រាជធានីភ្នំពេញ ៖ តាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ឆ្នាំ២០២០ខាងមុខកម្ពុជាត្រូវសម្រេចឲ្យបាននូវគោលដៅកំណើនភ្ញៀវទេសចរណ៍រហូតដល់៧លាននាក់ ។
ផ្តើមពីនោះក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវគោលការណ៍ជម្រុញការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីបង្ហាញអំពីសក្កានុពល និងទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ឆ្នាំ២០១៩នេះ ។
លោក ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍បានថ្លែង ប្រាប់កោះសន្តិភាពនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ កាលពីពេលថ្មីៗនេះ ដោយលោកបាន បញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនៃកំណើនភ្ញៀវទេសចរណ៍ឲ្យបាន៧លាននាក់ នៅឆ្នាំ ២០២០ខាងមុខក្រសួងបានដាក់ចេញនូវគោលការណ៍ជម្រុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ សំខាន់ៗសម្រាប់ឆ្នាំ២០១៩នេះ ។
តាមលោក សុខ ជំនោរ បានបញ្ជាក់ថា តំបន់គោលដៅទេសចរណ៍សំខាន់ៗដែលត្រូវផ្សព្វ ផ្សាយក្នុងឆ្នាំ២០១៩នេះរួមមានតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងតំបន់អេកូទេសចរណ៍រួមទាំងតំបន់ទេសចរណ៍ផ្សងព្រេង ។ ប៉ុន្តែលោកថា តំបន់គោលដៅទេសចរណ៍ដែលសំខាន់ត្រូវជម្រុញការផ្សព្វផ្សាយជាអទិភាពនោះ គឺតំបន់អង្គរវត្តតែម្តង ។ លោក ជុក ជំនោរ បានបញ្ជាក់បន្ថែមថា ក្រៅពីតំបន់អង្គរវត្តយើងក៏មានតំបន់ជាអទិភាពជាច្រើនទៀតដូចជា តំបន់បឹងទន្លេសាបសហគមន៍កំពង់ភ្លុក សហគមន៍បន្ទាយស្រីជាដើម ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ដែលទាក់ទាញបំផុត ។
ទន្ទឹមនោះក៏នៅមានតំបន់អេកូទេសចរណ៍ ជីផាត តំបន់អារ៉ែង ខណៈដែលតំបន់អារ៉ែងកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់ទេសចរណ៍អន្តរជាតិ ។ លោកក៏បានឲ្យដឹងដែរថា តាមគោលដៅផ្សព្វផ្សាយយើងក៏នឹងផ្សព្វផ្សាយជាអទិភាពផងដែរនូវតំបន់ទេសចរណ៍បែបផ្សងព្រេងដូចជា តំបន់ភ្នំឱរ៉ាល់ តំបន់ទឹកធ្លាក់ជ្រាវ ដែលយើងកំពុងតែសិក្សាស្រាវជ្រាវ និងរៀបចំហេដ្ឋារចនាសម្ពន្ធ័បម្រើឲ្យសកម្មភាពទេសចរណ៍នៅតំបន់នោះព្រោះ ថាតំបន់ទាំង២នេះ គឺបង្ហាញនូវសក្តានុពលខ្លាំងសម្រាប់ទេសចរណ៍ផ្សងព្រេង ។ ចំណែកនៅខេត្តបាត់ដំបងក៏មានសហគមន៍អូរជាំ ស្ថិតនៅស្រុកសំឡូតក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងការផ្សព្វផ្សាយផងដែរ ខណៈដែលខេត្តមួយនេះមានតំបន់ទេសចរណ៍ដ៏ទាក់ទាញ ច្រើនដូចជា អគារសំណង់បែបបុរាណ ឡូរី ភ្នំសំពៅ ភ្នំបាណន់ រួមទាំងសហគមន៍មួយចំនួនទៀតដែលមានសក្កានុពលធំធេងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ។
លោក ជុក ជំនោរ ក៏បានឲ្យដឹងដែរថា គោលដៅទេសចរណ៍មួយទៀតដែលយើងកំពុងរៀបចំដាក់បញ្ចូលសម្រាប់ផ្សព្វផ្សាយនាឆ្នាំ២០១៩នោះ គឺតំបន់អេកូទេសចរណ៍អូរសោម ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ជាប់នឹងខេត្តកោះកុង ខណៈដែលក្រុមជំនាញនឹងចុះទៅតំបន់នោះផ្ទាល់ ដើម្បីជួយរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ ។ លោកបញ្ជាក់ថា ក្រៅពីតំបន់អង្គរវត្ត គឺតំបន់មួយចំនួនដែលលោកបានលើកឡើងខាងលើនេះ ភាគច្រើនអ្នក ទេសចរណ៍យើងពុំសូវស្គាល់នោះទេ ។
ដូច្នេះសំខាន់ណាស់ដែលយើងត្រូវដាក់បញ្ចូលក្នុងគោលដៅផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកាន់តំបន់នោះ ។ ប៉ុន្តែលោកថា ចំពោះតំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងនោះចាំបាច់ យើងត្រូវរៀបចំឲ្យមានជាសហគមន៍ទេសចរណ៍ជាមុនសិន ដើម្បីទ្រទ្រង់ដល់ដំណើរកម្សាន្តសម្រាករបស់ភ្ញៀវទេសចរណ៍ទៅកាន់តំបន់នោះ ។ ដូចជា ការរៀបចំឲ្យបងប្អូនសហគមន៍មានជំនាញក្នុងការទទួលភ្ញៀវការធ្វើម្ហូបអាហារបែបចុងភៅ ព្រៃជាដើម ក្នុងពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរនឹងរៀបចំហេដ្ឋារចនាសម្ពន្ធ័រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់ ។
តាមលោក ជុក ជំនោរ នៅតែមានជំនឿថា នៅពេលខាងមុខតំបន់សហគមន៍អារ៉ែងនឹងក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ និងមានភ្ញៀវទេសចរណ៍ទៅកាន់ទីនោះច្រើនជាងគេព្រោះ ថា តំបន់នោះមិនគ្រាន់តែមានសក្កានុពលទេសចរណ៍ធំធេងនោះទេ ប៉ុន្តែតំបន់អារ៉ែងត្រូវបានគេ ស្គាល់ច្រើនជាងគេ ហើយការរៀបចំរបស់យើងក៏បានល្អថែមទៀត ។ ដូច្នេះក្នុងឆ្នាំ២០១៩ និង ឆ្នាំខាងមុខភ្ញៀវទេសចរណ៍ទៅកាន់តំបន់អារ៉ែងច្រើនមិនខាន ។
សូមជម្រាបថា ឆ្នាំ២០១៨កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦,២លាននាក់ ក្នុងកំណើនជាង១១% ហើយរំពឹងថា ឆ្នាំ២០២០ខាងមុខនេះកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរណ៍ប្រមាណ៧លាននាក់ ៕
ចែករំលែកព័តមាននេះ