ខេត្តសៀមរាប ៖ អ្នកលក់ផ្កានៅក្រោយព្រះវិហារព្រះអង្គចេកព្រះអង្គចម បានបង្ហាញថា ក្នុងឱកាស បុណ្យចូលឆ្នាំចិននេះ ផ្កាបានលក់ដាច់ជាងថ្ងៃធម្មតា ព្រោះមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបាននាំគ្នាមកទិញ ដើម្បីចូលទៅអុជធូបបួងសួងសុំសេចក្តីសុខចម្រើនទៅតាមប្រពៃណីទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។
អ្នកស្រី ស៊ូ ចាន់ ជាអ្នកលក់ផ្កានៅជាប់របងវិហារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំនេះ ក្នុងមួយថ្ងៃអ្នកស្រីអាចលក់ផ្កាអស់ពីចំនួន៥០០ផ្កា ទៅ២,០០០ផ្កា ឬអាចលើសនេះ ហើយផ្កាដែលលក់ដាច់ជាងគេគឺផ្កាឈូក ខណៈដែលថ្ងៃធម្មតា អ្នកស្រីលក់បានតែចំនួនពី២០០ទៅ៥០០ផ្កា ហើយថ្ងៃខ្លះលក់បានតែចំនួន១០០ផ្កាប៉ុណ្ណោះ។
អ្នកស្រី មានប្រសាសន៍ទៀតថា បើទោះបីពិធីបុណ្យនេះ មិនមែនជាបុណ្យប្រពៃណីខ្មែរក៏ពិតមែន ប៉ុន្តែបងប្អូនខ្មែរ ដែលជាប់សែស្រឡាយចិនទូទាំងប្រទេសកម្ពុជា នៅថ្ងៃនេះបានចេញដើរកម្សាន្តជាច្រើន ហើយក៏បានមកទិញ ផ្កាយកទៅថ្វាយព្រះអង្គចេកព្រះអង្គចម និងលោកយាយទេព ដើម្បីសុំសេចក្តីសុខ ហើយប្រជាពលរដ្ឋដែលមក ទិញផ្កាទាំងនេះ មិនមែនតែអ្នកសៀមរាបទេ គឺភាគច្រើនជាអ្នកមកពីតាមបណ្តាខេត្តផ្សេងៗ ដែលបានមកកម្សាន្ត នៅខេត្តសៀមរាបហើយក៏ចូលមកទិញផ្កាថ្វាយព្រះ។
អ្នកស្រីមានប្រសាសន៍បន្ថែមទៀតថា មុខរបរលក់ផ្ការបស់ ប្រជាពលរដ្ឋនៅជាប់របងវិហារព្រះអង្គចេកព្រះអង្គចមនេះ គឺមានការរៀបចំយ៉ាងមានរបៀបរៀបរយ និងមានការបែងចែកវេនគ្នាមកលក់នៅខាងមុខម្នាក់មួយថ្ងៃ ដើម្បីឱ្យអ្នកលក់ផ្កានៅតំបន់នេះទទួលបានប្រាក់ ចំណូលដូចៗគ្នាផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា រួមជាមួយអ្នកទេសចរជនជាតិបរទេស ដែលបានមកទស្សនាខេត្តសៀមរាប ភាគច្រើនតែងតែបានទៅគោរពប្រតិបត្តិនៅព្រះអង្គចេកព្រះអង្គចម និងលោកយាយទេព ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ជិតព្រះរាជដំណាក់ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីសុំសេចក្តីសុខចម្រើនទៅតាមការជំនឿរបស់ខ្លួន៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ