា នៅ​តាម​ផ្លូវជាតិ​លេខ​៦​អា លេខ​៥ និង​ផ្លូវជាតិ​លេខ​៤​ជាដើម »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ នាយិការ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​មាន​ប្រសាសន៍​កាលពី​ចុង​ខែមករា​ថា តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ បច្ចុប្បន្ន​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី និង​តំបន់ តែបើ​គិត​ពី​តំបន់​ក្រុង​តា​ខ្មៅ រហូត​ដល់​ព្រែក​ហូរ តម្លៃ​ដី​បាន​កើនឡើង​ចន្លោះ​ពី​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តែ​យ៉ា​ណា វា​មិន​ឡើងថ្លៃ​ខ្លាំង​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។
អ្នក​នាង​បន្ត​ថា តម្លៃ​ដី​នៅ​តំបន់​នេះ បើ​គិត​ពី​ផ្លូវបំបែក​ពី​ផ្លូវ​៦០​ម៉ែត្រ ឡើងថ្លៃ​ពី​១០០​ទៅ​៣០០​ដុល្លារ ក្នុង​១​ម៉ែ​ត្រក​កា​រ៉េ រហូត​ដល់​ផ្លូវ​បំបែកលេខ​២០ ត្រង់​រង្វង់​មូល​កួរស្រូវ ពោល​គឺ​ឡើង ទ្វេ​ង​ដង​បើ​ធៀប​នឹង​២​ឆ្នាំ​មុន ដោយសារ​មាន​កត្តា​ជា​ច្រើន ដូច​ជា​ជា​តំបន់​សាងសង់​លំនៅ​ឋាន តំបន់​ជាយក្រុង​ងាយស្រួល​ក្នុង​ធ្វើ​ដំណើរ​ចូល​ក្រុង និង​ពាណិជ្ជកម្ម​ផ្សេង​ៗ ។

អ្នក​នាង​បន្ត​ថា បើ​គិត​ពី​រង្វង់​មូល​កួរស្រូវ ចូល ស្រុក​កណ្តាលស្ទឹង តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ មិន​ឡើងថ្លៃ​ប៉ុន្មាន​ទេ គឺ​មាន​តម្លៃ​ចន្លោះ​ពី​៨០​ទៅ​១០០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​ម៉ែត្រការ៉េ ។ ចំណែក​លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co., Ltd. បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​មាន​សន្ទុះ​ម្តង​ហើយ​កាលពី​មាន​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ និង​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ការ​បើករ​ដ្ឋា​ន​ពង្រីក​ផ្លូវ តែ​យ៉ាងណា​ក៏​ផ្លូវ​នេះ​នៅ​មាន​សក្តានុពល​សេដ្ឋកិច្ច រោងចក្រ និង​ត​ភ្ជាប់​ទៅ​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ឆ្ពោះ​រហូត​ទៅ​ដល់​ព្រំដែន​វៀតណាម​ជាដើម ។

លោក​បន្ត​ថា ៖« តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​កើនឡើង​២​ទៅ​៣​ដង គ្រាន់តែ​នៅ​ដី​ម្តុំ​រង្វង់​កួរស្រូវ បាន​កើនឡើង​ពី​ចន្លោះ​១០០​ទៅ​២៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ព្រោះ​វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​។ កាលណា​មានការ​អភិវឌ្ឍន៍ តម្រូវការ​ដី​យក​ទៅ​ប្រើប្រាស់ ក៏​ធ្វើ​ឲ្យ​តម្លៃ​ដី​កាន់តែ​កើនឡើង​ផង​ដែរ »​។ ផ្លូវជាតិ​លេខ​២​នេះ នឹង​ត្រូវ​ចាប់ផ្តើម​ជួសជុល និង​ពង្រីក​ជា​ថ្មី​ន​នៅ​ពេល​ឆាប់​ៗ​នេះ ព្រោះ​វា​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ខាន់​របស់​កម្ពុជា ដោយ​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៣ និង​ជា​ពិសេស​ត​ភ្ជាប់​ផ្លូវ​៦០​ម៉ែត្រ និង​ផ្លូវ​លេខ​២០ ឆ្ពោះ​មក​កាន់​ទីក្រុង ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ចំណាយពេល​តិច ។

គម្រោង​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​២ ខណៈ​ពេល​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិនិត្យ​ធ្វើការ​ដេញថ្លៃ​ទៅ​លើ​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២ ។

លោក វ៉ា​ស៊ឹ​ម សុរិយា មាន​ប្រសាសន៍​ថា ៖« បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ជាប់កិច្ចសន្យា​ហើយ ក្រសួង​ទុក​ពេល​យ៉ាង​យូរ​១​ខែ ហើយ​គ្រា​បន្ទាប់​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​តែ​ម្ដង »​។ លោក​បញ្ជាក់​ថា ៖« គម្រោង​ផ្លូវ​នេះ​មានការ​កំណត់​ដោយ​សាងសង់​៤​គន្លង​(២​ទៅ ២​មក​) អាច​ចេញពី​តា​ខ្មៅ​ឬ​ចាប់ពី​ផ្លូវ​៦០​ម៉ែត្រ​ទៅ​ដល់​រង្វង់​មូល​កួរស្រូវ និង​២​គន្លង ចាប់ពី​រង្វង់​មូល​កួរស្រូវ​រហូត​ដល់​ផ្លូវ​រង្វង់​មូល​បំបែក​ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ