រាជធានីភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់កិត្តិយសដល់រូបខ្ញុំបាទក្នុងកិច្ចសម្ភាសន៍នាពេលនេះ ។ ក្នុងទំព័រសករាជថ្មីនៃទំនើបភាវូបនីយកម្មបច្ចេកវិទ្យា ប្រៃសណីយ៍កម្ពុជាបាន និងកំពុងប្រឡូកយ៉ាងសកម្មក្នុងការទទួល និងចែកចាយបញ្ញើ ដើម្បីរុញច្រានវិស័យប្រៃសណីយ៍ឲ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពក្នុងឆាកអន្តរជាតិ ដោយការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេស ។
តម្រូវការរបស់អតិថិជន ជាបេសកកម្មស្នូលរបស់ថ្នាក់ដឹកនាំ និងនិយោជិតប្រៃសណីយ៍កម្ពុជាគ្រប់ជាន់ថ្នាក់ ក្នុងគោលបំណងធំ គឺបម្រើវិស័យប្រៃសណីយ៍ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងលក្ខខណ្ឌជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម និងរួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្កើនកម្រិតជីវភាពនិយោជិត ។ ប្រៃសណីយ៍កម្ពុជា បាន និងកំពុងបន្តការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅទាំងផ្នែករចនាសម្ព័ន្ធរដ្ឋបាល ផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសរួមមាន៖
១-បង្កើននូវប្រាក់ចំណូលពី២,១៦៤,០០០ដុល្លារ ក្នុងឆ្នាំ២០១០ កើនឡើង ១៣,១៦៩,៣១៩.៦៣ដុល្លារ ក្នុងឆ្នាំ២០១៨ ជាពិសេសគឺទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំ ។ ពីឆ្នាំ២០១១ ដល់២០១៥ និយោជិតទទួលបានប្រាក់លើកសរសើរចំនួនមួយខែ (ប្រាក់ខែទី១៣) ។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ និយោជិតទទួលបានប្រាក់លើកសរសើរចំនួនពីរខែ (ប្រាក់ខែទី១៤) ។
ជាក់ស្តែងចំណូលឆ្នាំ២០១៨ សរុបចំនួន១៣,១៦៩,៣២០ដុល្លារ ធៀបនឹងឆ្នាំ២០១៧ ចំណូលសរុប៨,៤៩៧,៤១៣ដុល្លារ កើនឡើង៥៤.៩៨% ទទួលបានប្រាក់ចំណេញ១,០២៧,០១០ដុល្លារ ។ បើប្រៀបធៀបចំណូលនឹងឆ្នាំ២០១១ មានចំនួន ៣,៧៧១,៥៩៨ ដុល្លារ មានការឡើងរហូតដល់២៤៩.១៧%។
២-ការដំឡើងប្រាក់បៀវត្សជូននិយោជិតជាងរៀងរាល់ឆ្នាំ នៅក្នុងឆ្នាំ២០១១ និយោជិតក្នុងម្នាក់ទទួលប្រាក់បៀវត្សគិតជាមធ្យមមានចំនួន៧.៧៥៦.៧៥២រៀល ក្នុងមួយឆ្នាំ ។ ការព្យាករនៅក្នុងឆ្នាំ២០១៩ នេះប្រាក់បៀវត្សនិយោជិតក្នុងម្នាក់ទទួលគិតជាមធ្យមមានចំនួន២៦.៧៥៦.៧៥២រៀល ក្នុងមួយឆ្នាំ ។
ក្នុងប្រតិបត្តិការរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១៤ដល់២១០៨ ធនាគារប្រៃសណីយ៍កម្ពុជាបានរកប្រាក់ចំណេញ៣៦,២០៨,០១៥ ដុល្លារ តាមឆ្នាំដូចខាងក្រោម៖
-ឆ្នាំ២០១៤ ចំណេញ ១,៤៩៨,០១៥ ដុល្លារ
-ឆ្នាំ២០១៥ ចំណេញ ៤,១៦០,០០០ ដុល្លារ
-ឆ្នាំ២០១៦ ចំណេញ ៨,៤០០,០០០ ដុល្លារ
-ឆ្នាំ២០១៧ ចំណេញ ៨,៦៥០,០០០ ដុល្លារ
-ឆ្នាំ២០១៨ ចំណេញ១៣,៥០០,០០០ ដុល្លារ
ក្នុងគម្រោង៥ឆ្នាំខាងមុខទៀត ធនាគារប្រៃសណីយ៍កម្ពុជា នឹងរកបានប្រាក់ចំណេញចំនួន១៥០លានដុល្លារ ហើយ ប.ក មាន ៥% ស្មើនឹង ៧,៥០០,០០០ដុល្លារ ។
ចំពោះការសម្រេចចិត្តលើសកម្មភាពភាគច្រើនរបស់អង្គភាពប្រៃសណីយ៍ មានការចូលរួមពីគ្រប់សមាសភាព តាមនីតិវិធីច្បាប់ គ្រប់ផែនការមេ សុទ្ធតែត្រូវបានឆ្លងការអនុម័ត ពីអង្គប្រជុំក្រុមប្រឹក្សាភិបាល រាល់ផែនការការវិនិយោគ ការទិញសម្ភារផ្គត់ផ្គង់បម្រើឲ្យអាជីវកម្មត្រូវមានការសម្រេចពីក្រសួងអាណាព្យាបាល ។ ការជ្រើសរើសនិយោជិត ការដាក់វិន័យលើនិយោជិត ការបណ្តេញនិយោជិតពីការងារ គឺទាល់តែមានការប្រជុំសម្រេចពីក្រុមប្រឹក្សាវិន័យ និងក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា ។
លទ្ធផលដែលប្រៃសណីយ៍ទទួលបានកន្លងមកនេះ ពិតជាយើងមានមោទនភាពខ្លាំង ហើយពិតជាលទ្ធផលដែលបានចូលរួមចំណែកពីកិច្ចសហប្រតិបត្តិការការងារជាក្រុមពីថ្នាក់ដឹកនាំពីក្រុមការងារជំនាញបច្ចេកទេស ក្រុមការងារបម្រើសេវាកម្មផ្ទាល់ជាមួយអតិថិជន និងនិយោជិតគ្រប់ជាន់ថ្នាក់ ។ ហេតុនេះពួកគាត់ត្រូវទទួលការតបស្នងវិញ ជាការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ ផ្សេងៗមានដូចជាថែទាំសុខភាព ប្រាក់រង្វាន់ និងប្រាក់សោធននិវត្តន៍ ៕ ដោយសហការ
ចែករំលែកព័តមាននេះ