រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានចុះអនុស្សរណៈយោគយល់គ្នា ដោយដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ QR code ដើម្បីសម្រួលដល់ការទូទាត់នៃប្រទេសទាំងពីរ ។ នេះបើយោងតាមធនាគារជាតិ នៃកម្ពុជា ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣ កុម្ភៈ កន្លងមក បានឱ្យដឹងថា ធនាគារកណ្តាលទាំងពីរកម្ពុជា-ថៃ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តន៍នៃការទូទាត់និងហិរញ្ញវត្ថុ ។ អនុស្សរណៈនេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដាប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តន៍វិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ ។
សេចក្តីប្រកាសបានបន្ថែមថា ៖« ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជា និងរវាងប្រទេសទាំងពីរ »។ ធនាគារជាតិបញ្ជាក់ថា ៖« គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវប្រយោជន៍ជាច្រើនទាំងក្នុង និងក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រនិងថ្នាក់កណ្តាល »។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំទ្វេភាគី ជាមួយលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្ដាលថៃថា អនុស្សរណៈយោគយល់នេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដាប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងនិងក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តន៍វិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ ។ លោកបន្ថែមថា ៖« លើសពីនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ »។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បានលើកឡើងកាលពីពេលថ្មីៗនេះថា ៖« នៅពេលធនគារកណ្តាលនៃប្រទេសទាំងពីរដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់ធ្វើការទូទាត់ទូ វានឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចទាំងសងខាង ។ លោកថា ៖« ថៃចំណេញសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យពលរដ្ឋខ្មែរចាយវាយនៅក្នុងប្រទេសថៃច្រើន ។ ចំណែកកម្ពុជាវិញ ពិសេសធ្វើឱ្យកម្មករដែលធ្វើការនៅប្រទេសថៃកាត់បន្ថយនូវហានិភ័យទៅលើការផ្ទេរលុយតាមរយៈអ្នកស្គាល់គ្នា ដែលប្រឈមនឹងការបាត់បង់ រួមនឹងបញ្ហាផ្សេងទៀតជាដើម »។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា ប្រព័ន្ធនេះចូលរួមជំរុញការប្រើប្រាស់លុយរៀលខ្មែរបានមួយចំណែក ដោយសារការប្រើប្រាស់ QR Code នៅគ្រាដំបូងមានកម្រិត ប៉ុន្តែបើសិនចំនួនអ្នកប្រើប្រាស់បានកាន់តែច្រើន នោះនឹងធ្វើឱ្យការងារនេះបានកាន់តែល្អ ទាំងការប្រើប្រាស់ប្រាក់រៀលនិងកាត់បន្ថយនូវហានិភ័យដល់កម្មករខ្មែរនៅប្រទេសថៃ ៕
ចែករំលែកព័តមាននេះ