ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលំនៅដ្ឋានជិតនឹងទីលាចាក់សម្រាម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើការបិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមរបស់ក្រុមហ៊ុន ហ្កាអ៊ីយ៉ា ចូលទៅចាក់ទីលានសម្រាប ដោយបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនហ្កាអ៊ីយ៉ា មិនបានគោរពទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ។
ដោយមានសភាពតានតឹងនឹងគ្នារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហ្កាអ៊ីយ៉ា នៅរសៀលនាថ្ងៃដដែលនោះក៏មានធ្វើកិច្ចប្រជុំដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគំនរសម្រាមក្នុងភូមិអន្លង់ពីរ ក្រោមវត្តមានរបស់លោក អ៊ឹង សុភណ្ឌ នាយកទីចាត់ការអន្តរវិស័យ តំណាងលោក ទៀ សីហា អភិបាលខេត្ត និងលោក សូរ ប្លាតុង អភិបាលស្រុក ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អធិការ នគរបាលស្រុក តំណាងក្រុមហ៊ុនហ្កា អ៊ីយ៉ា អាជ្ញាធរឃុំ និងមន្ត្រីក្នុងស្រុកផងដែរ ។
តាមការបញ្ជាក់របស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា បញ្ហារវាងប្រជាពលរដ្ឋភូមិអន្លង់ពីរជាមួយក្រុមហ៊ុនហ្កាអ៊ីយ៉ា មានជាច្រើនលើកមកហើយ រវាងអ្នកប្រកបរបររើសសម្រាម និងក្រុមហ៊ុន រវាងប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសម្រាម និង ក្រុមហ៊ុន ហ្កាអ៊ីយ៉ា ហើយក៏ត្រូវបានធ្វើការដោះស្រាយជាបន្តបន្ទាប់ផងដែរ ។
តាមការបញ្ជាក់ពីតំណាងគ្រួសារប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសម្រាមបានឲ្យដឹងថា ការធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ហ្កាអ៊ីយ៉ា ជាច្រើនលើកមកហើយ តែក្រុមហ៊ុនមិនបានគោរពនឹងកិច្ចសន្យាឡើយដោយ ស្នើសុំពន្យាពេលរហូតទើបធ្វើឲ្យពួកគាត់សម្រេចចិត្តធ្វើការបិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមចូលទៅចាក់នៅទីលានសម្រាម ។
ម្យ៉ាងទៀងបញ្ហាសម្រាមនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាសុខភាព អនាម័យ សំខាន់ចំពោះកុមារ និងសិស្សានុសិស្ស ដែលមានទីតាំងនៅជិតទីលានគំនរសម្រាមនេះព្រមទាំងប៉ះពាល់ដល់ផលដំណាំស្រូវរបស់ពួកគាត់ដោយសារទឹកសម្រាមហូរចូលស្រែរបស់ពួកគាត់ ។ ក្នុងនោះដែរតំណាងប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ដើម្បី បញ្ឈប់ការចាក់សម្រាមនៅទីនេះ និង សុំឲ្យរកទីតាំងថ្មីវិញ ។
មានប្រសាសន៍ក្នុងនោះដែរលោក អ៊ឹង សុភណ្ឌ ក៏បានជម្រាបដល់បងប្អូនដែលទទួលរងផលប៉ះពាល់ពីគំនរសម្រាមសូមធ្វើឲ្យការរំងាប់ចិត្តមួយរយៈសិនចំពោះបញ្ហាសម្រាមនេះ អាជ្ញាធរខេត្តបានកំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូនសម្រាម ឬក៏ធ្វើការ វិនិយោគជាមួយក្រុមហ៊ុនបរទេសដែលមានបច្ចេកទេស បទពិសោធន៍ខ្ពស់ ដើម្បីទទួលយកផលប្រយោជន៍ពីសម្រាមយកទៅប្រើប្រាស់ការងារអ្វីផ្សេងសំខាន់លើការងារកសិកម្ម ។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋក៏បានឯកភាពក្នុងការបើកផ្លូវឲ្យរថយន្តដឹកជញ្ជូនសម្រាមចូលទៅកាន់ទីលានចាក់សម្រាមរងចាំការដោះស្រាយជាមួយអាជ្ញាធរផងដែរ ។ ក្នុងកិច្ចប្រជុំនោះដែរក៏បានឲ្យក្រុមហ៊ុន ហ្កាអ៊ីយ៉ា ត្រូវធ្វើការស្រោចទឹកផ្លូវចូល និងបើកបររថយន្តត្រូវបន្ថយល្បឿនពេលឆ្លងកាត់ភូមិ ព្រមទាំងត្រូវធ្វើរបងរបាំងបិទទីលានចាក់សម្រាមឡើងវិញ សំខាន់ទីរណ្តៅដីចាក់សម្រាម ដើម្បីការពារកុំឲ្យសត្វ គោ ក្របី របស់បងប្អូន អ្នកស្រុកធ្លាក់ចូល និងធ្វើកុំឲ្យសម្រាម ពិសេសស្បោងប្លាស្ទិចដែលហើរពាសវាលពាសកាលមកលើលំនៅ ដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ