ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់រស់នៅគួរឱ្យសង្វេគក្នុងខ្ទមយ៉ាងកំសត់តូចមួយ ដោយយកភួយធ្វើជាកន្ទេល ឯកន្ទេលធ្វើជាដំបូលនៅលើដីចំណីផ្លូវ រស់នៅអាស្រ័យអ្នកស្រុក ក៏ដូចជាអាជ្ញាធរផ្តល់អាហារឱ្យ។
បុរសខាងលើឈ្មោះស៊ាង នឿន អាយុ៣៩ឆ្នាំ ជាជនពិការជើងស្តាំដោយសារគ្រោះថ្នាក់ដួលលើទូកនេសាទថៃក្នុងខេត្តរ៉ាក់យ៉ងកាលពីជាង៥ឆ្នាំមុន និងបច្ចុប្បន្នរស់នៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
បុរសខាងលើបានរៀបរាប់ប្រាប់ឱ្យដឹងថា ឪពុករបស់គាត់ត្រូវគេបាញ់ស្លាប់តាំងពីសម័យសង្គ្រាម ហើយម្តាយរបស់គាត់ក៏មានប្តីចុង រស់នៅឯស្រុកសំពៅលូន ខេត្តបាត់ដំបង។
បុរសដដែលបន្តថា គាត់ជាកូនទោល មានន័យថាម្តាយមានតែគាត់ម្នាក់ ពុំមានកូនផ្សេងឡើយ ដោយសារគាត់ខឹងម្តាយមានប្តីចុងពិបាករស់នៅជាមួយ គាត់ក៏ទៅធ្វើជាពលករលើទឹកដីថៃនៅខេត្តរ៉ាក់យ៉ង លុះមានគ្រោះថ្នាក់របួសធ្ងន់ដោយសារជាន់ផ្កាថ្មដួលលើទូកនេសាទថៃ ក៏វិលត្រឡប់មករស់នៅក្នុងភូមិឃុំខាងលើអស់រយៈពេលជិត៥ឆ្នាំមកហើយ។
បុរសដដែលបន្តទៀតថាពីមុនគាត់រស់នៅជាមួយគ្រួសារមួយក្នុងភូមិឃុំខាងលើ ប៉ុន្តែមួយរយៈចុងក្រោយនេះគ្រួសារដែលគាត់ធ្លាប់សុំរស់នៅជាមួយ តែគ្រួសារនោះបានលក់ដី ហើយគាត់ក៏ទៅរស់នៅលើដីចំណីផ្លូវជាទីតាំងបច្ចុប្បន្ននេះតែម្តង ។
បុរសកំសត់ខាងលើបានរៀបរាប់បន្តទៀតថា កន្លងមក ពេលជំងឺធ្វើទុក្ខម្តងៗ គាត់មានការពិបាកជាងស្លាប់ទៅទៀត ហើយគាត់ក៏បានទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងស្រុកថ្មពួកដើម្បីសម្រាកព្យាបាលដែរ ។ គាត់បានបន្តថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យគេមិនយកប្រាក់នោះទេ ប៉ុន្តែសំខាន់គាត់គ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយចុះឡើងនិងសម្រាប់ចាយវាយនៅក្នុងមន្ទីរពេទ្យនោះទេ។
តាមប្រភពព័ត៌មានពីគ្រួសារមួយជាអាជីវករលក់គ្រឿងទេសនៅជាប់ផ្លូវចូលទៅច្រករបៀងប្រាសាទត្បែងបានប្រាប់កោះសន្តិភាពឱ្យដឹងថា បុរសខាងលើជាមនុស្សត្រឹមត្រូវ មិនមែនជាមនុស្សវិកលចរិក ឬមនុស្សឆ្កួតនោះទេ។
គ្រួសារខាងលើបានបន្តថា ដោយសារការអាណិតអាសូរបុរសកំសត់ខាងលើ គ្រួសារគាត់ក៏ដូចជាអ្នកស្រុក មិនតែប៉ុណ្ណោះថែមទាំងសមត្ថកិច្ច ពិសេសអាជ្ញាធរភូមិតែងតែផ្តល់បាយទឹក ជួនសម្លៀកបំពាក់ ជួនជាអង្ករ និងពេលខ្លះជូនជាថវិកាដើម្បីឱ្យបុរសខាងលើទិញនំចំណីហូបទៀតផង។
បុរសកំសត់ខាងលើបាននិយាយថា គាត់ចង់ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ប៉ុន្តែគាត់គ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយ និងសម្រាប់ចាយវាយពេលសម្រាកព្យាបាលនោះទេ ព្រោះគាត់គ្មានសាច់ញាតិ ហើយបុរសខាងលើក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយដល់គាត់ផង៕
ចែករំលែកព័តមាននេះ