ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលទទួលផែនចរាចរណ៍ផ្លូវគោគនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ ខេត្តកំពតបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចបំពង់ទឹក ដែលស្ថិតក្នុងភូមិកណ្ដាល ឃុំកោះតូច ស្រុកទឹឈូ ខេត្តកំពត កាលពីវេលាម៉ោង២២និង៣៦នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣A កំពត-ព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កចង្កូតស្ដាំ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ PP – 1179 អ្នកបើកបររថយន្តក្រោយពីដឹងថា មានអ្នកជិះម៉ូតូមកបុកគូថរថយន្តបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ក៏បានដាក់មេប្រូចគេចខ្លួនបាត់ស្រម៉ោល ប៉ុន្តែជនរងគ្រោះមិនបានស្លាប់ទេ គ្រាន់ តែរងរបួសធ្ងន់សន្លប់នៅកន្លែងកើតហេតុ ម្ចាស់រថយន្តឃើញដូច្នេះស្មានថា ជនរងគ្រោះស្លាប់ក៏ដាក់មេប្រូចតែម្តងទៅ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កនេះ គឺជារថយន្តខូចមានជាងកំពុងជួសជុល មានដាក់ផ្លាកសញ្ញា និងភ្លើងស៊ីញ៉ូត្រឹមត្រូវដែរ តែមកពីម៉ូតូបើកក្នុងល្បឿនលឿនពេកមិនបានមើលផ្លាកសញ្ញាខាងមុខ ។ ម៉ូតូជនរងគ្រោះម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1N- 9342 បើកបរដោយឈ្មោះ សែម សុខរិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកអំពឹល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
មូលហេតុ មកពីអ្នកបើកបរម៉ូតូបើកលឿនពេកទើបបុកគូទរថយន្តពីក្រោយបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពត ។ បច្ចុប្បន្នវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកោះតូច ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ