ខេត្តកណ្តាល ៖ ជនសង្ស័យជាប្តីបានប្រើអំពើហិង្សាមកលើប្រពន្ធមិនចេះឈប់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ផល សុខេង អាយុ៤០ឆ្នាំ មុខរបរចុងភៅនៅភោជនីយដ្ឋាន មានទីលំនៅភូមិឃុំកើតហេតុ (បានរបួសពកក្បាល ជាំថ្ពាល់ខាងស្តាំ និងជាំភ្នែកខាងស្តាំ) ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ជៀម គឹមជា អាយុ៤០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន) ។
នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រព្រឹត្តអំពើហិង្សាមកលើប្រពន្ធជាច្រើនលើកមកហើយ និងធ្លាប់ធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍ចំនួនមួយលើកផងដែរ លុះនៅវេលាកើតហេតុ ជនរងគ្រោះជាប្រពន្ធត្រឡប់មកពីធ្វើការនៅភោជនីយដ្ឋាន មកដល់ផ្ទះវិញ ត្រូវជនសង្ស័យជាប្តីបានស្តីបន្ទោសថា «ង៉ែងទៅធ្វើការនៅចំការស្នេហ៍សំខាន់ជាងកូនឬ?» ពេលនោះជនរងគ្រោះជាប្រពន្ធបានឆ្លើយថា «គ្មានអ្វីពាក់ពន្ធ័ជាមួយអ្នកឯងទេ» ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះចំនួន២ដៃ ត្រូវចំមុខបណ្តាលឲ្យមានរបួសហើមជាំ រួចជនសង្ស័យបានធាក់ជនរងគ្រោះចំនួន២ជើងទៀត ត្រូវចំ.ពោះ បន្ទាប់មកជនសង្ស័យបានស្ទុះទៅយកកាំបិតខ្វែវវាយក្បាលជនរងគ្រោះចំនួន១ខ្នងកាំបិតខ្វែវ បណ្តាលឲ្យមានរបួសពកក្បាលមួយកន្លែង ។ ភ្លាមៗនោះជនរងគ្រោះជាប្រពន្ធបានរត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញាតី ហើយកម្លាំងនគរបាលប៉ុស្តិ៍បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីតែម្តង៕
ចែករំលែកព័តមាននេះ