ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​សន្យា​ជួយ​ប្រេង និង​ម៉ាស៊ីនបូមទឹក​សង្គ្រោះ​ស្រូវ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន កោះសន្តិភាព បាន​ផ្សាយ​អំពី​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ដាក់​ស្រែ ប្រាំង នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ដោយ​បាន​អំពាវនាវ​សុំ​សប្បុរសជន…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន កោះសន្តិភាព បាន​ផ្សាយ​អំពី​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ដាក់​ស្រែ ប្រាំង នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ដោយ​បាន​អំពាវនាវ​សុំ​សប្បុរសជន និង​មន្ទីរ ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ជា​ប្រេង​ដើម្បី​បូមទឹក​សង្គ្រោះ​ស្រូវ​ឲ្យ​ទាន់​ពេលវេលា​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​មូលដ្ឋាន​ផង​នោះ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ស្រូវប្រាំង​ដែល​កំពុង​តែ​សង្គ្រោះ​នៅ​ចំណុច ឃុំ​ខុន​រ៉​ង ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ និង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មាន​ប្រសាសន៍​ថា​៖ ដោយ​យោង​តាម​សេចក្តី អំពាវនាវ​របស់​អាជ្ញាធរ​មូលដ្ឋាន ថ្ងៃនេះ​ជំនួស​មុខ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​សន្យា​នឹង​ផ្ដល់​ប្រេង និង​ម៉ាស៊ីនបូមទឹក ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក បរិបូណ៌​នេះ​ឲ្យ​ទាន់​ពេលវេលា និង​បន្ត​ជួយ​រហូត​ដល់​ប្រមូល​ផល​រួចរាល់​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា​៖ បើសិន​មានការ​ខ្វះខាត​សូម​ទំនាក់ទំនង​ទៅ​ខាង​មន្ទីរ​ធនធានទឹក ដើម្បី​បន្ថែម​ម៉ាស៊ីន ប្រេង ដើម្បី​បូមទឹក​សង្គ្រោះ​ស្រូវ​ឲ្យ​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ងាប់​ឡើយ​។ ប៉ុន្តែ​ត្រូវ​មាន​ប្រភព​ទឹក​ច្បាស់លាស់​ដែរ ទើប​អាច​ជួយ​បាន​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ ទឹកទន្លេ​ឆ្នាំ​នេះ បាន​ឡើង​ខ្ពស់ ប៉ុន្តែ​នៅ​ពេល​ស្រក​ទៅ​វិញ​គឺ​លឿន​ហួស​កម្រិត និង​ទាប​ជាង​ឆ្នាំ​ចាស់ ជាង​មួយ​ម៉ែត្រ ឯណោះ ទើប​ធ្វើ​ឱ្យ​ទឹក​ជួប​បញ្ហា​។ ជាមួយ​គ្នា​នេះ​លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ តាម​ផែនការ ក្នុង​ខេត្តកំពង់ឆ្នាំង​ស្រូវប្រាំង មាន​ចំនួន ២៩,៥០០ ហិ​កតា ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ធ្វើ​លើស​ផែនការ​រហូត​ទៅ​ដល់​ជាង ៣៤,០០០​ហិ​កតា ឯណោះ ម្ល៉ោះហើយ​កង្វះខាត​ទឹក​គឺ​ចៀស​មិន​ផុត​ឡើយ​។ ម្យ៉ាងវិញទៀត​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​បាន កាប់​រាន​ដី​ថ្មី​ធ្វើ​ឲ្យ​ផ្ទៃដី​ចេះ​តែ​រីក​ធំ ប៉ុន្តែ​ការ​កាប់​រាន​ដី​ថ្មី​នេះ​គឺ​គ្មាន​ប្រភព​ទឹក​ច្បាស់លាស់​។

យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា​៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ឧ​ត្ថ​ម​ប្រេង​ដល់​សហគមន៍​បូមទឹក និង​ម៉ាស៊ីនបូមទឹក​សម្រាប់​បូម​ដាក់​ប្រឡាយ​មេ ដើម្បី​ជួយ​ស្រូវ​របស់​ប្រជាពលរដ្ឋ​។ ជាង​នេះ​ទៅ​ទៀត លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​ជួប​បញ្ហា​ខ្វះខាត​ទឹក​សូម​ទាក់ទង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ទាក់ទង​មក​មន្ទីរ​ធនធានទឹក ដើម្បី​ជួយ​ឲ្យ​ទាន់​ពេលវេលា​។ នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ និង​លោក ចាន់ អាន មេឃុំ​ខុន​រ៉​ង បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋ មន្ត្រី​ក្រសួង​ធនធានទឹក ដែល​បាន​ឧបត្ថម្ភ​ជា​ប្រេង និង​ម៉ាស៊ីន​ជួយ​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ ទូ​ទាំង​ស្រុក​បរិបូណ៌​។ សូម​បញ្ជាក់​ដែរ​ថា ស្រូវ​ដែល​កំពុង​តែ​សង្គ្រោះ​នៅ​ក្នុង​ឃុំ​មេលំ មាន​ចំនួន​១០៧ ហិ​កតា ឃុំ​ខុន​រ៉​ង មាន​ចំនួន ២១០​ហិ​កតា និង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​មាន​ចំនួន ២៨៨​ហិ​កតា​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ