ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ជំរុញ​អ្នក​លក់រាយ​ឱ្យ​ប្រជែង​ជា​មួយ​ដៃគូ​បរទេស

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​ប្រចាំ​ក្រសួង​ឧស្សាហ​កម្ម​និង​ពាណិជ្ជកម្ម​វៀតណាម លោក Ngo Chung Khanh បាន​ប្រាប់​ដល់​សារព័ត៌មាន Viet Nam…

ទីក្រុង​ហូ​ជី​មិ​ញ ៖ អនុប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​ប្រចាំ​ក្រសួង​ឧស្សាហ​កម្ម​និង​ពាណិជ្ជកម្ម​វៀតណាម លោក Ngo Chung Khanh បាន​ប្រាប់​ដល់​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ កន្លង​មក​ថា ការ​ប្រកួតប្រជែង​រវាង​អ្នក​លក់រាយ​ក្នុងស្រុក​និង​បរទេស នឹង​បន្ត​មាន​ភាព​តានតឹង​ក្នុងឆ្នាំនេះ ហើយ​អាជីវកម្ម​វៀតណាម​ត្រូវ​តែ​សហការ​គ្នា​ដើម្បី​រក្សា​ការ​គ្រប់គ្រង​ទីផ្សារ​របស់​ខ្លួន ។

ការ​ព្រមាន​នេះ​កើត​មាន​ឡើង ខណៈ​ដែល​មាន​ព័ត៌មាន​លេចឡើង​មក​ថា បើ​ទោះជា​មាន​ផលិតផល​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​បរទេស​ពិតមែន​ក្តី ប៉ុន្ដែ​ផលិតផល​ប្រភេទ​តែ​មួយ​បែរជា​ត្រូវ​បាន​នាំ​ចូល​មក​វិញ​ពី​ប្រទេស​ដទៃ​ដើម្បី​ប្រើប្រាស់​ក្នុងស្រុក ។

លោក Khanh បាន​និយាយ​ថា ៖« មាន​ឧទាហរណ៍​ជា​ច្រើន​ដូច​ជា​សាច់​គោ សាច់​មាន់ និង​សាច់​ជ្រូក​ដែល​នាំ​ចូល​មិន​ត្រឹមតែ​ជួបនឹង​ស្តង់ដា​អន្តរជាតិ​ទេ តែ​មាន​តម្លៃ​ទាប​ជាង​សាច់​ក្នុងស្រុក​យ៉ាង​ខ្លាំង​ទៀត​ផង »​។

បើ​ទាក់ទិន​នឹង​វិស័យ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វិញ គឺ​ជួបនឹង​សម្ពាធ​យ៉ាង​ខ្លាំង ព្រោះតែ​មាន​វត្តមាន​យីហោ​ល្បី​ៗ​ដូច​ជា Zara និង H&M ក្នុង​ទីផ្សារ​ក្នុងស្រុក​ជា​ដើម ។

យោង​តាម​សហគ្រាស​សម្លៀក​បំពាក់​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​៧​ឆ្នាំ​បន្ទាប់​ពី​ឧបសគ្គ​ពន្ធ​សម្រាប់​សម្លៀក​បំពាក់​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង ក្រោម​កិច្ចព្រមព្រៀង​ស៊ីជម្រៅ និង​ភាព​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​បរទេស​នឹង​មានឱកាស​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ដែល​មាន​តម្លៃ​៤,៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​មាន​អត្រា​លូតលាស់​ប្រចាំឆ្នាំ​ប្រមាណ​២០% ។

យោង​តាម​ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​លក់រាយ​បរទេស​ស្មើ​១៧%​នៃ​ទីផ្សារ​លក់រាយ​សរុប​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​អ្នក​នៅ​ក្នុង​វិស័យ​និយាយ​ថា ចំនួន​នេះ​អាច​នឹង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ។ បើ​ធៀប​នឹង​ក្រុមហ៊ុន​បរទេស អ្នក​នៅ​ក្នុង​វិស័យ​បាន​ឲ្យ​ដឹង​ថា អ្នក​លក់រាយ​វៀតណាម​ខ្វះ​មូលធន យុទ្ធសាស្ត្រ​អាជីវកម្ម និង​ការ​ផ្តល់​សេវាកម្ម​ជំនាញ​ច្បាស់លាស់ ។ ក្រសួង​បញ្ជាក់​ថា ៖« ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស វៀតណាម​ត្រូវការ​ភាព​ត​ភ្ជាប់​យ៉ាង​រឹង​មាំ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ