ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ និង​ក្រុមហ៊ុន​ជីប​ម៉ុង ប្រគល់​អគារសិក្សា​មួយ​ខ្នង​ជា​ចំណងដៃ


ខេត្តពោធិ៍សាត់ ៖ សមិទ្ធផល​អគារសិក្សា​មួយ​ខ្នង​០៦​បន្ទប់​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​ឯក ស្ថិត​ក្នុងភូមិ​អូរ​តូង សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ដែល​ទើបតែ​ស្ថាបនា​រួច​បាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។

អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន​លោក ខូ​យ សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់​, លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី អភិបាល​កាសែត​កោះសន្តិភាព ព្រមទាំង​អស់លោក លោក​ជំទាវ មន្ត្រីរាជការ​ជា​ច្រើន​រូប ទៀត រួម​ជាមួយ​អ្នកស្រុក​៦០០​នាក់​។

លោក លី សុ​គ​ន្ធី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ឲ្យ​ដឹង​ថា សាលារៀន​វត្ត​ឯក​នេះ​កាលសម័យ​សង្គមរាស្ត្រនិយម គឺជា​មន្ទីរពេទ្យ​។ នៅ​ឆ្នាំ​១៩៨០ អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ធ្វើ​ជា​សាលារៀន​ដែល​មាន​តែ​ពីរ​បន្ទប់​ប៉ុណ្ណោះ គឺ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២ បើ​សិស្ស​រៀន​ដល់​ថ្នាក់​ទី​៣ មិន​មាន​បន្ទប់រៀន​នោះ​ទេ គឺ​តម្រូវ​ឲ្យ​ទៅ​រៀន​បន្ត​នៅ​សាលា​បឋម​សិក្សា​សិក្ខា​រាម ក្នុង​វត្ត​លលកស​ចាស់ ដែល​មាន​ចំងាយ​ប្រមាណ​០៣​គម​ឯណោះ​។

នៅ​កំឡុង​ឆ្នាំ​២០០០ ដោយ​ឃើញ​សិស្ស​មាន​កំណើន​ច្រើន ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ​បាន​ជួយ​កសាង​អគារសិក្សា​ចំនួន​០២​បន្ទប់​ថែម​ទៀត ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៥ អគា​សិក្សា​ទាំងនោះ​មានការ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ខ្លាច​មាន​គ្រោះថ្នាក់​ដល់​សិស្ស ចា​ពិសេស​ដោយ​បាន​លោក ឈុ​ន សៀង ចៅសង្កាត់​ចំរើន​ផល​ជួយ​បរិច្ចាគ​ដី​ពង្រីក​ទីធ្លា​សាលា​បន្ថែម​ទៀត​ផង​នោះ ។

ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ជំទាវ រួម​ជាមួយ​លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមហ៊ុន​ជីប​ម៉ុង ក៏​បានឱ្យ​វាយ​កម្ទេច​ចោល​អគារ​ចាស់​នោះ ហើយ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​០៦​បន្ទប់ បំពាក់​ដោយ​តុ​កៅអី និង​បន្ទប់ទឹក​ដែល​ធ្វើ​ពិធី​សម្ភោ​ធ​នៅ​ថ្ងៃនេះ​ស្រាប់​។ ការ​បរិច្ចាគ​នូវ​ធនធាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​មាន​គោលបំណង​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​ជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ក្នុង​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​យើង​។

ទឹកចិត្ត​ដ៏​សប្បុរស និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់​ឯកឧត្តម និង​លោក​ជំទាវ និង​ក្រុមហ៊ុន​ជីប​ម៉ុង ពិតជា​បាន​ផ្ដល់​នូវ​គុណប្រយោជន៍​ដ៏​ធំធេង​ដល់​សង្គម​ជាតិ ជា​ពិសេស​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ទៅ​ថ្ងៃ​អនាគត​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ថ្លែង​ថា អគា​សិក្សា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​បន្ថែម​ពីលើ​សមិទ្ធផល​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​លើ​ទឹកដី​ខេត្តពោធិ៍សាត់​យើង​នេះ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។ អគា​សិក្សា​ថ្មី​នេះ​នឹង​បានជា​កន្លែង​អង្គុយ​រៀន​ដោយ​សុវត្ថិភាព មិន​ខ្លាច​ក្បឿង ទឹកភ្លៀង ឬ​ឈើ​ដំបូល​បាក់​ធ្លាក់​លើ​ដូច​មុន​នោះ​ទេ​។​ដូច្នេះ​ក្មួយ​ៗ ចៅ​ៗ គិតតែ​ពី​ខំរៀន​ទៅ ចៀស​ឲ្យ​ឆ្ងាយ​ពី​ថ្នាំ​ញៀន ក្មេង​ទំនើង និង​អំពើ​អបាយមុខ​ផ្សេង​ៗ​ដែល​សង្គម​ស្អប់ខ្ពើម​។ ត្រូវ​ខិតខំ​ពី​ថ្នាក់បឋមសិក្សា​នេះ​ទៅ​ដើម្បី​ជា​គ្រឹះ​ដ៏​រឹង​មាំ​ទៅ​អនុ​វិទ្យាល័យ វិទ្យាល័យ និង​ឧត្តម​សិក្សា​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម សូម​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ជួយ​ថែរក្សា​អគារសិក្សា​នេះ​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​ដល់​សិស្ស​ជំនាន់​ក្រោយ​ទៀត​។ ចំណែក​ក្មួយ​ៗ ចៅ​ៗ​សិស្សានុសិស្ស សូមកុំ​យក​ដីស ឫ​វត្ថុ​រឹង​គូស​លេង​លើ​ជញ្ជាំង កុំ​ចោល​សំរាម ឫ​ខាកស្ដោះ​ក្នុង​ថ្នាក់​នាំ​ឲ្យ​មាន​មេរោគ និង​ខូច​បរិស្ថាន​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ​ឧកញ៉ា ភាព ហៀ​ក ប្រធាន​ក្រុមហ៊ុន​ជីព​ម៉ុង ដែល​តែងតែបាន​ចូលរួម​ជាមួយ​ឯកឧត្តម និង​លោក​ជំទាវ​ស្ទើរតែ​គ្រប់​សកម្មភាព​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​កន្លង​មកនេះ​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ បាន​ប្រគេន​ថវិកា​ចំនួន​៥​លាន​រៀល​ដល់​ព្រះ​ចៅអធិការ​វត្ត​ឯកា​រាម សម្រាប់​ចូលរួម​កសាង​ខ្លោងទ្វារវត្ត និង​លាបថ្នាំ​ជញ្ជាំង​សាលាឆាន់​។ ជូន​ថវិកា​មួយ​លាន​រៀល​ដល់​នាយក​សាលា​បឋម​សិក្សា​វត្ត​ឯក សម្រាប់​ត​ភ្លើងអគ្គិសនី​បំភ្លឺ​ក្នុង​សាលា ព្រមទាំង​បាន​ចែក​សម្ភារៈ​សិក្សា ខោអាវ និង​ថវិកា​មួយ​ចំនួន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ប្រមាណ​ជាង​៦០០​នាក់​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ