ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ក្រឡាប់ចាក់​ស្រូវ​សង្កត់​លើ​មនុស្ស​ស្លា.ប់​២​នាក់ របួសធ្ងន់​២​នាក់ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង សង្ស័យ​អ្នក​បើក​ងងុយដេក​មួយភាំង បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​បះជើង​មួយ​ចំហៀង ចាក់​បាវ​ស្រូវ​​សង្កត់​អ្នក​ជិះ​លើ​ស្រូវ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់​រង​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា…

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង សង្ស័យ​អ្នក​បើក​ងងុយដេក​មួយភាំង បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​បះជើង​មួយ​ចំហៀង ចាក់​បាវ​ស្រូវ​​សង្កត់​អ្នក​ជិះ​លើ​ស្រូវ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់​រង​របួសធ្ងន់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ភូមិ​ព្រហ្ម ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួស​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​លី ណូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ២-​បុរស​ម្នាក់​មិន​ទាន់​ស្គាល់ឈ្មោះ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ៣-​ឈ្មោះ​សាំង កុសល់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​រង​របួសធ្ងន់ និង​ទី​៤-​ឈ្មោះ​គក់ កូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រែក​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

តាម​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​រួម​ដំណើរ​ជាមួយ​រថយន្ត​ដឹកស្រូវ​ពេញ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​.​លាយ​ក្រហម ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ ៣A-០៤៧៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ សង្ស័យ​អ្នកបើកបរ​ងងុយដេក​មួយភាំង ទើប​បានជា​រថយន្ត​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​រថយន្ត​ផ្អៀង​ចាក់​ស្រូវ​ចោល​សង្កត់​លើ​មនុស្ស​ស្លាប់​២​នាក់ និង​មនុស្ស​២​នាក់​ទៀត​រង​របួសធ្ងន់​តែ​ម្តង ហើយ​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ភ្លាម​នោះ​ដែរ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ទូរស័ព្ទ​ហៅ​រថយន្ត​សា​ម៉ុ​យមក​ដឹក​អ្នក​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង​ ។​ ចំណែក​សព​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួល
យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត និង​ស្រូវ ត្រូវ​បាន​សមត្ថកិច្ច​​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច និង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​​កសាង​​សំណុំរឿងចាត់ការ​​តាម​នីតិវិធី​៕