ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុះគ្នា​ល្អ​ណាស់ពោរពេញ​​ដោយ​ស្នាមញញឹម អ្នក​ភូមិ​​រក​ត្រី​រួម​គ្នា​សម្រាប់​ឡើងអ្នកតា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជាជន​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​រក​ត្រី​រួម​ក្នុង​បឹង​អភិរក្ស​ដើម្បី​ត្រៀម​ឡើង​មាឃ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជាជន​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​រក​ត្រី​រួម​ក្នុង​បឹង​អភិរក្ស​ដើម្បី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​ជា​ទំនៀម​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មិន​ខាន ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​បឹង​មួយ​ដែល​អ្នក​ភូមិ​តែងតែ​អភិរក្ស​ទុក​មិន​អនុញ្ញាត​ឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែមិថុនា ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ។

មេ​ភូមិ​បង្កោង លោក ពេជ្រ ឃិ​ន បានឱ្យ​ដឹង​ថា ពិធី​រក​ត្រី​នេះ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ខែមាឃ បន្ទាប់​ពី​ឯកភាព​ពី​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ និង​បាន​ប្រកាស​កំណត់​ថ្ងៃ​រក​ត្រី​ដើម្បី​យក​ត្រី​ទៅ​ធ្វើ​ទឹក​នំ​បញ្ចុក​និង​ធ្វើ​អាហារ​រួម​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​តាម​ទំនៀម ។

លោក​បន្ត​ថា នៅ​ក្នុង​ផ្ទៃ​បឹង​ទាំងមូល​បាន​ដាក់​សម្រាស់​២​កន្លែង ត្រី​ដែល​ចាប់​បាន​នៅ​បរិវេណ​ខាងក្រៅ​ប្រជាជន​អាច​យក​ទៅ​ធ្វើ​ម្ហូប​ហូប​ជា​លក្ខណៈ​គ្រួសារ រីឯ​ត្រី​ចាប់​ក្នុង​សម្រាស់​ត្រូវ​ទុក​រួម​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក ។

ចំណែក​ពេលវេលា​មិន​អាច​កំណត់​យក​ថ្ងៃ​ណាមួយ​ជាក់​លាស់​បាន​ទេ​ដោយ​អាស្រ័យ​លើ​ទឹក​បឹង បើសិន​ទឹក​បឹង​នៅ​ច្រើន​ក៏​ពន្យា​ពេល​រង់ចាំ​ទឹក​បឹង​រីង​ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ឆ្នាំ​នេះ​ទឹក​សម​ល្មម​អាច​ឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំ​ពេលវេលា​ល្មម ។

លោក ពេជ្រ ឃិ​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រ​កួ​ក​ប្រកាស​ឱ្យ​នេសាទ អ្នក​ភូមិ​បាន​ត្រៀម​នូវ​ឧបករណ៍​សម្រាប់​នេសាទ​បែប​បុរាណ មាន​សំណាញ់ ឈ្នាង អង្រុត មក​ចាំ​កុះករ​នៅ​មាត់បឹង ហើយ​ប្រជាជន​មួយ​ចំនួន​មក​តាំងពី​ម៉ោង​១២​យប់ អ្នកខ្លះ​ក្រោក​មក​តាំងពី​ម៉ោង​៣ ម៉ោង​៤​មក​ម្ល៉េះ ។ នៅ​ឆ្នាំ​នេះ​កម្មវិធី​នេសាទ​ត្រី​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៧ ដោយ​មាន​គណៈកម្មការ​ចាំ​ប្រកាស​មេក្រូ និង​បាញ់​កាំ​ជ្រួញ​ជា​សញ្ញា ។

លោក​បន្ថែម​ថា អ្នក​ភូមិ​ដែល​មក​នេសាទ​ទាំង​អស់នោះ​មិន​ផ្តោត​តែ​លើ​រក​ត្រី​មួយ​មុខ​នោះ​ដែរ គឺ​មក​ជួបជុំ សប្បាយ​រីករាយ និង​មាន​សាមគ្គីភាព​កាន់តែ​ស្និ​ទ្ធិ​ស្នាល​រវាង​ប្រជាជន​នៅ​ក្នុងភូមិ​ថែម​ទៀត​ផង ។

លោកស្រី ហេ​ន ទេ​ត អ្នក​ភូមិ​បង្កោង បានឱ្យ​ដឹង​ថា គ្រួសារ លោកស្រី​ក៏​ដូច​ប្រជាជន​ផ្សេង​ទៀត​មក​នេសាទ​ត្រី ហើយ​យក​ត្រី​ដែល​រកបាន​មួយ​ចំនួន​យក​ទៅ​ធ្វើ​ទឹក​នំ​បញ្ចុក​ដើម្បី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា និង​មួយ​ចំនួន​ទៀត​សម្រាប់​ធ្វើ​ម្ហូប ។

លោកស្រី​បញ្ជាក់​ថា ការ​រក​ត្រី​ឡើង​មាឃ​នេះ​មាន​ជា​យូរ​មក​ហើយ ចាស់​ៗ​ក្នុងភូមិ​បាន​ធ្វើ​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​ពិធី​នេះ​នៅ​គង់វង្ស​ដោយសារ​តែ​អ្នក​ភូមិ​បន្ត​ប្រតិបត្តិ​រហូត​មក​ដល់​សព្វថ្ងៃ នឹង​បន្ត​ទៅ​ជំនាន់​ក្រោយ​ៗ​ទៀត ។

គួរ​រំឭក​ដែរ​ថា តំបន់​រមណីយដ្ឋាន អង្គរ ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅ​ដោយ​មរតក​អរូបី​ជា​ច្រើន ហើយ​ត្រូវ​បាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​បច្ចុប្បន្ន ។ ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា ក៏​ជា​ទំនៀមទម្លាប់ ប្រពៃណី​មួយ​ក្នុង​ចំណោម​បេតិកភណ្ឌ​អរូបី​ជា​ច្រើន​ប្រតិបត្តិ​ដោយ​អ្នកស្រុក​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ