ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​តាម​រយៈ​ស្ថានភាព​សក់​អាច​ដឹង​ពី​សុខ​ភាព​អ្នក​បាន

5 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​គិត​ថា ស្ថានភាព​នៃ​សក់​របស់​ពួក​គេ គឺ​អាស្រ័យ​លើ​របៀប​ដែល​ពួក​គេ​ថែរក្សា​វា និង​កត្តា​ខាងក្រៅ ផ្សេង​ៗ​ទៀត ។ ប៉ុន្តែ​ជាក់ស្ដែង​ស្ថានភាព​នៃ​សក់ រួម​ជាមួយនឹង​រោគ​សញ្ញា​មួយ​ចំនួន​អាច​ក្លាយ​ជា​ការ​ចង្អុលបង្ហាញ​ឲ្យ​ដឹង​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​រាង​កាយ​បាន ។ បញ្ហា​ទូទៅ​បំផុត​មួយ​ចំនួន​នៃ​សក់​ដែល​កើតឡើង​នៅ​ពេល​សុខភាព​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រក្រតី…

មនុស្ស​ភាគច្រើន​គិត​ថា ស្ថានភាព​នៃ​សក់​របស់​ពួក​គេ គឺ​អាស្រ័យ​លើ​របៀប​ដែល​ពួក​គេ​ថែរក្សា​វា និង​កត្តា​ខាងក្រៅ ផ្សេង​ៗ​ទៀត ។ ប៉ុន្តែ​ជាក់ស្ដែង​ស្ថានភាព​នៃ​សក់ រួម​ជាមួយនឹង​រោគ​សញ្ញា​មួយ​ចំនួន​អាច​ក្លាយ​ជា​ការ​ចង្អុលបង្ហាញ​ឲ្យ​ដឹង​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​រាង​កាយ​បាន ។ បញ្ហា​ទូទៅ​បំផុត​មួយ​ចំនួន​នៃ​សក់​ដែល​កើតឡើង​នៅ​ពេល​សុខភាព​ជួប​ប្រទះ​នូវ​ភាព​មិន​ប្រក្រតី ៖

១. សក់​ស្រអាប់​គ្មាន​ជីវិត ៖ ការ​ថែរក្សា​មិន​បាន​ត្រឹមត្រូវ​, ការ​លាប​ពណ៌​សក់ ឬ​ការ​ប្រើប្រាស់​ម៉ាស៊ីន​កៀប​មូរ​សក់​ញឹកញាប់​ពេក គឺ​សុទ្ធតែ​ជា​មូលហេតុ​ដំបូង​បំផុត​ដែល​មនុស្ស​ភាគច្រើន​គិតដល់​នៅ​ពេល​ដែល​សក់​របស់​ពួក​គេ​ប្រែជា​ស្រអាប់​មិន​រលាស់​។ ទោះជា​យ៉ាងណា​សក់​ក៏​ប្រែជា​ស្រអាប់​ផង​ដែរ​នៅ​ពេល​រាង​កាយ​ខ្វះ​នូវ​ជាតិ​វីតាមីន និង​ធាតុ​មីក្រូ (microelements)​។

ស្ថាន​នៃ​សក់​បែប​នេះ​អាច​ចង្អុលបង្ហាញ​ថា រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ​រ៉ែ​សេ​ឡេ​ញ៉ូ​ម​, ស្ពាន់ធ័រ​, និង​ផូស្វ័រ ។ ដើម្បី​ប្រាកដ​ថា​អ្វី​ដែល​អ្នក​គិត គឺ​ត្រឹមត្រូវ​ចូរ​ពិនិត្យ​មើល​លើ​ស្ថានភាព​អញ្ចាញ និង​ធ្មេញ​បន្ថែម ដោយ​ប្រសិនបើ​សម្គាល់​ឃើញ​មាន​បញ្ហា​ខុស​ប្រក្រតី​ណាមួយ​នោះ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ។

២. អង្គែ ៖ មាន​មូលហេតុ​ច្រើន​ណាស់​ដែល​បង្ក​ឲ្យ​កើត​អង្គែ​ដូច​ជា ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សក់​ច្រើន​ប្រភេទ​ពេក​, ការ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​, ស្ត្រេ​ស និង​បញ្ហា​ទាក់ទង​ជាមួយ​ក្រពះ​ពោះវៀន​ជាដើម ។ ទោះជា​យ៉ាងណា ប្រសិនបើ​មនុស្ស​ម្នាក់​កើត​មាន​អង្គែ​ពណ៌​លឿង នោះ​ពួក​គេ​អាច​កើត​ជំងឺ​រលាក​ស្បែក seborrheic​។ ក្នុង​ករណី​នេះ​សាប៊ូ​កម្ចាត់​អង្គែ គឺ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ហើយ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។

៣. សក់​ស្ដើង​ផុយ​ស្រួយ ៖ សក់​ដែល​ស្ដើង និង​ផុយ​ស្រួយ គឺ​អាច​បណ្ដាល​មក​ពី​កង្វះ​នូវ​ជាតិ​ប្រួ​តេ​អ៊ី​ន ។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន រួម​ទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​៣​ផង​ដែរ ។ ទោះជា​យ៉ាងណា ស្ថានភាព​នៃ​សក់​បែប​នេះ​អាច​ចង្អុលបង្ហាញ​ឲ្យ​ដឹង​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ Cushing’s disease ប្រសិនបើ​មាន​អម​មក​ជាមួយ​នូវ​អាការ គេង​មិន​លក់​រ៉ាំរ៉ៃ​, សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺ​ខ្នង​គ្មាន​មូលហេតុ ។

៤. សក់​ជ្រុះ ៖ សក់​ជ្រុះ​ច្រើន​ខុស​ប្រក្រតី​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​អង់​ដូ​គ្រី​ន ឬ​បញ្ហា ផ្សេង​ៗ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ ។ វា​ក៏​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ។ កុំ​ស្លន់ស្លោ ក៏​ព្រោះ​ពេល​ខ្លះ​វា​អាច​គ្រាន់តែ​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ឬ​ភាព​ស្ត្រេ​ស​ប៉ុណ្ណោះ ។

៥.​សក់​ឡើង​ប្រេង ៖ ជា​ធម្មតា​បញ្ហា​សក់​បែប​នេះ គឺ​បណ្ដាល​មក​ពី​របប​អាហារ​របស់​អ្នក ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចូរ​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​, ខ្លាញ់ ឬ​ប្រេង និង​អាហារ​បំពង​, ចៀសវាង​ការ​ទទួលទាន​ជាតិ​ផ្អែម​ច្រើន​, អាហារ​អាំង​, ជាតិ​អាល់កុល និង​កាហ្វេ ។ ប្រសិនបើ​សក់​នៅ​តែ​មិន​ប្រែជា​មាន​សភាព​ធម្មតា​ទេ​នោះ វា​ប្រហែលជា​បណ្ដាល​មក​ពី​បញ្ហា​នៃ​ការ​ដុត​រំលាយ​អាហារ​, ខ្សោយ​អ័​៊​រ​ម៉ូ​ន ឬ​បញ្ហា​ទាក់ទង​នឹង​ថ្លើម ។ ក្នុង​ករណី​នេះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​ពេល​ស្ថានភាព​ប្រែជា​អាក្រក់​ខ្លាំង ។

៦. សក់ស្កូវ​មុន​វ័យ ៖ តាម​ពិត​ទៅ​សក់ស្កូវ ភាគច្រើន​អាស្រ័យ​លើ​ភាព​ប្រែប្រួល​នៃ​ហ្សែ​ន​របស់​មនុស្ស ។ នៅ​ពេល​យើង​ចាស់​ចំនួន​នៃ​ជាតិ​ខ្លាញ់ melanocytes ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ផលិត​ជាតិ​ពណ៌​មានការ​ថយ​ចុះ ។ ជា​មធ្យម ស្ត្រី​ចាប់ផ្ដើម​មាន​សក់ស្កូវ​នៅ​វ័យ​ចន្លោះ​ពី ៣០​ទៅ​៤០​ឆ្នាំ ។ ប៉ុន្តែ​ក៏​មាន​ស្ថានភាព​មួយ​ចំនួន​ទៀត​នៅ​ពេល​មនុស្ស​វ័យក្មេង និង​ក្មេង​ជំទង់​ប្រែជា​មាន​សក់ស្កូវ ។ ជា​ញឹកញយ សក់ស្កូវ​មុន​វ័យ គឺជា​លទ្ធផល​នៃ​ភាព​តានតឹង​ខ្លាំង​, អស់កម្លាំង​រ៉ាំរ៉ៃ និង​របប​អាហារ​មិនល្អ ។

៧. ស្បែក​ក្បាល​រមាស់ ៖ ប្រសិនបើ​រោគ​សញ្ញា​នេះ​អម​មក​ជាមួយនឹង មុន​, ការ​ឈឺចាប់​, របកស្បែក ឬ​រលាក នោះ​វា​អាច​ជា​រោគ​សញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​ពិតជា​មាន​អ្វី​ខុស​ប្រក្រតី​ធ្ងន់​កើតឡើង​ហើយ ដូច្នេះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើ​ស្បែក​ឲ្យ​បាន​លឿន​បំផុត​។ ប៉ុន្តែ​ប្រសិនបើ​ការ​រមាស់​មិន​អម​មក​ជាមួយ​នូវ​អាការ​ផ្សេង​ទៀត​ទេ នោះ​វា​ការ​រមាស់ គឺ​បណ្ដាល​មក​ពី​ជំងឺ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​បង្ក​ឡើង​ដោយ​ស្ត្រេ​ស ។

៨. សក់​ស្ងួត​បែក​ចុង ៖ សក់​ស្ងួត​អាច​បណ្ដាល​មក​ពី​កង្វះ​នូវ​ជាតិ​ប្រូតេអ៊ីន​, ជាតិ​ដែក និង​ជាតិ​ទង់ដែង ។ បញ្ហា​សក់​ស្ងួត​បែក​ចុង​ក៏​កើត​មាន​ជា​ញឹកញយ​លើ​អ្នក​ដែល​មាន​របប​អាហារ​តឹងរ៉ឹង និង​អ្នក​ដែល​មាន​បញ្ហា​​ទាក់ទង​នឹង​ប្រព័ន្ធ​អង់​ដូ​គ្រី​ន ។ ដូច្នេះ​ដើម្បី​ចៀស​ឆ្ងាយ​ពី​បញ្ហា​នេះ​ចូរ​ព្យាយាម​ទទួលទាន ត្រី​ក្រហម​, ការ៉ុត និង​ទឹកក្រូច​ស្រស់​ឲ្យ​បាន​ច្រើន ហើយ​កុំ​ភ្លេច​ទទួលទាន​ទឹក​ធម្មតា​ឲ្យ​បាន​គ្រប់គ្រាន់​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ