រាជធានីភ្នំពេញ ៖ សាលាឯកជននៅរាជធានីភ្នំពេញទាំងអស់ ត្រូវបានសិស្សប្រាប់ថាគេប្រកាសឈប់សម្រាក៣ថ្ងៃ រីឯសាលារដ្ឋសិស្សមករៀនតិចតួច ឬមកហើយបាន១ម៉ោង ឬ២ម៉ោង ក៏ចេញទៅផ្ទះវិញអស់ទៅ ទាំងអនុវិទ្យាល័យនិងវិទ្យាល័យ ចាប់ពីថ្ងៃទី៤ដល់ទី៥ ខែកុម្ភៈត្រូវនឹងថ្ងៃសែនចិននិងចូលឆ្នាំប្រពៃណីចិន-វៀតណាម ទោះបីមិនមានច្បាប់អនុញ្ញាតឲ្យឈប់សម្រាកក៏ដោយ ។ រីឯសម្រាប់សាលាបឋមសិក្សាវិញ មានសិស្សមករៀនធម្មតា តែក៏អវត្តមានច្រើនដែរ។
នៅតាមសាលារដ្ឋ គណៈគ្រប់គ្រងសាលាបានណែនាំសិស្សថា មិនអនុញ្ញាតឲ្យឈប់ទេ ពេលបុណ្យចូលឆ្នាំចិន ហើយបើសិស្សឈប់ឥតច្បាប់នឹងត្រូវទទួលពិន័យដាក់អវត្តមានមួយគុណនឹង៥ដង(១x៥) ឬត្រូវប្រឡងឡើងថ្នាក់ផង ។ បើចង់ឈប់ត្រូវសរសេរលិខិតសុំច្បាប់គឺឈប់១ថ្ងៃច្បាប់១ដង ។ នេះជាវិធានការសម្រាប់ទប់ស្កាត់ការឈប់ឥតច្បាប់ ឬចៀសវាងអត់មានសិស្ស សាលាត្រូវបិទទ្វារ ។
តាមមាតាបិតាសិស្សដែលមកទទួលកូនពីសាលា នៅរសៀលថ្ងៃទី៥ កុម្ភៈ និយាយថា កូនគាត់ដែលមករៀនពេលបុណ្យចូលឆ្នាំចិននេះប្រាប់ថា សាលាមិនរៀនទេ ព្រោះសិស្សមករៀនមួយថ្នាក់បានតែ១០ទៅ១៥នាក់ ។ ស្រី្តវ័យជាង៣០ឆ្នាំម្នាក់ និយាយថា សាលារដ្ឋមិនបិទទ្វារទេ តែសាលាឯកជនវិញបិទទ្វារតែម្តង ហើយសិស្សសាលារដ្ឋឃើញសាលាឯកជនឈប់ ពួកគេរួមទាំងកូនគាត់ផងមកសាលាដូចមកលេង ហើយគាត់ដឹងបែបនេះ ក៏មកតាមកូនព្រោះខ្លាចគេទៅហួសសាលាមានគ្រោះថ្នាក់ ។
ទោះបីជាយ៉ាងណា អ្នកយកព័ត៌មានយើង មិនអាចទទួលបានការបំភ្លឺពីអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក ឌី ខាំប៉ូលី បានទេ ព្រោះទំនាក់ទំនងតាមសារអេឡិចត្រូនិកនៅរសៀលថ្ងៃទី៥ កុម្ភៈ លោកមិនទាន់ឆ្លើយតបនៅឡើយ ។ ប៉ុន្តែបើតាមអាណាព្យាបាលសិស្សខាងលើបានលើកឡើងថា គាត់បានឃើញ
ប្រតិកម្មរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហោះតបនឹងសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ ដែលបានប្រកាសឲ្យសិស្សឈប់ ដោយគ្មានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល ។
តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកកុយ សេដា នាយកវិទ្យាល័យទួលទំពូង កាលពីថ្ងៃទី៤ ខែកុម្ភៈ បានបង្ហោះដោយបង្ហាញថា សិស្សមករៀនដោយបង្ហាញរូបភាពសិស្សឈរគោរពទង់ជាតិក្នុងបរិវេណសាលានាពេលព្រឹក ។ ទោះបីជាយ៉ាងណា វិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ពេលរសៀលមិនសូវមានសិស្សមករៀនទេ ។
អាណាព្យាបាលសិស្សភាគច្រើន សំណូមពរឲ្យក្រសួងអប់រំមានវិធានការច្បាប់បន្ថែមទៀត ទាំងសាលារដ្ឋនិងសាលាឯកជន ។ ការឈប់សម្រាកដែលមិនមានចែងក្នុងច្បាប់គួរចៀសវាងដូចគ្នា មិនថាសាលាឯកជន ឬសាលារដ្ឋទេ ព្រោះវាពិតជាប៉ះពាល់ដល់ច្បាប់ជាតិ និងទម្លាប់មិនល្អរបស់សិស្សនិងគ្រូ ។ គាត់បានលើកឡើងថាមិនត្រូវឲ្យប្រពៃណីបែបនេះមកគ្របដណ្តប់លើច្បាប់ជាតិឡើយ ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានអំពាវនាវឲ្យអាណាព្យាបាល និងមាតាបិតាសិស្ស ជំរុញដល់កូនៗរបស់ពួកគាត់មករៀនឲ្យបានគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដើម្បីឲ្យពួកគេទទួលបានការសិក្សា ។ លោករដ្ឋមន្ត្រីបានណែនាំដល់អាណាព្យាបាល និងមាតាបិតាសិស្ស កុំដាក់កម្មវិធីដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ដើម្បីឲ្យកូនៗបានមករៀនគ្រប់ៗគ្នា ។ ការអំពាវនាវរបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានធ្វើឡើងបន្ទាប់ពីប៉ុន្មានឆ្នាំមកនេះនៅពេលបុណ្យចូលឆ្នាំចិនម្តងៗមិនសូវមានសិស្ស មករៀនទេ ហើយជាទូទៅសាលាបានបិទទ្វារដោយសារតែមានឪពុកម្តាយខ្លះនាំកូនៗរបស់ខ្លួនទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានានៅក្នុងប្រទេស និងក្រៅប្រទេស ។
ជាវិធានការ លោករដ្ឋមន្ត្រីបានណែនាំដល់គ្រប់សាលារៀនទាំងអស់ ពិសេសសាលារៀននៅក្នុងរាជ
ធានីភ្នំពេញ ត្រូវបើកទ្វារបង្រៀនសិស្សានុសិស្ស ហើយក្នុងករណីសាលាណាមួយបិទទ្វារនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្រសួងនឹងមានវិធានការតាមច្បាប់រដ្ឋបាល ។ នាយកសាលាបឋមសិក្សាមួយបានឲ្យ
ដឹងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈថា ជាទូទៅឲ្យតែជិត ដល់ថ្ងៃចូលឆ្នាំចិន សាលាតែងណែនាំដល់អាណា
ព្យាបាល មាតាបិតាសិស្ស និងសិស្សរួចហើយថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀត ណាមនេះ សាលាបើកទ្វារបង្រៀនសិស្សដូចថ្ងៃធម្មតាដែរ ព្រោះថាពិធីបុណ្យនេះមិនមានការឈប់សម្រាកនៅក្នុងប្រតិទិនដែលកំណត់ដោយច្បាប់របស់រាជរដ្ឋាភិបាលនោះទេ ។ លោកនាយកសាលា បានគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់លោករដ្ឋមន្ត្រី ដែលបានណែនាំដល់អាណាព្យាបាលនិងមាតាបិតាសិស្ស
កុំដាក់កម្មវិធីទៅដើរកម្សាន្ត ដើម្បីឲ្យកូនៗពួកគាត់បានមករៀន ។
មានការកត់សម្គាល់ថា នៅថ្ងៃទី៤ ខែកុម្ភៈដែលជាថ្ងៃសែនចិន សាលារៀននៅក្នុងរាជធានីភ្នំពេញមានសិស្សមករៀនដូចថ្ងៃធម្មតា និងមានសាលាតិចតួចប៉ុណ្ណោះដែលមានសិស្សអវត្ត មាន ។ ប៉ុន្តែនៅថ្ងៃបុណ្យចូលឆ្នាំចិនទី២ ឬទី៣ សិស្សតែងអវត្តមានច្រើន ដោយសារតែអាណាព្យាបាលនិងមាតាបិតាសិស្សខ្លះ នាំកូនចៅទៅដើរកម្សាន្ត ខណៈដែលសាលាបើកទ្វារធម្មតាតែគ្មានសិស្ស ៕
ចែករំលែកព័តមាននេះ