ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ដែលមនុស្សជាច្រើនក្នុងតំបន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានស្គាល់គាត់ថា អ្នកគក់ជេដីដ៏ល្បីឈ្មោះក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការ ជាប់ពីបទរំលោភលើទំនុកចិត្ត ។ ការឃាត់ខ្កួននេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលតាំងខ្លួនជាឧកញ៉ានេះ ត្រូវគេស្គាល់មានឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមលោកវរសេនីយ៍ឯកសម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់ខេត្ត បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវលេខ៥១ ក្នុងភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីពលរដ្ឋរស់នៅស្រុកឧដុង្គបានបង្ហើបថា ឧកញ៉ាក្លែងក្លាយម្នាក់នេះ ក្រៅពីសំណុំរឿងដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឱ្យម្ចាស់ដីទេ ហើយយកដីពលរដ្ឋទៅលក់បន្តជាច្រើនលើកច្រើនសារ ដោយឃុបឃិតគ្នាជាប្រព័ន្ឋលក់ដីរបស់អ្នកដទៃ និងមានអាជ្ញាធរមូលដ្ឋាននិងក្រុមប្រឹក្សាស្រុកមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីនេះដែរ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ