ខេត្តបន្ទាយមានជ័យ ៖ មុននេះបន្តិចម៉ោងជាង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវដើមពុទ្រាបត់ចូលទៅសណ្ឋាគារ ហ្គោដវើល គេឃើញមានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនគរបាលក្រុងប៉ោយប៉ែតជួបគ្នាហាក់ខុសពីធម្មតាគេសង្ស័យថា អាចកើតចេញពីរឿងត្រួតពិនិត្យជនបរទេស(ចិន)ឬអាចយល់ច្រឡំគ្នាក៏ថាបាន ។
ប្រភពថា ខាងនគរបាលអន្តោប្រវេសន៍ត្រួតពិនិត្យជនបរទេសរកអ្នកដើរហើរមិនយកឯកសារតាមខ្លួនដើម្បីអប់រំ ប៉ុន្តែសង្ស័យមានការយល់ច្រឡំគ្នាជាមួយម្ចាស់សណ្ឋាគារក៏កើតចេញជាបញ្ហាឡើងតែម្តង ។
ករណីនេះលោកវរសេនីយ៍ត្រី សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទលោកមិនទាន់ដឹងច្បាស់នៅឡើយទេ ។
លោកវរសេនយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ដំបូងខាងម្ចាស់សណ្ឋាគារទូរស័ព្ទប្រាប់ថា មានសមត្ថកិច្ចចុះទៅត្រួតពិនិត្យជនបរទេសបន្ទាប់មកមានជម្លោះជាមួយសន្តិសុខសណ្ឋាគារខាងលើ និងអ្នករត់ម៉ូតូឌុបលោកក៏ដឹកនាំកម្លាំងទៅសម្របសម្រួលកុំឱ្យមានបញ្ហា ។
ដោយឡែកប្រភពមួយទៀតបង្ហើបថា ខណៈឃើញនគរបាលអន្តោប្រវេសន៍ត្រួតពិនិត្យជនបរទេសចំណុចផ្លូវចេញពីចហៀងសណ្ឋាគារនោះម្ចាស់សណ្ឋាគារសង្ស័យយល់ច្រឡំថា ប៉ះពាល់ជនបរទេសដែលស្នាក់នៅទីនោះក៏សួរនាំទើបកើតមានបញ្ហា ។
ជុំវិញករណីនេះលោក អ៑ុយ ឆាយ ម្ចាស់សណ្ឋាគារហ្គោដវើលប្រាប់តាមទូរស័ព្ទថា ដំបូងឃើញនគរបាលអន្តោប្រវេសន៍ទៅត្រួតពិនិត្យជនបរទេសនៅម្តុំផ្លូវចូលសណ្ឋាគាររបស់លោក ហើយក្រុមសន្តិសុខសណ្ឋាគារសួរនាំ និងមានជម្លោះជាមួយអ្នកម៉ូតូឌុបផងដែរ ។
លោកបន្តថា ក្រោយពីសួរនាំដឹងថា ជាកម្លាំងរបស់ខាងអន្តោប្រវេសន៍លោកក៏សុំឱ្យនៅស្ថៀមសិនដើម្បីសាកសួរទៅជំនាញថា តើជាការពិតអត់ក៏កើតមានជាបញ្ហាព្រោះតែការយល់ច្រឡំគ្នាតែម្តង ។ លោកថា ពេលនេះបញ្ហាបញ្ចប់ហើយគឺដកខ្លួនចេញពីចំណុចកើតហេតុរៀងខ្លួនៗ ។
គួរបញ្ជាក់ថា ចំណុចផ្លូវចូលជាប់សណ្ឋាគារខាងលើជាផ្លូវកាត់មួយចេញពីទឹកដីកាស៑ីណូសង្ស័យជនបរទេសអាចធ្វើដំណើចេញចូលតាមនោះគេចបារ៉ាស់ត្រួតពិនិត្យទើបនគរបាលអន្តោប្រវេសន៍ទៅឈរជើងត្រួតពិនិត្យនៅទីនោះ ៕
ចែករំលែកព័តមាននេះ