ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូប្តូរគន្លងផ្លូវមិនបានប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបុក បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឃួន សាវៀន ភេទប្រុស អាយុ៧២ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ប.មានជ័យ ២A-២៨២២ អ្នកបើកបរដោយឈ្មោះ ពេជ្រ វណ្ណដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានប្តូរគន្លងផ្លូវមិនប្រយ័ត្ន ស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានបុករថយន្តមួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ ។
ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ជើងគោកខេត្តបានឃាត់ខ្លួនអ្នកបើកបររថយន្ត និង
នាំយកវត្ថុតាងទៅការិយាល័យជំនាញ ដើម្បីរក្សាទុកនិងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ