រាជធានីភ្នំពេញ ៖ សហគ្រាសសង្គមអូស្ដ្រាលី ជាគម្រោងអាជីវកម្មមួយដែលបង្កើតឡើងក្នុងបេសកកម្មចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវនិរន្ដរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់សហគមន៍មូលដ្ឋានឲ្យប្រសើរឡើង។ បច្ចុប្បន្ន សហគ្រាសសង្គមអូស្ដ្រាលី កំពុងសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងការរួមចំណែកពង្រឹងអំណាច និងសមត្ថភាពស្ដ្រីកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញ ការពង្រីកអាជីវកម្ម និងសហគ្រិនភាព ។
SHE Investments គឺជាសហគ្រាសសង្គមអូស្ដ្រាលីមួយ ដែលបាននិងកំពុងជួយស្ត្រីកម្ពុជាដែលមានអាជីវកម្មខ្នាតតូច និងតូចបំផុត ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈកម្មវិធីបណ្ដុះបណ្ដាល កម្មវិធីពន្លឿនអាជីវកម្ម ការប្រឹក្សាយោបល់និងស្រាវជ្រាវ និងការផ្ដល់ព័ត៌មានអំពីទម្រង់អាជីវកម្មជាដើម ។ បច្ចុប្បន្ននេះ សហគ្រិនស្ដ្រីកម្ពុជាកាន់តែច្រើន បានចូលរួម និងទទួលការបណ្ដុះបណ្ដាលពីសហគ្រាសសង្គមនេះ ហើយពួកគេបានយកគំនិតទាំងនោះទៅអនុវត្តអាជីវកម្មប្រកបដោយភាពជោគជ័យ ។
អ្នកនាង Celia Boyd សហស្ថាបនិកនៃSHE Investments បានមានប្រសាសន៍ថា សហគ្រាសសង្គម SHE Investments ត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាល និងពន្លឿនអាជីវកម្ម ពិសេស គឺសម្រាប់សហគ្រិនស្ត្រីកម្ពុជា ដែលមានអាជីវកម្មខ្នាតតូច និងតូចបំផុត ដើម្បីឲ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអាជីវកម្ម ។
អ្នកនាងលើកឡើងថា «ស្ត្រីប្រមាណ ៦៥% បាននិងកំពុងធ្វើអាជីវកម្មនៅកម្ពុជា ប៉ុន្ដែភាគច្រើននៃអាជីវកម្មទាំងនោះ គឺជាអាជីវកម្មខ្នាតតូច និងតូចបំផុត ។ ដូច្នេះយើងបង្កើត សហគ្រាសសង្គមនេះឡើង ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេឲ្យកាន់តែមានវិសាលភាព។ ជាងនេះទៅទៀត គឺយើងចង់ឲ្យសហគ្រិនស្ត្រីកម្ពុជា មានសមត្ថភាពគ្រប់គ្រងអាជីវកម្មដូចបុរសដែរ »។
អ្នកនាងបន្ថែមថា SHE Investments បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៥ ដោយមានកម្មវិធីជាច្រើនដូចជា កម្មវិធីបណ្ដុះបណ្ដាលជំនាញ កម្មវិធីពន្លឿនអាជីវកម្ម និងប្រឹក្សាយោបល់ជាដើម ដែលកម្មវិធីនីមួយៗមានរយៈពេល៦ខែ ដោយផ្តល់ការបណ្ដុះបណ្ដាល និងណែនាំ ដើម្បីជួយឲ្យពួកគេមានសមត្ថភាពក្នុងការពង្រីកអាជីវកម្ម បង្កើតការងារដល់ពលរដ្ឋខ្មែរ និងបង្កើនប្រាក់ចំណូលបន្ថែមទៀត ។
អ្នកនាងបន្ដថា «បច្ចុប្បន្ន យើងបានបណ្ដុះបណ្ដាលសហគ្រិនស្ដ្រីកម្ពុជា ចំនួន២៥០នាក់ ដែលពួកគេសុទ្ធតែមានអាជីវកម្មផ្ទាល់ខ្លួន និងភាគច្រើនជាអាជីវកម្មខ្នាតតូចបំផុត ហើយពេលនេះ ពួកគេប្រមាណជាង១០០នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាល »។ អ្នកនាងបន្តទៀតថា ៖« ភាគច្រើនអ្នកដែលបានបញ្ចប់វគ្គនេះ គឺបានពង្រីកអាជីវកម្ម ដោយបង្កើតការងារបាន២កន្លែងសម្រាប់ពលរដ្ឋខ្មែរ ហើយយើងនៅបន្ដតាមដានសកម្មភាពរបស់ពួកគេ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីបញ្ចប់វគ្គសិក្សា ដោយពិនិត្យមើល និងឈ្វេងយល់ពីដំណើរការ និងស្ថានភាពអាជីវកម្មរបស់ពួកគេ ហើយយើងក៏តែងរៀបចំសិក្ខាសាលាប្រចាំខែ ដើម្បីកសាង និងពង្រឹងទំនាក់ទំនងពួកគេផងដែរ។ ទន្ទឹមនឹងនេះ យើងតែងតែរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងវិស័យរដ្ឋ វិស័យឯកជន និងអង្គការជាដៃគូផងដែរ »។
សហគ្រិនស្ត្រីដែលជួបបញ្ហា និងត្រូវការបណ្ដុះបណ្ដាលជំនាញ ឬប្រឹក្សាយោបល់អំពីអាជីវកម្មរបស់ខ្លួន អាចដាក់ពាក្យបានតាមរយៈវេបសាយ sheinvestments.com ឬទំព័រហ្វេសប៊ុក SHE Investments ឬមកជួបផ្ទាល់ នៅអាសយដ្ឋានផ្ទះលេខ៣៣BE0E1 ផ្លូវលេខ៥១០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទោះយ៉ាងនេះក្ដី គ្រប់កម្មវិធីទាំងអស់មានការគិតថ្លៃ ប៉ុន្ដែដោយសារ SHE Investments នេះមានការសហការជាមួយអង្គការអន្តរជាតិជាច្រើនជាដៃគូ ពួកគេបានផ្ដល់កម្មវិធីអាហារូបករណ៍ដល់គម្រោងនេះ ដូច្នេះបើស្ត្រីកម្ពុជាពុំមានលទ្ធភាព ពួកគេអាចដាក់ពាក្យសុំអាហារូបករណ៍ដើម្បីទទួលបានវគ្គបណ្ដុះបណ្ដាល ។
អ្នកនាងមានប្រសាសន៍ថា « ជាធម្មតា កម្មវិធីសិក្សានីមួយៗ ត្រូវបង់ថ្លៃជាង២ពាន់ដុល្លារក្នុង១នាក់សម្រាប់សិក្សារយៈពេល៦ខែ ប៉ុន្ដែដោយសារយើងមានអង្គការជាដៃគូ គេបានផ្ដល់អាហារូបករណ៍ដល់យើង ដោយតម្រូវឲ្យសហគ្រិនស្ត្រីដែលមានបំណងមកសិក្សាទាំងនោះ អាចបង់ថ្លៃត្រឹមតែចន្លោះពី១០០ទៅ៤០០ដុល្លារប៉ុណ្ណោះ ហើយបើពួកគេពុំមានលទ្ធភាពទៀត ពួកគេអាចចុះឈ្មោះសុំអាហារូបករណ៍តែម្ដង »។
ទៅថ្ងៃអនាគត SHE Investments ចង់ពង្រីកការិយាល័យរបស់ខ្លួនទៅកាន់បណ្ដាខេត្តផ្សេងៗទៀតនៅកម្ពុជា ដើម្បីឲ្យគម្រោងនេះ មានលទ្ធភាពជួយដល់ស្ត្រីកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ ដូច្នេះ បើសហគ្រិនស្ត្រីកម្ពុជា មានបំណងចង់ទទួលបានការបណ្ដុះបណ្ដាល និងពង្រីកចំណេះដឹងទាក់ទងនឹងអាជីវកម្មរបស់ខ្លួន ពួកគេអាចទាក់ទងដោយផ្ទាល់ ឬតាមវេបសាយ និងទំព័រហ្វេសប៊ុករបស់ SHE Investments ក៏បាន ដើម្បីឈ្វេងយល់ពីគំរូអាជីវកម្ម និងប្រឹក្សាយោបល់ពីអាជីវកម្ម ។
សហស្ថាបនិករូបនេះ ក៏បានលើកទឹកចិត្តដល់សហគ្រិនស្ដ្រីកម្ពុជាគ្រប់រូប ឲ្យចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលឲ្យបានច្រើន ដើម្បីចេះរៀបចំផែនការ និងការគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្ដរភាពផងដែរ ។ អ្នកនាងថា «ក្នុងនាមជាសហស្ថាបនិក យើងលើកទឹកចិត្តឲ្យសហគ្រិនស្ដ្រីកម្ពុជាចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលឲ្យបានច្រើនដោយរៀនពីសហគ្រិនស្ដ្រីខ្មែរដូចគ្នា ឬរៀនពីពួកយើង ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ដែលអាចឲ្យពួកយើងជួយគាំទ្រពួកគេបានយូរអង្វែង »។
ក្រៅពីការចូលរួមជួយស្ត្រីកម្ពុជាតាមរយៈ ការពង្រីកអាជីវកម្ម ឲ្យកាន់តែប្រសើរឡើង សហគ្រាសសង្គមអូស្ត្រាលី ក៏បានចូលរួមជួយដល់ស្ដ្រីរងគ្រោះពីការជួញដូរផ្លូវភេទ ឲ្យមានវិថីជីវិតថ្មីសម្រាប់កសាងអនាគតរបស់ពួកគេផងដែរ ។ ជាក់ស្ដែង Outland Denim គឺជាម៉ាកសម្លៀកបំពាក់ និងជាសហគ្រាសសង្គមដែលផ្តល់ឱកាសការងារ និងវគ្គបណ្តុះបណ្តាលដល់ស្ត្រីរងគ្រោះពីអំពើជួញដូរផ្លូវភេទតាមរយៈការបណ្ដុះបណ្ដាលជំនាញដេរខោខាវប៊យ ។
នាយកគ្រប់គ្រងប្រចាំប្រទេសនៃOutland Denim លោក Caleb Bjorem បានមានប្រសាសន៍ថា Outland Denim ជាសហគ្រាសផលិតខោខាវប៊យដែលមានគុណភាពខ្ពស់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយអាចនិយាយដោយមោទភាពថា វាជាផលិតផលធ្វើនៅកម្ពុជា ឬ «Made in Cambodia»។
លោកថ្លែងថា «បច្ចុប្បន្ន សហគ្រាសយើងបាននិងកំពុងបណ្ដុះបណ្ដាល និងផ្ដល់ការងារដល់ប្រជាជនខ្មែរយ៉ាងច្រើនដែលពួកគេសុទ្ធតែមានជីវភាពលំបាក ហើយក្នុងនាមជាផលិតករ យើងចង់ប្រាប់ថាបុគ្គលិករបស់ពួកយើងពិតជាមានសមត្ថភាពក្នុងការបំពេញការងាររបស់ពួកគេ »។
លោក Caleb Bjorem បន្ថែមថា «យើងក៏ចង់លើកទឹកចិត្តដល់រោងចក្រសហគ្រាសទាំងអស់ឲ្យចេះមើលថែកម្មករនិយោជិតរបស់ពួកគេ ហើយក៏ត្រូវយកចិត្តទុកដាក់ទៅលើប្រទេសដ៏ស្រស់ស្អាតមួយនេះផងដែរ ។ ដូច្នេះ យើងអាចនាំកិត្តិយសមកជូនព្រះរាជាណាចក្រកម្ពុជា និងចូលរួមថែរក្សាកេរ្ដិ៍ឈ្មោះ និងកិត្តិនាមនៃវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់របស់កម្ពុជាលើឆាកអន្តរជាតិ »។
លោក Caleb Bjorem បញ្ជាក់ថា «ស្ថិតក្រោមគុណតម្លៃនៃរដ្ឋាភិបាលអូស្ដ្រាលី យើងចង់ផ្ដល់ឱកាសដល់ស្ដ្រីដែលមិនមានឱកាសនេះ ។ ហេតុនេះហើយបានជាយើងធ្វើការនៅតាមខេត្ត ដើម្បីអនុញ្ញាតឲ្យបុគ្គលិកធ្វើការផង និងមើលថែក្រុមគ្រួសាររបស់ពួកគេផង ហើយនៅថ្ងៃអនាគត ពួកយើងចង់ឃើញភាពរឹងមាំ និងសុវត្ថិភាពរបស់កម្ពុជាសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស »។
លោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានឃើញសហគ្រាសសង្គមអូស្ត្រាលី កំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ស្ត្រីកម្ពុជា ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយស្ថិរភាព។
លោកជំទាវថ្លែងថា «វាពិតជាប្រសើរណាស់ ដែលបានឃើញសហគ្រាសសង្គមអូស្ត្រាលី មាន ឥទ្ធិពលយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងដល់ឯករាជ្យភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា »។លោកជំទាវឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបន្ដថា ៖« ឯករាជ្យភាពហិរញ្ញវត្ថុ ជួយលើកកម្ពស់មុខមាត់ស្ត្រីក្នុងសង្គម ដែលជាកត្តាចំបាច់ក្នុងការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រីនៅកម្ពុជា »៕
ចែករំលែកព័តមាននេះ