រាជធានីភ្នំពេញ ៖ ក្នុងពេលវិស័យអចលនទ្រព្យនៅតែមានសក្ដានុពលក្នុងការអភិវឌ្ឍ និងវិនិយោគិនតម្រូវការអ្នកជំនាញប្រឹក្សា ផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យនេះក៏នៅតែមានខ្ពស់ ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនក្នុងនិងក្រៅប្រទេស ក្នុងការពង្រីកសេវារបស់ខ្លួន ដើម្បីផ្ដល់ជូនអ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ ។
បើតាមលោក គុយ វ៉ាត ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យដែលនាំចូលសិទ្ធិអាជីវកម្មពីប្រទេសអាមេរិក Century 21 Cambodia បានឲ្យដឹងថា លោកនៅតែមើលឃើញថា វិស័យអចលនវត្ថុកម្ពុជា មានសក្ដានុពលសម្រាប់ពង្រីក និងអភិវឌ្ឍន៍បន្តទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខ និងឆ្នាំទៅមុខៗទៀត ដែលជាហេតុធ្វើឲ្យមានតម្រូវការ អ្នកជំនាញ ប្រឹក្សា និងអ្នកផ្ដល់សេវាទិញលក់ ជួលអចលនទ្រព្យកាន់តែច្រើន ។ លោកបន្ដថា ៖« យើងអាចមើលដឹងថា វិស័យអចលនវត្ថុមានសក្ដានុពលខ្ពស់ តាមរយៈការរីកដុះដាលនៃវិស័យសំណង់ និងការឡើងថ្លៃជាបន្តបន្ទាប់ នៃតម្លៃដីធ្លី ជាពិសេសដីធ្លី នៅតំបន់ជាងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងទៀត »។
លោកបន្តថា ក្នុងពេលវិស័យនេះ កំពុងរីកលូតលាស់ដូច្នេះ តម្រូវការសេវាកម្មអចលនទ្រព្យ ដូចជាប្រឹក្សា ទិញលក់ និងជួលអចលនទ្រព្យ នៅកម្ពុជា ក៏កំពុងតែមានតម្រូវការខ្ពស់ដូចគ្នា និងជាឱកាសសម្រាប់ការពង្រីកខ្លួន ហើយជាក់ស្ដែង ចាប់តាំងពី Century 21 Cambodia បានពង្រីកសាខាផ្ដល់សេវាកម្មអចលនទ្រព្យជាបន្តបន្ទាប់ តាំងពីសាខា១រហូតដល់បង្កើតសាខា៤នៅកម្ពុជា ហើយក៏មានក្រុមហ៊ុនជាច្រើនទៀត បាននិងកំពុងពង្រីកខ្លួនដូចគ្នា ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថា បើក្រលេកទៅមើលសក្ដានុពលវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជា ធៀបនឹងបណ្ដាប្រទេសជិតខាងក៏ដូចជាប្រទេសនានា ក្នុងតំបន់អាស៊ាន ជាក់ស្ដែង បើនិយាយពីតម្លៃដីធ្លីនៅកម្ពុជា មានខ្ពស់បំផុតត្រឹមតែជាង៧ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ហើយមានតិចបំផុត ខណៈនៅប្រទេសថៃ វាបានឡើងដល់ជាង១ម៉ឺនដុល្លារអាមេរិកទៅហើយ ក្នុងមួយម៉ែត្រការ៉េ ។ លោកបន្តថា នៅកម្ពុជា នៅមានដីទំនេរច្រើន សម្រាប់ការពង្រីកនិងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលមិនទាន់ចង្អៀតនោះទេ ហើយទាំងនេះ គឺជាឱកាសសម្រាប់អ្នកដែលមានជំនាញ ក្នុងវិស័យអចលនទ្រព្យ សម្រាប់ផ្ដល់សេវាកម្ម ប្រឹក្សា ទិញលក់ និងជួលជាដើម។ លោកថា ៖« បើក្រលេកទៅមើលការទិញលក់អចលនទ្រព្យនៅកម្ពុជា ភាគច្រើនមិនបានឆ្លងកាត់អ្នកជំនាញ ឬក្រុមហ៊ុនជំនាញនោះទេ គឺធ្វើឡើងតាមរយៈផ្ទាល់ៗតែម្ដង និងបានធ្វើឲ្យការទិញលក់នេះមានភាពយឺតយ៉ាវ ឬ មិនស្របទៅតាមទីផ្សារ » ។
លោកបញ្ជាក់ថា សក្ដានុពលអភិវឌ្ឍន៍អចលនទ្រព្យ នៅភ្នំពេញ នាពេលនេះមានស្ទើរគ្រប់កន្លែងទាំងអស់ ដោយសារតែកំណើននៃវិនិយោគិនមកពីក្រៅប្រទេស និងស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស មានភាពល្អប្រសើរ ជាពិសេសស្ថានភាពនយោបាយក្នុងប្រទេសផ្ទាល់តែម្ដង ដោយក្នុងរយៈពេលប៉ុន្មានមកនេះគឺមានភាពល្អប្រសើរ ដែលជាកត្តាទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេសមកអភិវឌ្ឍន៍ ៕
ចែករំលែកព័តមាននេះ