រាជធានីភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបានបញ្ជូនបវរកញ្ញារបស់ខ្លួនចេញទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ។ បវរកញ្ញាទាំងអស់នោះបានបង្ហាញនូវភាពជឿជាក់ និងមោទនភាពជាតិខ្មែរទៅកាន់ពិភពលោកឲ្យបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការចូលរួមរបស់ពួកនាង ។
បវរកញ្ញាកម្ពុជាដែលធ្លាប់ចូលរួមប្រកួតប្រជែងបវរកញ្ញាពិភពលោកកន្លងមក៖ ១.កញ្ញាយស ប៉ូលីណា បវរកញ្ញា Miss Global Cambodia ក្នុងឆ្នាំ២០១៧ ។ ២.កញ្ញាប៊ី សុធារី បវរកញ្ញាMiss Universe Cambodia ឆ្នាំ ២០១៧ ។ ៣.កញ្ញារឿន ណាត បវរកញ្ញា Miss Universe Cambodia ឆ្នាំ ២០១៨ ។ ៤.កញ្ញាឌី លីកា បវរកញ្ញា Miss Grand Cambodia ឆ្នាំ២០១៨ ។ ៥.កញ្ញាកែវ សេងលីហួរ បវរកញ្ញា Miss Earth ឆ្នាំ២០១៨ ។ ៦. កញ្ញាហង្ស សូរិយ៉ាន់ បវរកញ្ញា Miss Global Cambodia ឆ្នាំ២០១៩ ។
បើទោះបីជាស្រីស្អាតទាំងនោះមិនបានឈ្នះពានរង្វាន់ណាមួយពីការប្រកួតលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែនៅពេលត្រឡប់មកកាន់មាតុប្រទេសវិញនោះ ពួកនាងបានទទួលការងារលើផ្នែកសិល្បៈ និងភាពល្បីឈ្មោះ។ ជាក់ស្តែងក្រោយពីចប់បេសកកម្មជាតំណាងបវរកញ្ញាផែនដីកម្ពុជាឆ្នាំ ២០១៨ នៃការប្រកួតបវរកញ្ញាផែនដីពិភពលោកឆ្នាំ២០១៨ មកនោះ កញ្ញា កែវ សេងលីហួរ ដែលទើបតែវ័យ១៩ឆ្នាំរាងខ្ពស់ស្រឡះ១,៧៥ម៉ែត្រជាកូនចៅអ្នកភ្នំពេញនោះ សព្វថ្ងៃមានការងារមិនសូវដាច់នៅក្នុងវិស័យបង្ហាញម៉ូដ ការថតស្ប៉តនានា ឬកុនអប់រំខ្លីៗ និងថតដាក់ទស្សនាវដ្តី ផ្សេងៗ ។
ក្រៅពីនេះកែវ សេងលីហួរ នៅតែមានភារកិច្ចបំពេញការងារបវរកញ្ញាផែនដីឆ្នាំ ២០១៨ ដូចមុនគឺចូលរួមសកម្មភាពសង្គមសប្បុរសធម៌ ឬបរិស្ថានជាដើម ។
ចំណែកកញ្ញារឿន ណាត ក៏កំពុងតែត្រូវប៉ាន់នឹងអាជីពថ្មីជាតារាសម្តែងភាពយន្តយ៉ាងរដឹកជាប់គ្នាផងដែរ។ ថ្មីៗនេះនាងបានបង្ហាញវត្តមានសម្តែងនៅក្នុងវីដេអូអប់រំខ្លីមួយដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ លើសពីនេះកំពុងត្រៀមខ្លួនថតខ្សែភាពយន្ត ថ្មីៗបន្ថែមទៀតផងដែរ។
កញ្ញារឿន ណាត បច្ចុប្បន្នវ័យ២៣ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម បានគ្រងឈុតតំណាងជាតិឈ្មោះ«កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» ជាមួយនឹងគ្រឿងអលង្ការ ផ្សេងៗដើរបង្ហាញលើឆាកអន្ដរជាតិនៃកម្មវិធីប្រកួត Miss Universe 2018 កន្លងមកនៅប្រទេសថៃដោយមានចំនួន៩៥ប្រទេសចូលរួម។
Miss Global កម្ពុជាឆ្នាំ២០១៧ កញ្ញា យស ប៉ូលីណា បន្ទាប់ពីបញ្ចប់បេសកម្មនៃការប្រកួតប្រជែងលើឆាកអន្តរជាតិភ្លាម នាងក៏បានចូលរួមថតរឿងខ្លីមួយ ដែលនិយាយពីជីវិតរបស់ក្មេងស្រីម្នាក់បាត់បង់ភាពកក់ក្តៅក្នុងគ្រួសារ ហើយនាងបានបង្កបញ្ហារហូតត្រូវរដ្ឋបាលសហរដ្ឋអាមេរិកបណ្តេញចេញ ឱ្យត្រលប់មកកម្ពុជាវិញ ។ យ៉ាងណាក៏ដោយបវរកញ្ញាឯកកម្ពុជា កូនកាត់អាមេរិករូបនេះបានធ្វើដំណើរទៅកាន់ទឹកដីអាមេរិកវិញអំឡុងខែឧសភា ឆ្នាំ២០១៨ ខណៈពេលដែលនាងបញ្ជាក់ដែរថានឹងវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ ព្រោះតែនាងមានកិច្ចការងារមួយចំនួនដែលត្រូវបំពេញ ។
កញ្ញាប៊ី សុធារី គឺជាបេក្ខនារីខ្មែរទី១ក្នុងនាមជាអ្នកតំណាងឲ្យប្រទេសកម្ពុជាផ្នែកប្រកួតសម្រស់លំដាប់ពិភពលោក ដោយនាងជាប់ជាបេក្ខនារីមានសិទ្ធិប្រកួតក្នុងកម្មវិធី Miss Universe 2017 ខណៈកម្ពុជាមិនបានចូលរួមរយៈពេល៦៥ឆ្នាំមកហើយ ។
បន្ទាប់ពីបញ្ចប់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនោះរួចមក កញ្ញាប៊ី សុធារី ក៏មានទីផ្សារល្អមិនសូវចាញ់កញ្ញារឿន ណាត កញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០១៨ប៉ុន្មាននោះទេ ។ បច្ចុប្បន្ននេះកញ្ញាប៊ី សុធារី មមាញឹកខ្លាំងនឹងការងាររបស់ខ្លួន ដោយនាងបានក្លាយជាគ្រូបង្វឹកផ្នែកម៉ូដែលប្រចាំ Arise Agency ហើយនាងក៏រវល់ខ្លាំងនឹងការថតផ្នែកសម្អាងការដែរ ។ មិនតែប៉ុណ្ណោះសុធារី ក៏កំពុងតែអភិវឌ្ឍខ្លួនលើអាជីពជាពិធីការិនីរបស់ទូរទស្សន៍ទៀតផង ។
កញ្ញាឌី លីកា ធ្លាប់បានទទួលពានរង្វាន់មួយនៅក្នុងកម្មវិធីMiss Grand International ឆ្នាំ២០១៨ ដែលមានឈ្មោះថា Grand Pageant’s Choice Award (Unofficial Award) ដែលជាពានឈ្នះពីការបោះឆ្នោតពីមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាម ។ យ៉ាងណាក៏ដោយបន្ទាប់ពីការប្រកួតប្រជែងចប់ គេនៅមិនទាន់ឃើញមានសកម្មភាពក្នុងសង្គមសិល្បៈរបស់នាងណាមួយគួឲ្យកត់សម្គាល់ឡើយ ខណៈពេលដែលបច្ចុប្បន្ននាងគឺជាអ្នកបង្ហាញម៉ូឌប្រចាំក្រុមហ៊ុន BKA Entertainment។
កញ្ញាហង្ស សូរីយ៉ាន់ អតីតបេក្ខភាព Cambodia’s Next Top Model ចំណាត់ថ្នាក់លេខ៤ និងជាតារាម៉ូដែលកំពុងល្បីល្បាញ ត្រូវបានជ្រើសរើសជាតំណាងបរកញ្ញា Miss Global Cambodia ដែលនឹងចូលរួមកម្មវិធីប្រកួតសម្រស់នេះនៅប្រទេសហ្វីលីពីន នាដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ កញ្ញាហង្ស សូរីយ៉ាន់ បានចេញដំណើរពីប្រទេសកម្ពុជា ទៅប្រកួតពានរង្វាន់ Miss Global ២០១៨ ដែលប្រព្រឹត្តទៅនៅប្រទេសហ៊្វីលីពីន កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ដែលមានការចូលរួមច្រើនជាង៦០ប្រទេស ៕
ចែករំលែកព័តមាននេះ