ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ឃាត់ខ្លួន​យោធា​ផ្កាយ​២…​ឆបោក​រឿង​ជ្រើសរើស​កងទ័ព

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា​ នេះ​ គឺ​មាន​រយៈពេល​៣​យប់៣​ថ្ងៃ​ហើយ ដែល​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តបាន​ឃាត់ខ្លួន​បុរស​ម្នាក់​​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនី​យ៍​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​ករណី​«​ឆបោក និង​ជ្រើស​​រើស​កងទ័ព​ខុសច្បាប់​»​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​​មាន​ថា…

ខេត្តបាត់ដំបង​៖ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា​ នេះ​ គឺ​មាន​រយៈពេល​៣​យប់៣​ថ្ងៃ​ហើយ ដែល​កម្លាំង​
កង​រាជអាវុធហត្ថ​ខេត្តបាន​ឃាត់ខ្លួន​បុរស​ម្នាក់​​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនី​យ៍​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​ករណី​«​ឆបោក និង​ជ្រើស​​រើស​កងទ័ព​ខុសច្បាប់​»​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​​មាន​ថា គេ​នឹង​បញ្ជូន​ជនសង្ស័យ​រូប​នេះ ទៅ​ប្រគល់​ឱ្យ​​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា នេះហើយ ។

សំណុំរឿង​នេះ ​ហាក់​មិន​ត្រូវ​បាន​គេ​ទម្លាយឱ្យ​​ដឹង​ជា​សាធារណៈ​នោះ​ទេ​ ។ ពោល​គឺ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ឡើង​យ៉ាង​ស្ងាត់ស្ងៀម​បំផុត សូ​ម្បី​ទំនាក់ទំនង​តាម​ទូរស័ព្ទ ក៏​មន្ត្រី​ជំនាញ​ហាក់​មានការ​បិទ​បាំង​មិន​ផ្ដល់​​ព័​ត៌​​មាន​ដែរ ក្រោម​ហេតុផល​ផ្សេង​ៗ​ធ្វើ​ជា​លេស​ ។

យ៉ាងនេះ​ក្ដី បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ​ទេព ពេជ្រ ហៅទេព វិសាល ឬរួន សឿ​ម ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ។ ជន​សង្ស័យ​ដែល​មានឈ្មោះ​រាប់​ភ្លេច​រូប​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​សំឡូតឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥​មក​រា នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត យោង​តាម​បណ្ដឹង​ជន​រង​គ្រោះ​ប្រមាណ​ពី​៥​ទៅ​៦​នាក់ ដែល​ប្ដឹង​ជន​នេះ​ពី​បទ​«​ឆបោក​» ប្រ​ព្រឹ​ត្ត​កាលពី​អំឡុង​ខែមិថុនា​២០១៨ កន្លង​ទៅ​។

តាម​រយៈ​ការ​តឺ​នុយ​ឯកសណ្ឋាន និង​រថយន្ត​ដែល​មាន​ពាក់​ស្លាក​លេខ ​«​ខ​.​ម​» យ៉ាង​ហ៊ឺហាផង ជន​នេះ​បាន​តាំង​​នាម​ខ្លួនឯងជា​ឧត្តម​សេនី​យ៍​​យោធា​​ម្នាក់ តែ​សមត្ថកិច្ច​រក​​មិនឃើញ​ថា ជន​នេះ​​នៅ​អង្គភាព​ណាមួយ​ឱ្យ​​ប្រាកដ​​ឡើយ​ ។ ប៉ុន្តែ​បែ​រ​ជា​រក​ឃើញ​ថា ជន​នេះ​ មាន​តួនាទី​ជា​ប្រធាន​អង្គការ​ការពារ​បរិស្ថាន ដែល​មាន​ប្រវត្តិ​ដ៏​អាស្រូវ​បំផុត​នៅ​ក្នុង​ខេត្តបាត់ដំបង​ ។ ជា​ពិសេស​នៅ​តំបន់​«​អណ្ដូង​ក​ន្ទូ​ត​» ក្នុង​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​។

លោក​គឹ​ម ហឿ​ង ដែល​ជា​ជន​រង​គ្រោះ​ម្នាក់ បាន​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ មក​រា ថា «​ខ្ញុំ​បាន​ចូល​ធ្វើ​យោធា​នេះ ​តាម​គេ​តាម​ឯង ដែល​គេ​ចូល​មុន​ៗ​ធ្លាប់​ស្គាល់ឈ្មោះ​ទេព វិសាល នេះ​។ ការ​ចូល​នេះ ​គេ​យក​លុយ​ពី​ខ្ញុំ​ចំនួន​៤,៥០០​ដុល្លា ដើម្បី​បាន​ចូល​ក្របខណ្ឌ​យោធា តែ​ក្រោយ​ពី​បាន​កាត​សម្គាល់​ខ្លួនមាន​គេ​ប្រាប់​ថា កាត​នេះ​មិន​ប្រក្រតី ហើយ​ខ្ញុំ​សួរនាំ​ទៅ​អ្នក​ដែល​ចូល​ជាមួយ​គ្នា​ គេ​និយាយ​ដូច្នេះ​ដែរ ទើប​​ពួក​ខ្ញុំ​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​»​។ រីឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត ​គឺ​លោក​ឈី​វ ប៊ុ​ន​ឆៃ បាន​ប្រាប់​កោះ​សន្តិ​ភាពដែរ​ ​ក្នុង​ពេល​តែ​មួយ​ដែរ​ថា «​ខ្ញុំ​អស់​លុយ​តិច​ជាងគេ គឺ​អស់​ត្រឹម​តែ​៤​លាន​រៀល​ទេ​»​។

បើ​ពិនិត្យ​ជាក់ស្ដែង​លើ​កាត​សម្គាល់​ខ្លួន​ យោធា​ចំនួន​៦​សន្លឹកដែល​កោះសន្តិភាព​ទ​ទួល​បាន កាលពីថ្ងៃ​ទី​២៧​មក​រា ដែល​គេ​អះអាង​ថា សុទ្ធតែ​ជា​កាត​សម្គាល់​ខ្លួន​ជន​រង​គ្រោះ​​ ដែល​ចាញ់បោក​លោក​ឧត្តម​សេនី​យ៍​​ក្លែង​ក្លាយ ទេព វិសាល គឺ​គេ​ឃើញ​មាន​ចុះ​ «​លេខ​.. អត្តលេខ​.. កាល​បរិ​ច្ឆេ​ទ​.. និង​តួនាទី ដែល​មាន​បោះត្រា នាយ​​ឧត្តម​សេនី​យ៍ ទៀ ប៉ា​ញ់​» យ៉ាង​ត្រឹម​​ត្រូវ​ទៀត​ផង​ ។ ប៉ុន្តែ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នេះ​ជា​«​ត្រា​ក្លែង​បន្លំ​» ដែល​ជន​ប្រ​ព្រឹ​ត្ត​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​យ៉ាងធ្ងន់ធ្ងរ​​បំផុត​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ ឈ្មោះ​ទេព ពេជ្រ ហៅទេព វិសាល ឬរួន សឿ​ម ដែល​មាន​បទល្មើស​ស្ទើរ​រាប់​ភ្លេច​នេះ បើ​តាម​ជន​រង​គ្រោះបាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ភរិយា​ជនសង្ស័យបាន​ណាត់ជួប​ជន​រង​គ្រោះ​ទាំង​អស់ នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៧ មក​រា ក្នុង​ក្រុង​បាត់ដំបង ដើម្បី​សម្រប
​ស​ម្រួល​បង់​សំណង​ខ្លះ​វិញ ដល់​ជន​រង​គ្រោះជា​ថ្នូរ​នឹង​ការ​បញ្ចប់រឿង​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ​ ។

កោះសន្តិភាព នៅ​មិន​ទាន់​ទ​ទូល​បាន​ចម្លើយ​បែប​ណា ​ពី​ជនសង្ស័យ​ឈ្មោះ​ទេព ពេជ្រ ហៅទេព វិសាល ឬ រួន សឿ​ម និងភរិយា​របស់​ជន​នេះ​នៅឡើយ​ទេ គិត​ត្រឹម​​រសៀល​ថ្ងៃ​ទី​២៨​ មក​រា នេះ ​។ ហើយ​ក៏​មិន​ទាន់​ដឹង​អំពី​​ចំណាត់ការ​របស់​សមត្ថកិច្ច តើ​ត្រូវ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ឬ​យ៉ាងណា​នោះ​ដែរ ជុំវិញ​សំណុំ​រឿង​​នេះ ? ព្រោះ​សំណុំរឿង​នេះ​ មន្ត្រី​ជំនាញ​ហាក់​ព្យាយាម​បិទ​បាំង និងបាន​រុញ​ដាក់​គ្នា​អំពី​ការ​ផ្ដល់​ព័​ត៌​​មាន បើ​ទោះជា​អ្នក​សារ​ព័​ត៌​មាន បាន​ព្យាយាម​សួរនាំ​មន្ត្រី​ទ​ទូល​ខុស​ត្រូវ​កិច្ចការ​នេះ កាលពី​ថ្ងៃ​ទី​២៧ ​មក​រា ជា​បន្តបន្ទាប់​ក្ដី​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​​​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដែរ​បាន​ឱ្យ​​ដឹង​ថា មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​លោក​ឧត្តម​សេនី​យ៍យោធា​ក្លែងក្លាយ​ ឈ្មោះ​រួន សឿ​ម នេះ ​ទៅ​ប្រគល់​ជួន​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា នេះ​ ​ព្រោះ​មន្ត្រី​ជំនាញ​បាន​រាយ​ការ​ណ៍​ជូន​​លោក​ព្រះរាជអាជ្ញា​​បាន​ជ្រាប​ជា​មុន​រួច​ហើយ ​។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ