រាជធានីភ្នំពេញ ៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នវិវាទដីធ្លីមានបញ្ហាប្រឈមយ៉ាងច្រើន គឺបានកើតចេញពីការកើនឡើងនៃកំណើនប្រជាជន និងសេដ្ឋកិច្ច ជាពិសេសច្រើនកើតឡើងពីការបញ្ជាក់ប្លង់ដីជាន់គ្នា ។
លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានលើកឡើងកាលពីដំណាច់ខែមករាកន្លងមកថា ការងាររដ្ឋបាលដីធ្លី ការិយាល័យរៀបចំដែនដីស្រុក ត្រូវជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតាមការកំណត់ រួមជាមួយការចុះបញ្ជីដីរដ្ឋជារូបវ័ន្ត ដែលជាទិសដៅក្រសួងបានជំរុញឲ្យមានការចុះបញ្ជីដីវត្ត ជូនគណៈកម្មការវត្តជាអ្នកគ្រប់គ្រង ដូច្នេះសូមឲ្យមេឃុំ ឬប្រធានក្រុមប្រឹក្សាឃុំ ត្រូវយកចិត្តទុកដាក់ការចុះឲ្យបានទាន់ពេលវេលា ដែលកន្លងមកការចុះបញ្ជីដីវត្តនេះ មានការយឺតយ៉ាវ ហើយក៏ត្រូវការចុះបញ្ជីដីតាមទីទួលបុរាណផងដែរ ។ ចំណែកអ្វីដែលត្រូវយកចិត្តទុកដាក់បន្ត អាជ្ញាធរឃុំត្រូវជួយមើលបញ្ហាដីរដ្ឋដែលនៅសេសសល់ ដើម្បីបន្តចុះបញ្ជីបន្ថែមទៅជាកម្មសិទ្ធិរបស់រដ្ឋផងដែរ ។
លោកបន្តថា ដើម្បីជំរុញការចុះបញ្ជីឲ្យមានតម្លាភាព ភាពត្រឹមត្រូវ និងយុតិ្តធម៌ គឺសូមឲ្យមានការចូលរួមជាសកម្មពីអាជ្ញាធរមូលដ្ឋាន ឬម្ចាស់ក្បាលដីពីភាគីពាក់ព័ន្ធនានា ព្រោះតាមផែនការមន្ទីរ គឺជំរុញការចុះបញ្ជីក្នុង១ខែឲ្យបានចំនួន១ពាន់ក្បាលដីឡើង និងការពន្លឿនកសាងឯកសារ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ទៅតាមបរិបថ និងពេលវេលាដែលបានកំណត់ ។
លោក លឹម ចាន់សូភ ីបានបន្តថា ខណៈដែលវិស័យអចលទ្រព្យដីធ្លី កំពុងមានកំណើនល្អក្នុងវិស័យសេដ្ឋកិច្ច ហេតុនេះដើម្បីរក្សាឲ្យមានចីរភាព និងស្ថិរភាព ក្រសួងបានជំរុញអនុវត្តតាមផែនការមេធំៗជាច្រើន ក្រៅពីការអនុវត្តផែនការខាងលើ មន្ទីរនឹងជំរុ្ការកសាងប្លង់គោលនៅតាមបណ្តាស្រុកនានា នៅទូទាំងខេត្តឲ្យបានចប់នៅត្រឹមឆ្នាំ២០២០ ដើម្បីចៀសវាងនូវវិបត្តិនៅពេលខាងមុខនៅលើបញ្ហាដីធ្លី និងវិស័យអចលនទ្រព្យ ។
យោងតាមរបាយការណ៍លទ្ធផលសង្ខេបនៃការអនុវត្តការងាររយៈពេល២០ឆ្នាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០១៨ ក្រសួងទទួលករណីវិវាទដីធ្លីចំនួន៩.១៣១ករណី ក្នុងនោះដោះស្រាយបញ្ចប់បានចំនួន៣.៩៦០ករណី ច្រានចោលចំនួន២.៨៥៤ករណី ដកពាក្យបណ្តឹងវិញចំនួន៨៥៨ករណី និងកំពុងដោះស្រាយចំនួន១.៤៥៩ករណី ៕
ចែករំលែកព័តមាននេះ