ខេត្តកំពង់ចាម ៖ ដោយមានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមថា ក្នុងពេលខាងមុខសីតុណ្ណភាពនឹងហក់ឡើងដល់ទៅ៤០អង្សាសេ ឫលើសនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត នៅក្នុងខែចែត្រ ។
ជាមួយនឹងក្តីកង្វល់នេះលោក គួច ចំរើន អភិបាលខេត្តបានក្រើនរំលឹកដល់ស្ថាប័នជំនាញ
ក៏ដូចជា អាជ្ញាធរនៅតាមបណ្តាស្រុក -ក្រុងទាំង១០ ឲ្យមានវិធានការរកមធ្យោបាយ ដើម្បីទុកទឹកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់តាមតំបន់ដែលងាយប្រឈមក្នុងកម្មវិធីប្រកាសប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅសាលប្រជុំសាលាខេត្តថ្មីៗ ។
លោកកៅ ប៊ុនណាត អភិបាលស្រុកបាធាយបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៩ មករា ២០១៩ថា ក្រោយពីមានការណែនាំពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តរូបលោកបានចាត់ឲ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមចុះតាមដាននៅតាមបណ្តាឃុំនានាក្នុងស្រុកបាធាយ និងបានណែនាំដល់ប្រជាកសិករឲ្យបង្កបង្កើនផលស្រូវរដូវប្រាំងតែម្តង ជៀសវាងកុំឲ្យការប្រើប្រាស់ទឹកច្រើន និងបណ្តាលឲ្យមានការខ្វះខាតនៅក្នុងខែចែត្រខាងមុខ ដែលទម្រាំរដូវវស្សាចូលមកដល់ ។
លោកអភិបាលស្រុកបាធាយប្រាប់បន្តថា តាមការសង្កេតរាល់ថ្ងៃនូវមិនទាន់ឃើញមានកន្លែងណាមួយជួបកង្វះខាតទឹកសម្រាប់ប្រើប្រាស់នូវឡើយ ។ កន្លងមកក្នុងឃុំត្រប់ និងឃុំសណ្តែកធ្លាប់បានជួបនឹងកង្វះខាតទឹកប្រើប្រាស់ ហើយត្រូវបានថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ដោយបានប្រើប្រាស់រថយន្តដឹកទឹករបស់ស្នងការដ្ឋាននគរបាលខេត្តបានដឹកទឹកស្អាតយកទៅចែកជូនដល់ប្រជាពលរដ្ឋប្រើប្រើប្រាស់ សូម្បីតែអណ្តូងទឹកមានប្រភេទអណ្តូងតៅ និងអណ្តូងស្នប់ រាប់រយកន្លែងត្រូវបានរាំងស្ងួតមិនមានទឹក សូម្បីតែស្រះទឹកក្នុងវត្ត ដែលមិនធ្លាប់រីងស្ងួត ក៏ត្រូវបានរីងស្ងួត ។
លោក គួច ចំរើន អភិបាលខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា នៅតាមស្រុក-ក្រុង ដែលងាយប្រឈមត្រូវយកចិត្តទុកដាក់សិក្សារកមើលប្រភពទឹក ដើម្បីសម្រាប់ទុកចែកចាយដល់កន្លែងខ្វះខាតទឹកប្រើប្រាស់ក្នុងគ្រួសារនីមួយៗ ។
ហើយដោយមានសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលក្នុងពេលខាងមុខនេះនឹងជួបគ្រោះរាំងស្ងួត ហើយនឹងបានណែនាំដល់កសិករ សូមឲ្យបង្កបង្កើនផលស្រូវបានតែម្តងក្នុងរដូវប្រាំង មិនអាចឲ្យធ្វើ២ ឫ៣ដងនោះទេ ជៀសវាងកុំឲ្យខ្វះខាតទឹក ។
លោកអភិបាលខេត្តមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១៦ កន្លងទៅ ធ្លាប់បានជួបនឹងគ្រោះរាំងស្ងួតម្តងរួចមកហើយ សូមឲ្យជួយពិនិត្យមើលអណ្តូងទឹកណាដែលខូចត្រូវធ្វើការជួសជុលបន្ទាន់ ដើម្បីត្រៀមប្រើប្រាស់កុំឲ្យជួបការលំបាកក្នុងខែចែត្រខាងមុខ ហើយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏នឹងត្រូវចូលក្នុងការកិច្ចការងារនេះផងដែរ ៕
ចែករំលែកព័តមាននេះ