ខេត្តប៉ៃលិន ៖ បុរសម្នាក់ជួបជុំផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រឹករហូតដល់ល្ងាច លុះស្រវឹងជោក ក៏បើកបរម៉ូតូតែម្នាក់ឯងបម្រុងត្រឡប់ទៅផ្ទះ បណ្តាលឱ្យរេចង្កូតពេញផ្លូវ រួចក៏ដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលូដាច់ផ្លូវលំ១ខ្សែ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជង់ គង់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានផឹកស្រាជាមួយមិត្តភក្តិរបស់ខ្លួនរហូតដល់ពេលយប់ ទើបបែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ ចំណែកឯជនរងគ្រោះបានបើកបរម៉ូតូទាំងសភាពទ្រេតទ្រោត លុះបានមួយសន្ទុះ ស្រាប់តែរេចង្កូតពេញផ្លូវ បណ្តាលឱ្យដួលតែម្នាក់ឯងរងរបួសធ្ងន់តែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯម៉ូតូត្រូវបាននគរបាលប្រគល់ជូនទៅអោយសាច់ញាតិរបស់ជនរងគ្រោះយកទៅជួសជុលវិញផងដែរ ។
ចែករំលែកព័តមាននេះ