ខេត្តក្រចេះ ៖ ក្រុមជនដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះ ម្នាក់ដែលមានប្រើប្រាស់ប័ណ្ណកាសែតក្នុងស្រុកទៀតផងនោះបណ្តាលឲ្យស្លាប់នៅចិញ្ចើមផ្លូវជាតិ ហើយត្រូវនគរបាលស្រុកស្នួលស្រាវជ្រាវចាប់ខ្លួនបាន ខណៈបក្សពួក៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន។ តែយ៉ាងណានគរបាលព្រហ្មទណ្ឌបានអះអាងថា បក្សពួកក្រុមជនដៃ ដល់ដែលកំពុងតែគេចខ្លួនទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណច្បាស់ និងអាចស្រាវជ្រាវ ចាប់ខ្លួនបាននាពេលដ៏ខ្លីខាងមុខនេះ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនរូបនេះឈ្មោះ វ៉ន វិញ អាយុ១៩ឆ្នាំ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលឃាត់ខ្លួននៅថ្ងៃទី៨ កុម្ភៈ ក្រោយ ការចុះស្រាវជ្រាវមានរយៈពេល៤ថ្ងៃ បន្ទាប់ពីជនរូបនេះ និងបក្សពួកបានបង្កអំពើហិង្សាសម្លាប់មនុស្សកាលពីយប់ថ្ងៃទី៣ កុម្ភៈ នៅលើផ្លូវជាតិមួយកន្លែងក្នុងឃុំ២ធ្នូ ស្រុកស្នួល ។
ជនរងគ្រោះម្នាក់ឈ្មោះ សន ឬទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្នួល ស្រុកស្នួល ជនរងគ្រោះ រូបនេះមានប្រើប្រាស់ប័ណ្ណកាសែតវេបសាយ (បាត់ដំបងប៉ុស្តិ៍) ក្នុងតួនាទីជាអ្នកយកព័ត៌មាន។ ជនរងគ្រោះរូបនេះត្រូវបានក្រុមជនដៃដល់ព្រួតគ្នាស្ទាក់យកដុំថ្មគប់ បណ្តាលឲ្យរូបគេធ្លាក់ពី លើម៉ូតូ និងបានព្រួតវាយសម្លាប់ក្រោយពីជនរងគ្រោះជិះម៉ូតូត្រឡប់ពីមើលគេរាំធុងបាស់ នៅក្នុងភូមិ។
នគរបាលនិយាយថា ជនរងគ្រោះមានស្នាមហើមក្បាលផ្នែកខាងក្រោយ ដោយនគរបាលសន្និដ្ឋានថា អាចរងនឹងវត្ថុរឹង និងមានស្នាមដាច់រយះផ្នែកខាងមុខ ដោយសារធ្លាក់ពីលើ ម៉ូតូនៅពេលដែលក្រុមជនដៃដល់ពួនស្ទាក់គប់ដោយដុំថ្ម។
អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ឯក ចាន់ សុខគីម បានប្រាប់ឲ្យដឹងថា ក្រោយការចុះស៊ើបអង្កេតនគរបាលបានកំណត់លើមុខសញ្ញា និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះមកសាកសួរ។ លោកអធិការបានបញ្ជាក់ថា ក្រោយការសាកសួរពីនគរបាលជំនាញបានរកឃើញពីមូលហេតុដែលបង្កឲ្យមានអំពើនេះ គឺផ្តើមចេញដោយសារការដណ្តើមស្រីស្នេហ៍រវាងជនបង្ក និងជនរងគ្រោះ។
លោកអធិការបានសម្រង់ចម្លើយសារភាពរបស់ជននេះថា មូលហេតុដែលឈានឲ្យមាន ករណីនេះ ផ្តើមចេញដោយសារការទំនាស់រវាងជនដៃដល់ដែលជាបក្សពួករបស់គេជាមួយ និងជនរងគ្រោះពីរឿងដណ្តើមស្រីស្នេហ៍នៅក្នុងភូមិ។ លោកអះអាងថា បើទោះបីជាក្រុមជនដៃដល់បានគេចខ្លួន តែនគរបាលកំណត់លើអត្តសញ្ញាណពួកគេបានច្បាស់ ហើយក៏កំពុងតែស្វែងរកចាប់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ