ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​កោះន​រា ក្នុង ខណ្ឌ​ច្បារ​អំពៅ នឹង ក្លាយជា​ទីក្រុង​រណប​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​OCIC បាន​អះអាង​ថា ក្រុមហ៊ុន​ពិតជា​នឹង​សាងសង់​គម្រោង​ទីក្រុង​រណប​ថ្មី​មួយ ស្ថិត​នៅ​តាម​ដង​ទន្លេ ដោយ​ចាក​ចេញពី​តំបន់​កោះន​រា ទៅ​កាន់​ស្រុក​កៀនស្វាយក្នុង​ខេត្តកណ្តាល​ពិតមែន ។ អគ្គនាយករង​ក្រុមហ៊ុន​OCIC…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​OCIC បាន​អះអាង​ថា ក្រុមហ៊ុន​ពិតជា​នឹង​សាងសង់​គម្រោង​ទីក្រុង​រណប​ថ្មី​មួយ ស្ថិត​នៅ​តាម​ដង​ទន្លេ ដោយ​ចាក​ចេញពី​តំបន់​កោះន​រា ទៅ​កាន់​ស្រុក​កៀនស្វាយក្នុង​ខេត្តកណ្តាល​ពិតមែន ។

អគ្គនាយករង​ក្រុមហ៊ុន​OCIC លោក​ទូច សំណាង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ម្សិលមិញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​និ​តិ​វិធី​ច្បាប់ ដើម្បី​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​លើ​គម្រោង​អភិវឌ្ឍន៍​នេះ​។ ទោះជា​យ៉ាងណា​លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​លើ​គម្រោង​នេះ​ចំនួន​ប៉ុន្មាន និង​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ណា​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖« អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​នា​ពេល​នេះ គឺថា​គម្រោង​នេះ​ពិតជា​ធ្វើ​នា​ពេល​ខាង​មុខ ហើយ​ទំហំ​ផ្ទៃដី​នៃ​ទីក្រុង​ថ្មី​នេះ​មាន​ទំហំ​ជាង​១០០​ហិ​កតា »​។ លោក​ថា ៖« គម្រោង​នេះ​នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ដូច​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ »​។ គម្រោង​ទីក្រុង​រណប​ថ្មី​នេះ នឹង​ត្រូវ​ចាក់​ខ្សាច់​បំពេញ​នៅ​តាម​ជួរ​មាត់ទន្លេ​ចាប់ពី​តំបន់​កោះន​រា អូស​ស្រប​តាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

អ្នក​នាំពា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​សេង ឡូត បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បានឃើញ​ឯកសារ​ដាក់​សំណើ​ពី​ក្រុមហ៊ុន​មក​នៅឡើយ​ទេ ប៉ុន្តែ​លោក​អះអាង​ថា សម័យ​បច្ចេកវិទ្យា​រីក​ចម្រើន​បែប​នេះ ការ​សាងសង់​ទីក្រុង​នៅ​តាម​មាត់ទន្លេ​មិន​មាន​អ្វី​ដែល​ធ្វើ​មិន​បាន​នោះ​ទេ សូ​ម្បី​តែ​ភ្នំ​គេ​អាច​ចោះ​ដើម្បី​ធ្វើ​ផ្លូវ​ឆ្លងកាត់​បាន​ដែរ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព​ប្រទេស​មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​មាន​ភាពល្អ​ប្រសើរ ការ​កសាង​ទីក្រុង​ថ្មី​បែប​នេះ​ជា​រឿង​ធម្មតា ហើយ​ការ​កសាង​ទីក្រុង​ថ្មី​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនវត្ថុ​នៅ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​ថែម​ទៀត​។ លោក​បន្ត​ថា ៖« ការ​កសាង​ទីក្រុង​រណប​បែប​នេះ នឹង​ជួយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កាន់តែ​ប្រសើរ​ឡើង ពិសេស​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​មាន​ភាព​រស់​រវើក និង​ស៊ី​វិ​ល័យ »​។

បច្ចុប្បន្ន គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ៗ​ជា​ច្រើន​បាន​និង​កំពុង​សាង​សាង់​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ​នេះ ។ ចំណែក​តម្លៃ​ដីធ្លី​វិញ​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​បន្ទាប់​ពី​ផ្លូវជាតិ​លេខ​១ បាន​ស្ថាបនា និង​ពង្រីក​រួចរាល់​ជា​ថ្មី ខណៈ​កាលពី​១០​ទៅ​២០​ឆ្នាំ​មុន តំបន់​នោះ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ ហើយ​តម្លៃ​ដីធ្លី​ស្ទើរ​មិន​ដល់​១​ដុល្លារ​ផង​ក្នុង​១​ម៉ែត្រការ៉េ តែ​ពេល​បច្ចុប្បន្ន​នេះ វា​បាន​កើនឡើង​រហូត​ដល់​ជិត​១​ពាន់​ដុល្លារ ឬ​លើស​នេះ​ក្នុង​១​ម៉ែត្រការ៉េ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ