អ្នកនិពន្ធ៖ ប្រេវីន
នៅពេលដែលប្រជាជនកម្ពុជាសឹងគ្រប់ផ្ទះ បាននាំគ្នាប្រារព្ធបុណ្យចូលឆ្នាំចិន វាមិនត្រឹមតែជាឱកាស សម្រាប់ការជួបជុំគ្រួសារ និងការសប្បាយរីករាយនោះទេ វាថែមទាំងជាការឆ្លុះបញ្ចាំងអោយឃើញពីឥទ្ធិពលរបស់ចិននៅក្នុងសង្គមខ្មែរផងដែរ ។
សាលារៀន ក្រុមហ៊ុន និងមុខរបរជាច្រើន បានបិទមិនដំណើរការដើម្បីប្រារព្ធបុណ្ុចូលឆ្នាំចិន បើទោះបីជាមិនមានច្បាប់អនុញ្ញាតក៏ដោយចុះ ។ នៅតាមផ្លូវ មនុស្សជាច្រើនក៏នាំគ្នាស្លៀកពាក់ក្រហម ដើម្បីលាប សំណាងតាមជំនឿប្រពៃណីចិន ។
ក្រហមសឹងគ្រប់ផ្ទះនៅកម្ពុជា មានន័យជ្រៅជាងពិធីបុណ្យប្រពៃណីចិនធម្មតា ។ វាថែមទាំងបង្កប់ន័យថា ទង់ក្រហមរបស់ចិនបានចូលជ្រៅក្នុងបេះដូងប្រជាជន និងសង្គមកម្ពុជា ។
ជាង៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសចិន ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថា បានរីកធំធាត់និងរឹងមាំជាងពេលណាៗទាំងអស់ ។
សម្តេចតេជោថ្មីៗនេះ បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលត្រូវមេដឹកនាំចិនអញ្ជើញអោយទៅទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅឆ្នាំ២០១៩ ។
ទស្សនកិច្ចបើកឆ្នាំ២០១៩នោះ បានក្លាយជាឱកាសមាសមួយទៀត សម្រាប់ពង្រឹងនិងធ្វើអោយលូតលាស់ដល់ទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា និងចិន ។
នៅក្នុងឱកាសនោះ ដូចសព្វដងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅប្រទេសចិន មេដឹកនាំចិនបានធ្វើការសន្យាផ្តល់ជំនួយ និងជំរុញវិនិយោគចិនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដោយធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងផ្តល់ការសន្យានយោបាយដ៏មុតមាំអំពីឆន្ទះនៃការថែរក្សា និងការធ្វើអោយរីកចម្រើនកាន់តែខ្លាំងដល់ទំនាក់ទំនងទ្វេរភាគី ដែលគេគិតថានឹងបម្រើផលប្រយោជន៍គ្នាទៅវិញ ទៅមក។
ខណ:ដែលមេដឹកនាំចិនបានសន្យាជួយបង្កើនការទិញអង្ករពីកម្ពុជា ដល់៤សែនតោន និងសន្យាផ្តល់ជំនួួយឥតសំណងប្រមាណ៦០០លានដុល្លារដល់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសកម្ពុជានៅចន្លោះឆ្នាំ២០១៩ដល់២០២១ ។
អ្វីដែលគួរអោយកត់សម្គាល់បំផុតនោះ សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅចុងបញ្ចប់នៃទស្សន: កិច្ចផ្លូវការរបស់សម្តេចតេជោនោះ ប្រទេសទាំងពីរបានសន្យាយ៉ាងមុតមាំថា នឹងធ្វើអោយទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយនៅក្នុងរយ:ពេល៦០ឆ្នាំខាងមុខទៀត ហើយចិនថានឹងបន្តជួយដល់កម្ពុជាតទៅមុខទៀត ដរាបណាចិននៅតែមានសមត្ថភាព ។
ទំនាក់ទំនងរឹងមាំខុសធម្មតារវាងកម្ពុជានិងចិន បានធ្វើអោយមានការរិះគន់ថា កម្ពុជាផ្អៀងខ្លាំងទៅរកប្រទេសចិន ដោយធ្វើអោយបាត់តុល្យភាពទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសផ្សេង ពិសេសលោកខាងលិច ដែលកាន់លទ្ធិប្រជាធិបតេយ្យ ។
នៅពេលជញ្ជីងការទូតផ្អៀងទៅរកចិនបែបនេះ ពួកលោកខាងលិច និងអ្នករិះគន់បារម្ភថា កម្ពុជាធ្វើអោយបាត់តុល្យភាពទំនាក់ទំនងការទូតរបស់ខ្លួន ដែលអាចធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា និងសន្តិសុខតំបន់ផងដែរ ។ បញ្ហាដ៏លេចធ្លោមួយដែលគេគិតថា ទំនាក់ទំនងជិតស្និទ្ធិខ្លាំង រវាងកម្ពុជានិងចិន អាចមានឥទ្ធិពលទៅលើនោះ គឺបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសមួយចំនួនក្នុងតំបន់ពិសេសប្រទេសវៀតណាម ។ វៀតណាមត្រូវគេដឹងថា អន់ចិត្តចំពោះកម្ពុជា ដែលស្និទ្ធិខ្លាំងជាមួយចិន ខណ:វៀតណាមធ្លាប់តែជាមិត្តដ៏ជិតស្និទ្ធិបំផុត សម្រាប់កម្ពុជា ។ ដើម្បីទប់ជាមួយនឹងចិន វៀតណាម ចាប់យកអាមេរិកដែលធ្លាប់ជាសត្រូវដ៏ស៊ីសាចប់ហុតឈាមមកធ្វើជាមិត្ត ។
កម្ពុជាវិញបានការពារខ្លួនថា ខ្លួនចង់ឱ្យបញ្ហាសមុទ្រចិនខាងត្បូងដោះស្រាយ ដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ ។ ប៉ុន្តែវានៅតែធ្វើឱ្យប្រទេសមួយចំនួនមិនសប្បាយចិត្តនឹងជំហររបស់កម្ពុជា ដែលគេគិតថា លម្អៀងទៅរកចិន ។
ចុងក្រោយនេះ មានរឿងដ៏រសើបមួយលេចឮឡើងថា កម្ពុជាអាចនឹងអនុញ្ញាតអោយប្រទេសចិន កសាងមូលដ្ឋានយោធានៅកម្ពុជា ។ អាមេរិកចេញមុខខ្លាំង បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះរឿងនេះ។ ប៉ុន្តែកម្ពុជា បានបដិសេធដាច់អហង្ការថា កម្ពុជានឹងមិនអនុញ្ញាតអោយបរទេសកសាងមូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួននោះឡើយ ។
អាមេរិកនិងប្រទេសមួយចំនួនបារម្ភថា ទំនាក់ទំនងជិតស្និទ្ធិរវាងកម្ពុជានិងចិន អាចនឹងធ្វើអោយប៉ះពាល់ដល់សន្តិសុខតំបន់និងផលប្រយោជន៍របស់ពួកគេផ្ទាល់ ។ ការបារម្ភនេះជាហេតុផល ដែលធ្វើអោយពួកគេ មិនសប្បាយចិត្ត ចំពោះភាពល្អូកល្អឺនរវាងកម្ពុជានិងចិន ។ ដើម្បីអោយពួកគេស្ងប់ចិត្ត កម្ពុជាប្រហែលជា ចាំបាច់ត្រូវប្រយ័ត្នប្រយែងជាងមុន នៅក្នុងការប្រកាន់យកជំហរនយោបាយការទូតរបស់ខ្លួន ។
ខណៈដែលប្រទេសកម្ពុជា បានចាប់យកប្រទេសចិនជាមិត្តល្អបំផុតរបស់ខ្លួនហើយនោះ កម្ពុជាត្រូួវធ្វើ អោយប្រាកដថា ទំនាក់ទំនងនោះនឹងមិនធ្វើអោយប៉ះពាល់ដល់ប្រយោជន៍របស់ប្រទេសដទៃ និងទំនាក់ទំនងរបស់ខ្លួនជាមួយពួកគេឡើយ ។
វានឹងជាការពិបាក ដែលកម្ពុជាត្រូវធ្វើអោយទាំងចិននិងប្រទេសជាសត្រូវរបស់ចិនសប្បាយចិត្ត ចំពោះកម្ពុជា ។ ចំណែកប្រទេសចិន និងប្រទេសផ្សេងទៀត ពិសេសអាមេរិកនិងវៀតណាម ត្រូវយល់អំពីការលំបាករបស់កម្ពុជា ហើយផ្តល់ការគោរពមួយដល់កម្ពុជា សម្រាប់ការសម្រេចចិត្តនានាលើជោគវាសនារបស់ខ្លួន ក្នុងនាមជាប្រទេសមួយ ដែលមានឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ