ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​កំណែ​ទម្រង់ការ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ ចាប់ពី​ថ្នាក់​ក្រុង ស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់ការ​គ្រប់គ្រង​រដ្ឋ​បា ល នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៧​ចំណុច ពាក់ព័ន្ធ​នឹង​ការ​រៀប​ចរច​ន​សម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រុង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់ការ​គ្រប់គ្រង​រដ្ឋ​បា ល នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៧​ចំណុច ពាក់ព័ន្ធ​នឹង​ការ​រៀប​ចរច​ន​សម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រុង ស្រុក ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្រេច​ឯកភាព​លើ​គោលការណ៍​សំខាន់​ៗ​ចំនួន​៧​ចំណុច ក្នុង​ធ្វើ​កំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រុង និង​ស្រុក​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

យោង​តាម​លិខិតស្នើ​សុំ​ការ​សម្រេច​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់​ថា ការ​សម្រេច​រៀបចំ​ឡើង​វិញ នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រុង ស្រុក ស្រប​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព ដើម្បី​ធានា​ដល់​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ការ​បំពេញ​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ក្រុង ស្រុក ក្នុង​នាម​ជា​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​សេវា​សាធារណ និង​ការ​អភិវឌ្ឍ​មូលដ្ឋានឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួន ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ស្នើ​សុំ​គោលការណ៍​ទាំង​៧​ចំណុច ហើយ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ឯកភាព​រួច​ហើយ​នេះ រួម​មាន​ទី​១ លុប​ចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់​ក្រុង ស្រុក ដោយ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​ទាំងនេះ ទៅ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក ។ ទី​២ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល ក្រុង ស្រុក​ត្រូវ​បង្កើត​ជា​អង្គភាព ឬ​ការិយាល័យ​ចង្កោម​វិស័យ​សម្រាប់​វិស័យ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ចង្កោម​វិស័យសេដ្ឋកិច្ច និង​ចង្កោម​វិស័យ​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការ​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន​លើកលែងតែ​វិស័យ​ជា​អាទិភាព​សំខាន់​ៗ មួយ​ចំនួន​ដូច​ជា អប់រំ សុខាភិបាល និង​នគរូបនីយកម្ម​ដែល​ចាំបាច់​ត្រូវ​បង្កើត​ជា​អង្គភាព​ដាច់​ដោយឡែក​ៗ​ពី​គ្នា ។

ទី​៣ ការ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ ត្រូវ​មាន​ភាព​ខុស​គ្នា​រវាង​រដ្ឋបាល​ក្រុង ដែល​ជា​តំបន់​ទីប្រជុំជន និង​រដ្ឋបាល​ស្រុក​ដែល​ជា​តំបន់​ជនបទ ។ ដោយឡែក​រចនាសម្ព័ន្ធ​គ្រប់គ្រង របស់​រដ្ឋបាល​ក្រុង ស្រុក​នីមួយ​ៗ ក៏​ចាំបាច់​ត្រូវ​រៀបចំ​ផ្អែក​លើ​វិសាលភាព និង​សក្តានុពល​ជាក់ស្តែង​របស់​រដ្ឋបាល​នីមួយ​ៗ ។ ទី​៤ ផ្ទេរ​មុខងារ​ទាំងស្រុង ដែល​កំពុង​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​នានា​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់​ក្រុង ស្រុក​នា​ពេល​បច្ចុប្បន្ន និង​មុខងារ​តាម​វិស័យ​ជាក់លាក់​សម​ស្រប​ផ្សេង ទៀត​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ។ ទី​៥ ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទ្រព្យសម្បត្តិ ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ការិយាល័យ ជំនាញ នៅ​ថ្នាក់​ក្រុង ស្រុក និង​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ចាំបាច់​ផ្សេង​ទៀត របស់​ក្រសួង​ស្ថាប័ន​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ។

ទី​៦ ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​ជំនាញ នៅ​ថ្នាក់​ក្រុង ស្រុក និង​បុគ្គលិក​ចាំបាច់​ផ្សេង​ទៀត​របស់​ក្រសួង​ស្ថាប័ន​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ។ ទី​៧ អង្គភាព​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​ថ្មី​នៅ​ថ្នាក់​ក្រុង ស្រុក ត្រូវ​ដំឡើង​ឋាន​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ទំហំ​ការងារ និង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​សេវា​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​មន្ត្រី​ដែល​មាន​សមត្ថភាព និង​មាន​ជំនាញ​ខ្ពស់​សម​ស្រប​ស្ម័គ្រចិត្ត​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ