មិនដឹង​ប្រញាប់​ទៅ​ណា ផ្លូវ​កោង​ហើយ​នៅ​តែ​ប្រឹង​លទ្ធផល​អាក្រក់​ទាំង​ចាស់​ក្មេង


ខេត្ត​ប៉ៃលិន ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៤​នាក់​រង​របួសធ្ងន់​ស្រាល ត្រូវ គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណៈ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ចរាចរណ៍​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​២​ដើម និង​រង​ការ​ខូចខាត់​ម៉ូតូ​១​គ្រឿង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១២​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ផ្លូវ​កោង​កែង​ស្រះ​ឈូក ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​អោយ​មាន​មនុស្ស​រង​របួសធ្ងន់​ចំនួន​ស្រាល​៤​នាក់ និង​ខូចខាត​ម៉ូតូ​១​គ្រឿង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ណ​ង សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង របួសធ្ងន់ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គ្លី​ក (Honda Click) ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ​, ទី​២- ឈ្មោះ អ៊ឹ​ង ស៊ីវ​អ៊ី​ន ភេទ​ស្រី អាយុ​០៧​ឆ្នាំ រង​របួសស្រាល​, ទី​៣- ឈ្មោះ អ៊ឹ​ង ហ្គិ​ច​ជូ ភេទ​ស្រី អាយុ ២០​ឆ្នាំ រង​របួសធ្ងន់ និង​ទី​៤-​ឈ្មោះ អ៊ឹ​ង ហ្គិ​ច​នាង ភេទ​ស្រី អាយុ​១២​ឆ្នាំ រង​របួសធ្ងន់ ទាំង​៤​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង បាន​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះដល់​ផ្លូវ​កោង​ហើយ​នៅ​តែ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​ប៉ះ​ចំ​នឹង​បង្គោល​ចរាចរណ៍​យ៉ាង​ពេញទំហឹង​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ ដោយសារ​របួស​ធ្ងន់ធ្ងរ​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​រយ៉ា​ខា​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ជួសជុល ៕

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ