រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអំពាវនាវឲ្យប្រជាពលរដ្ឋចងកំហឹងជាមួយលោក សម រង្ស៊ី រឿងសហគមន៍អឺរ៉ុបលើកលែងពន្ធមកលើកម្ពុជា (EBA) ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១ កុម្ភៈ នេះថា នៅក្នុងពេលដែលប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជាកំពុងព្រួយបារម្ភពីបញ្ហាសហគមន៍អឺរ៉ុបកំពុងពិចារណាត្រៀមលុបប្រព័ន្ធលើកលែងពន្ធលើទំនិញនាំចូលពីកម្ពុជា EBA ទណ្ឌិត សម រង្ស៊ី បានប្រកាសក្តែងៗថាការដែលសហគមន៍អឺរ៉ុបលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ គឺដោយសារស្នាដៃខ្លួនតែម្នាក់គត់ដែលធ្វើការនេះជាមួយសហគមន៍អឺរ៉ុប ។
លោកបញ្ជាក់ថា«ការប្រកាសនេះរបស់ទណ្ឌិត សម រង្ស៊ី បញ្ជាក់ច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាអ្នកសម្លាប់ប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជាយ៉ាងជាក់ស្តែងដែលធ្វើឲ្យប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជាឃើញកាន់តែច្បាស់ពីទង្វើក្បត់ជាតិ និងពិសពុលរបស់ទណ្ឌិតរូបនេះ ដែលមិនអាចប្រកែកបានឡើយ» ។ លោកក៏បានលើកឡើងថា ដោយសារតែមហិច្ឆតាអំណាចបុគ្គលទណ្ឌិតនេះហ៊ានទៅទទូចសុំឲ្យបរទេសសម្លាប់ប្រជាជនកម្ពុជា និងកម្មករ និយោជិតកម្ពុជារាប់លាននាក់ឲ្យរងទុក្ខវេទនាដោយគ្មានស្រណោះដែលបញ្ហានេះបានចេញពីមាត់ទណ្ឌិតរូបនេះផ្ទាល់តែម្តង ។
លោកបញ្ជាក់ថា«ដូច្នេះចាប់ពីពេលនេះតទៅប្រជាជនកម្ពុជា និងកម្មករនិយោជិតកម្ពុជាសូមចំណាំមុខទណ្ឌិតនេះទុក ក្នុងខួរក្បាលរបស់ខ្លួនគ្រប់ៗគ្នា ហើយប្តេជ្ញាឈប់ជឿ និងចងគំនុំ និងកំហឹងជាមួយទណ្ឌិតរូបនេះជារៀងរហូតតទៅ» ។ សូមរឮកថា លោក សម រង្ស៊ី អតីតគណបក្សសង្គ្រោះជាតិបានដើរកៀរគអន្តរជាតិដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ។ កាលពីថ្មីៗនេះលោក សម រង្ស៊ី ក្រឡះសំដីថា គណបក្សសង្គ្រោះជាតិមិនប៉ះពាល់នឹងការដាក់ទណ្ឌកម្មរបស់អន្តរជាតិមកលើកម្ពុជានោះទេ ។ លោកថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ចរចាជាមួយសហគមន៍អឺរ៉ុប ហើយលោកនឹងជួយនិយាយ ដើម្បីឲ្យគេផ្តល់អនុគ្រោះពន្ធមកលើកម្ពុជាវិញផងដែរ ៕
ចែករំលែកព័តមាននេះ