រាជធានីភ្នំពេញ៖ តារាសម្តែងវ័យក្មេងកញ្ញាសាឡាត់ ស្រឡាង បានជម្នះរនាំងគ្រួសារ ដើម្បីបានឈានជើងចូលវិថីសិល្បៈ បើទោះបីជាពេលនេះដំណើរជីវិតនៅក្នុងវិថីមួយនេះនៅមិនទាន់ល្បីល្បាញខ្លាំងក៏ដោយ ។
ផ្តើមបង្កើតកេរ្តិ៍ឈ្មោះពីការចូលរួមសម្តែងនៅក្នុងរឿង«ខ្មោចអាសង្ហា»និងរឿងភាគ «ក្រមុំបាយឆា» ដែលចាក់ផ្សាយនៅស្ថានីយទូរទស្សន៍PNN សាឡាត់ ស្រឡាង ក៏បានត្រួសត្រាយផ្លូវរហូតទទួលបានទីផ្សារសិល្បៈច្រើនគួរសមនាពេលបច្ចុប្បន្ន ។ យ៉ាងណាក៏ដោយទម្រាំបានឈានដល់ចំណុចមួយនេះ សាឡាត់ ស្រឡាង បានពុះពារនូវឧបសគ្គជាច្រើន ក្នុងពេលដែលគំនាបគ្រួសារគឺជាបញ្ហាមួយដ៏លំបាកបំផុតនៃការធ្វើឲ្យការសម្រេចចិត្តបោះជំហានចូលអាជីពសិល្បៈនេះ ។
តារាសម្តែងដែលមានប្រភពកំណើតនៅភ្នំពេញ សាឡាត់ ស្រីឡាង បានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា រូបនាងមាននិស្ស័យចូលចិត្តសិល្បៈណាស់ ។ ពេលទំនេរនាងតែងតែហាត់រៀនសម្តែងដោយខ្លួនឯងនៅផ្ទះជាប្រចាំ តែមិនឲ្យអ្នកផ្ទះដឹងទេ ។ នាងគ្មានឱកាសចូលសម្តែងសិល្បៈពេញលេញឡើងកាលពី៧ទៅ៨ឆ្នាំមុនព្រោះខ្លាចអ្នកផ្ទះ ។ កាលនៅវ័យកុមារសាឡាត់ ស្រីឡាង មិនខុសពីកុមារផ្សេងទៀតឡើយ ពោលក្រៅពីទៅរៀនត្រឡប់មកវិញជួយធ្វើការម្តាយឪពុក។
តារាវ័យ២៣ឆ្នាំរូបនេះ បានអះអាងបន្ថែមទៀតថារយៈពេល៤ឆ្នាំមកហើយដែលនាងប្រឡូកក្នុងពិភពសិល្បៈដោយបោះជំហានដំបូងសម្តែងឲ្យផលិតកម្មភូមិពេជ្រ ជាមួយនាយចឺមក្នុងរឿង«ខ្មោចអាសង្ហា»។ ក្រោយមកចូលថតក្នុងផលិតកម្មអិលឌីមានទាំងរឿងភាគ និងរឿងដុំ ។
សាឡាត់ ស្រីឡាង កាលពីពេល ថ្មីៗកន្លងមកនិយាយថា «នេះអាចនិយាយបានថាជាព្រេងវាសនា និងជាឱកាសសម្រាប់ចូលសិល្បៈ ហើយបើមិនទាន់ល្បីណាស់ណាត្រឹមមានគេស្គាល់ក៏សប្បាយចិត្ត»។
តារាសម្តែងអតីតសិស្សវិទ្យាល័យ«ជាស៊ីមសាមគ្គី»អំឡុងឆ្នាំ២០១៤សាឡាត់ ស្រីឡាងបានថ្លែងទៀតថា«ការបោះជំហានចូលសិល្បៈពីមុនមានការហាម ដោយសារតែប៉ាម៉ាក់ខ្លាចមានពាក្យមិនល្អមកលើរូបនាងខ្ញុំ ព្រោះមហាជនច្រើនតែយល់ថាអ្នកសិល្បៈ ជាពិសេសសិល្បការិនីដំបូងអត់លុយតែងខ្លួន អត់ឡានជិះ បើផ្លាស់ប្តូរឡូយឆាយច្បាស់ជាយកប្តីគេ ឬមានថៅកែចិញ្ចឹម ឬស្រីកំណាន់របស់លោកធំណាម្នាក់ ។ ធាតុពិតវិញនាងខ្ញុំបានព្យាយាមគិត ហើយកាន់តែគេចពីចំណុចទាំងនេះដើម្បីជម្នះពាក្យមាក់ងាយ ហើយរឿងពាក់ព័ន្ឋស្នេហានោះក៏នាងខ្ញុំមិនបណ្តោយខ្លួនទៅប្រឡាក់ប្រឡូកជាមួយបុរសណាឡើយទោះជាសព្វថ្ងៃនេះចូលដល់វ័យ២៣ឆ្នាំល្មមពិចារណារឿងជីវិតផ្ទាល់ខ្លួនបានក៏ដោយ»។
ជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ស្រី៤ តារាសម្តែងសាឡាត់ ស្រីឡាង បានតាំងជំហររឿងសេ្នហាទុកឲ្យពេលវេលាជាអ្នកកំណត់ តែបើឲ្យយកពេលនេះគឺនាងសុំច្រានចោល ព្រោះត្រូវគិតបែបណាជួយអ្នកផ្ទះសិន រឿងប្តីទុកមួយឡែក ។
តារាសម្តែងសាឡាត់ ស្រីឡាង ដែលធ្វើឲ្យទស្សនិកជនទទួលស្គាល់តាមរយៈសាច់រឿងបែបតួអង្គក្រមិចក្រមើមឲ្យដឹងទៀតថា ក្នុងពេលដែលអាជីពសិល្បៈមានភាពល្អប្រសើរបន្តិចនោះ អ្វីដែលនាងត្រូវធ្វើ គឺការតបស្នងគុណចំពោះឪពុកម្តាយ និងបងប្អូន បើទោះបីជាពីមុនក្រុមគ្រួសារមិនសូវគាំទ្រក៏ដោយ ។
ជាក់ស្តែងរាល់ថ្ងៃនេះនាងត្រូវចំណាយជាប្រចាំជួយដល ់ប្អូនៗ៣ទៅ៤នាក់ ដូចនេះហើយនាងនៅតែគិតថាចូលសិល្បៈគឺសំណាងអាចធ្វើឲ្យគេស្គាល់ បើមិនដូចនេះទេពិតជាប្រឈមជីវភាព ហើយនាងនឹងស៊ូលំបាកគ្រប់យ៉ាងដើម្បីអនាគតក្រុមគ្រួសារ។
ទៅពេលខាងមុខនេះសាឡាត់ ស្រីឡាងគ្រោងចូលសិក្សានៅសាកលវិទ្យាល័យណាមួយព្រោះចាប់តាំងពីចប់ថ្នាក់វិទ្យាល័យមកនាងបានផ្អាកការរៀនសូត្រដើម្បីធ្វើការងារសម្រួលដល់គ្រួសារ ដោយចាប់យកអាជីពសិល្បៈ ។
តាមផែនការក្រៅពីប៉ងលើផ្នែកសិក្សាថ្នាក់បរិញ្ញាបត្រ សាឡាត់ ស្រីឡាង ចង់បង្កើតមុខរបរតាមលទ្ឋភាព ដូចជាចង់បើកហាងលក់ខោអាវបែបយុវវ័យ និងគ្រឿងលម្អកាយ ផ្សេងៗ។ តារាសម្តែងសាឡាត់ ស្រីឡាង រំពឹងថាអាជីពសិល្បៈរបស់នាងនឹងលូតលាស់ឡើងជាលំដាប់ ៕
ចែករំលែកព័តមាននេះ