ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…​មី​យ៉ា​ន់​ម៉ា​ កំពុងសម្ងំ​ធ្វើ​កំណែទម្រង់​ទាក់ទាញ​វិនិយោគិន !

5 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា អ្នកដឹកនាំ Aung San Suu…

មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា អ្នកដឹកនាំ Aung San Suu Kyi របស់​មី​យ៉ា​ន់​ម៉ា​បាន​ជំរុញ​ដល់​វិនិយោគិន​ជុំវិញ​ពិភពលោក​ឲ្យ​វិនិយោគ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

អ្នកស្រី​បាន​លើក​ឡើង​ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន ទីតាំង​ដ៏​មាន​ភាព​ទាក់ទាញ ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​តែ​លូតលាស់ និង​ប្រជាជន​វ័យក្មេង​ជា​ច្រើន​ក្នុង​ប្រទេស​ជាដើម​។ អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែទម្រង់​មួយ​ចំនួន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​អ្នកស្រី​តាំងពី​ឆ្នាំ ២០១៦​មក​ដែរ ។

អ្នកស្រី​បាន​និយាយ​នៅ​ស​ន្និ​សីទ​វិនិយោគ​មួយ​ក្នុង​រដ្ឋធានី​ថា «​ខ្ញុំ​ឈរ​នៅ​ទី​នេះ​ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ក្នុង​ការ​បន្ត​ធ្វើ​កំណែទម្រង់ និង​កសាង​បរិស្ថាន​ដែល​ល្អ​សម្រាប់​ការ​វិនិយោគ​»​។

បើ​ទោះជា​អ្នកស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​កំណែទម្រង់​ដែល​បាន​លើក​ឡើង​ពិតមែន​ក្តី សន្និសីទ​នេះ​អាច​ផ្តល់​ជា​សញ្ញា​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​នៃ​វិធី​ដែល​រដ្ឋាភិបាល​ប្រើ​ដើម្បី​ទាក់ទាញ​សហគមន៍​អាជីវកម្ម ។

មក​ដល់​បច្ចុប្បន្ន​នេះ វិនិយោគិន​បាន​រិះគន់​ថា រដ្ឋាភិបាល​ផ្តោត​សំខាន់​ភាគច្រើន​លើ​ការ​បញ្ចប់​ជម្លោះ​យោធា​ក្នុង​ប្រទេស និង​មើល​រំលង​កំណែទម្រង់សេដ្ឋកិច្ច​ និង​តម្រូវការ​របស់​អាជីវកម្ម​ជាដើម ។

អ្នកស្រី Suu Kyi មិន​បាន​លើក​ឡើង​ពី​បញ្ហា​ជនជាតិភាគតិច​ក្នុង​ប្រទេស​ខ្លួន និង​ឥទ្ធិពល​ដែល​បញ្ហា​នេះ​មាន​លើ​ការ​វិនិយោគ​ទេ ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​ព្រួយបារម្ភ​ថា​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​អាច​នឹង​កើត​មាន​ឡើង​សា​ជា​ថ្មី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បេសកកម្ម​មួយ​ក្រោម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា យោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រព្រឹត្តិ​ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​ការ​រំលោភ​លក្ខណៈ​ជា​ក្រុម​ទៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដោយ​មាន​គោលបំណង​ប្រល័យពូជសាសន៍ និង​បាន​ស្នើ​ឲ្យ​មានការ​កាត់ក្តី​មេបញ្ជាការ​ធំ​ៗ​ផង​ដែរ ប៉ុន្តែ​មី​យ៉ា​ន់​ម៉ា​បាន​បដិសេធ​នឹង​ការ​ស្វែងរក​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​និយាយ​កាលពី​ឆ្នាំ​មុន​មក​ថា វិនិយោគិន​បរទេស​មួយ​ចំនួន​បាន​ពន្យា​ពេល​គម្រោង​រហូត​ដល់​មាន​ភាព​ប្រាកដប្រជា​ទាក់ទិន​នឹង​ស្ថាន​ការ​ក្នុង​ប្រទេស​សិន​។

លើស​ពី​នេះ​ទៅ​ទៀត សហភាព​អ៊ឺ​រ៉ុ​ប​កំពុង​តែ​ពិចារណា​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​អាច​ដកហូត​សិទ្ធិ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​នេះ​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ទាំងស្រុង​។ ការ​សម្រេចចិត្ត​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​វាយនភ័ណ្ឌ និង​ផ្តល់​ហានិភ័យ​ដល់​ការងារ​ជា​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ