ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា​៖៣-៤​ឆ្នាំ​នេះចង់​ជួប​ខេមរៈ ស្រី​ពៅ តែ​គ្មាន​ឱកាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​មរណភាព​របស់​តារាចម្រៀង​ខេមរៈ ស្រី​ពៅ អ្នកសិល្បៈ​ជា​ច្រើន ពិសេស​អ្នក​ធ្លាប់​ស្និទ្ធ​ស្នាល​បាន​សម្តែង​ការ​សោកស្តាយ និង​នឹកឃើញ​អនុស្សាវរីយ៍​ជាមួយ​គ្នា ។ ជាក់ស្តែង​តារាចម្រៀង​មាស សុខ​សោភា និង​តារា​សម្តែង​នៅ សូ​នី​តា…

រាជធានី​ភ្នំពេញ​៖​មរណភាព​របស់​តារាចម្រៀង​ខេមរៈ ស្រី​ពៅ អ្នកសិល្បៈ​ជា​ច្រើន ពិសេស​អ្នក​ធ្លាប់​ស្និទ្ធ​ស្នាល​បាន​សម្តែង​ការ​សោកស្តាយ និង​នឹកឃើញ​អនុស្សាវរីយ៍​ជាមួយ​គ្នា ។ ជាក់ស្តែង​តារាចម្រៀង​មាស សុខ​សោភា និង​តារា​សម្តែង​នៅ សូ​នី​តា បាន​រំលឹក​ពី​អនុស្សាវរីយ៍​ជាមួយ​ខេមរៈ ស្រី​ពៅ ។

ជាមួយ​រូបថត​អនុស្សាវរីយ៍​កន្លង​ទៅ មាស សុខ​សោភា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ខ្លឹមសារ​ថា «​បង​​ពិតជា​មាន​អារម្មណ៍​រន្ធត់​ក្តុកក្តួល ក្រៀមក្រំ​ជាទី​បំផុត ចំពោះ​មរណភាព​របស់​ប្អូនស្រី​ខេមរៈ ស្រី​ពៅ ។ សម្រាប់​បង ! ប្អូនស្រី គឺជា​ក្មេង​ស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ គ្រប់ពេល​បង​និយាយ​លេង​ក្រោយ​ឆាក​ត​ន្រី្ត ប្អូន​តែងតែ​សើច​សប្បាយ រីករាយ ពោរពេញ​ដោយ​ស្នាមញញឹម ប្អូន​តែងតែ​គោរព បង​ៗ​សិល្បៈ​រៀមច្បង ទោះ​ប្អូន​មិនសូវ​ចេះ​និយាយ​ច្រើន​តែ​ប្អូន​ចូល​ចិត្តការ​សប្បាយ​ជាមួយ បង​ៗ​សិល្បៈ​… ។

នៅ​ពេល​ដែល​បាត់​វត្តមាន​ប្អូន​ពី​សិល្បៈ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​នេះ មហាជន​ក៏​ដូច​ជា បង​ៗ​អ្នកសិល្បៈ​តែងតែ​បារម្ភ​ពី​សុខទុក្ខ​របស់​ប្អូន ចង់​ជួប​ប្អូន តែ​គ្មាន​ឱកាស​នឹង​បាន​ជួប រហូត​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នេះ បង​ស្ទើរតែ​មិន​ជឿ​ព័ត៌មាន​មួយ​នេះ ។

ជា​ចុង​ក្រោយ​បង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ប្អូនស្រី ខេមរៈ ស្រី​ពៅ ហើយ​សូម​ប្អូន​ទៅ​កាន់​សុគតិភព កើត​ជាតិ ណា​ៗ​សូមកុំ​ឲ្យ​អភ័ព្វ​ដូច​ជាតិ​នេះ … បង និង​មហាជន​គ្រប់​រូប​នឹង​ចង​ចាំ​ប្អូនស្រី​ទុក​ក្នុង​ចិត្តជា​រៀង​រហូត​…»​។

ចំណែក​តារា​សម្តែង​នៅ សូ​នី​តា បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​ស្តែង​ពី​ការ​សម្តែង​រួម​គ្នា​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ជាមួយនឹង​សារស​សេរ​ថា «​ទាំង​អស់នេះ​ជា​រូបភាព​ពួក​យើង​ទៅ​សម្តែង​នៅ​អូស្ត្រាលី​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៩ រយៈពេល​១​ខែ​កន្លះ ដែល​ពួក​យើង​នៅ​ទីនោះ ពួក​យើង​ស្រលាញ់​គ្នា​ប្រៀប​ដូច​បងប្អូន មាន​ទាំង​ពេល​ខ្លះ យើង​បន្លាច​ខ្មោច​គ្នា ហើយ​ដេញ​ធាក់​គ្នា​ពេញ​បន្ទប់ ។

អ្នក​ណា​ងើប​មុន​តែងតែ​ទាញ​ភួយ​ឲ្យ​ភ្ញាក់​ដើម្បី​ក្រោក​ស្មើគ្នា បង្អាប់​គ្នា ពិតជា​សប្បាយ​ខ្លាំង​ណាស់ មក​ដល់​ខ្មែរ​ក៏​យើង​ឧស្សាហ៍​សួរសុខទុក្ខ​គ្នា​ដែរ តែ​៥-៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​លែង​បាន​សូវ​ជួប​ឯង គិត​ថា​ឯង​សុខ​សប្បាយ​ហើយ ប៉ុន្តែ​មិន​នឹក​ស្មានថា​គ្នា​ត្រូវ​ទទួល​ដំណឹង អកុសល​ថា​ឯង​បាន​លាចាក​លោក​ហើយ។ គ្នា​ពិបាក​ទទួលយក​ដំណឹង​នេះ​ណាស់ ឯង​មនុស្ស​ល្អ​ណាស់ ម៉េច​បាន​ឆាប់​ទៅ​ចោល​ពួក​យើង​លឿន​ម៉្លេះ សូម​ឲ្យ​ឯង​បាន​ទៅ​កាន់​សុគតិភព មិត្ត​ល្អ​របស់ខ្ញុំ »​។

នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម​សាន់​ដេ បាន​ផ្សព្វផ្សយ​បទ​ចម្រៀង ចាស់​ៗ​របស់​តារាចម្រៀង​នាង​ខេមរៈ ស្រី​ពៅ ដើម្បី​សម្តែង​ការ​ចង​ចាំ និង​ក្តី​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​តារាចម្រៀង​របស់​ខ្លួន ។

តារាចម្រៀង​នាង​ខេមរៈ ស្រី​ពៅ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ក្នុង​អាយុ​២៨​ឆ្នាំ បន្ទាប់​ពី​នាង​បាន​តស៊ូ​ជាមួយ​ជំងឺ​អស់​រយៈពេល​៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ