ប្រទេសវៀតណាម ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃចន្ទកន្លងមកបានឲ្យដឹងថា វិស័យកែច្នៃអាហារ និងភេសជ្ជៈរបស់វៀតណាមលូតលាស់បាន ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយមានវិនិយោគិនកាន់តែច្រើនវិនិយោគលើ ។
លោក Pham Thanh Kien ដែលជាប្រធាននាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មប្រចាំទីក្រុងហូជីមិញបានប្រាប់ដល់កាសែត Sai Gon Giai Phong ថា វិស័យអាហារនិងភេសជ្ជៈស្មើប្រមាណ៣៥%នៃការចំណាយប្រចាំខែរបស់ប្រជាជនវៀតណាម ។
ក្នុងទីក្រុងនេះ វិស័យអាហារនិងភេសជ្ជៈស្មើ ១៧%នៃប្រាក់ចំណូលបានពីការលក់រាយកាលពីឆ្នាំមុន។ ប្រាក់ចំណូលបានពីការនាំចេញសម្រាប់អាហារនិងកសិផលសរុបស្មើច្រើនជាង ៤០ប៊ីលានដុល្លារទៅទៀតកាលពីឆ្នាំមុន ។
ផលិតផលវៀតណាមបានបំពេញតាមស្តង់ដារបច្ចេកទេសនិងគុណភាពជាច្រើន និងមានវត្តមានក្នុងប្រទេសចំនួន ២០០ ប្រទេសដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងនិងសហភាពអ៊ឺរ៉ុបផងដែរ ។
សម្រាប់វិនិយោគិនបរទេស ការមានកសិផលនិងអាហារលើសលប់ក្នុងប្រទេសគឺជាអត្ថប្រយោជន៍មួយ ហើយប្រជាជនវ័យក្មេង និងកំណើនប្រជាប្រិយភាពអាហារវេចខ្ចប់គឺជាកត្តាទាំងពីរដែលជំរុញដល់ការសម្រេចចិត្តរបស់វិនិយោគិន ។
នាពេលអនាគត រដ្ឋាភិបាលវៀតណាមមានគម្រោងកាត់បន្ថយវត្តមានរបស់ខ្លួនក្នុងក្រុមហ៊ុនកែច្នៃអាហារនិងភេសជ្ជៈដូចជា Vinamilk ឬ Habeco ជាដើម និងបង្កើតឱកាសបន្ថែមដល់វិនិយោគិនបរទេសផងដែរ ។
ជាមួយគ្នានេះផងដែរ វិនិយោគិនបរទេសក៏បានវិនិយោគ និងពង្រីកមជ្ឈមណ្ឌលធ្វើពាណិជ្ជកម្ម ផ្សារទំនើប និងហាងទំនិញផ្សេងៗផងដែរដែលបានជំរុញដល់ការទិញអាហារវេចខ្ចប់ ។
លោកស្រី Ly Kim Chi ដែលជាប្រធានសមាគមន៍អាហារប្រចាំទីក្រុងហូជីមិញបាននិយាយថា វាក៏មានន័យថាក្រុមហ៊ុនផលិតអាហារកែច្នៃ និងភេសជ្ជៈទទួលរងសម្ពាធកាន់តែខ្លាំងជាងមុនដែរព្រោះក្រុមហ៊ុនចែកចាយនិងផលិតបរទេសមានយុទ្ធសាស្ត្រគ្រប់គ្រងទីផ្សារវៀតណាម និងដាក់ឧបសគ្គផ្សេងៗដូចជាស្តង់ដារគុណភាពនិងការវេចខ្ចប់ដើម្បីបដិសេធការលក់ផលិតផលក្នុងស្រុក ៕
ចែករំលែកព័តមាននេះ