ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ បានលើកគ្នាមកសាលាឃុំជាថ្មីម្តងទៀត ដើម្បីតវ៉ានឹងមេការក្រុមហ៊ុនរបស់លោកឧកញ៉ាម្នាក់ដែលបានធ្វើបាបប្រជាពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះមេការរូបនោះបានបញ្ជាអោយមន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើការចាប់ខ្លួនប្រជាពលរដ្ឋ២នាក់ និងត្រាក់ទ័រមួយគ្រឿងដែលពួកគាត់បានជួលទៅឈួសឆាយលើដីស្រែរបស់គាត់ទៀតផង ។ ទង្វើបែបនេះត្រូវបានអាជ្ញាធរឃុំស្វាយជ្រុំចាត់ទុកជាអំពើព្រៃផ្សៃ ធ្វើដាក់លើប្រជាពលរដ្ឋ ក្នុងឃុំរបស់គាត់ ។ ហេតុការណ៍តវ៉ានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ស្ត្រីឈ្មោះ កែវ ផល្លា មានទីលំនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បាននិយាយអោយដឹងថា គាត់បានទិញដីនៅចំណុចអូររំដេញ ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅឆ្នាំ២០០៨ ។ ក្រោយមកដោយការខ្វះខាតជីវភាពគាត់បានលក់ដីនេះបន្តទៅឲ្យស្ត្រីម្នាក់នៅរាជធានីភ្នំពេញ ។
ក្រោយមកស្ត្រីជាម្ចាស់ដីបានអោយគាត់ជួលត្រាក់ទ័រទៅឈួសពង្រៀបដីនោះ ដើម្បីធ្វើស្រែ ព្រោះមានក្រសួងអភិវឌ្ឍន៍ជនបទបានជីកប្រឡាយទឹក ជិតដីរបស់ពួកគាត់ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ខណៈពេលត្រាក់ទ័រកំពុងឈួសពង្រាបដីស្រែ ស្រាប់តែឈ្មោះ លន់ ឡន ឡុង បាននាំមន្ត្រីកងរាជអាវុធហត្ថទៅចាប់ទាំងមនុស្ស និងត្រាក់ទ័រយកមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដែលមកដល់ពេលទើបតែដោះលែងអ្នកបើកត្រាក់ទ័រពីរនាក់ប៉ុណ្ណោះចំណែកត្រាក់ទ័រនៅមិនទាន់ដោះលែងឡើយ ។
ស្ត្រីរូបនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋអ្នក ឃុំស្វាយជ្រំមានក្តីវេទនាខ្លាំងណាស់ដោយសារតែឈ្មោះឡុង ជាមេការក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញធ្វើបាប ។ កន្លងមកឈ្មោះនេះដើរបំផុសប្រជាពលរដ្ឋអោយលក់ដីឲ្យក្រុមហ៊ុនទៅក្រុមហ៊ុននឹងបង្កើតរោងចក្រនៅជិតជិតផ្ទះមិនបាច់អោយកូនទៅធ្វើការនៅក្រៅប្រទេសនោះទេ ។
ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ