ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំង​5​ប្រភេទ ដែល​នឹង​ត្រូវប៉ាន់​នៅ​ថ្ងៃ​អនាគត

5 ឆ្នាំ មុន

កាលពី​ការ​ចុះ​ផ្សាយ​លើក​មុន យើង​បានដឹង​ពី​ការងារ​ណាខ្លះ ដែល​នឹង​បាត់បង់​នៅ​២០​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​មានការ​ជំនួស​ដោយ​គ្រឿងយន្ត និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​សិប្បនិម្មិត (AI) ។ នៅ​ពេល​នេះ យើង​ងាក​មក​មើល​ថា​ការងារ​ណាខ្លះ ដែល​អាច​នឹង​ត្រូវប៉ាន់…

កាលពី​ការ​ចុះ​ផ្សាយ​លើក​មុន យើង​បានដឹង​ពី​ការងារ​ណាខ្លះ ដែល​នឹង​បាត់បង់​នៅ​២០​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​មានការ​ជំនួស​ដោយ​គ្រឿងយន្ត និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​សិប្បនិម្មិត (AI) ។ នៅ​ពេល​នេះ យើង​ងាក​មក​មើល​ថា​ការងារ​ណាខ្លះ ដែល​អាច​នឹង​ត្រូវប៉ាន់ បើ​ទោះបីជា​មានការ​វាយលុក​របស់​បច្ចេ​កវិទ្យា​ក៏​ដោយ​។ ខាងក្រោម​នេះ គឺជា​ការងារ​ទាំង​៥​ប្រភេទ​ដែល​គេ​ត្រូវការ​ខ្លាំង​នៅ​ពេល​អនាគត ៖

១. អ្នក​ផលិត​មនុស្ស​យន្ត ៖ ដោយសារ​តែ​ពេល​ខាង​មុខ តម្រូវការ​មនុស្ស​យន្ត​នឹង​មានការ​កើន​ឡើងជា​លំដាប់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​វិស័យ​ការងារ អាជីព​ជា​អ្នក​ផលិត​មនុស្ស​យន្ត គឺជា​អ្វី​ដែល​មនុស្ស​ត្រូវការ​។ នេះ​គឺជា​ហេតុផល​ងាយស្រួល​យល់​បំផុត​។ អ្វី​ដែល​សំខាន់ មនុស្ស​យន្ត​ក៏​អាច​ខូច​បាន​ដែរ​។ ដូចនេះ ក្នុង​នាម​ជា​អ្នក​ផលិត ក៏​ចេះ​ជួសជុល​ដែរ​។ រក​លុយ​បាន​គ្រប់​ច្រក !

២. អ្នកគ្រប់គ្រង​វត្ថុធាតុដើម ៖ គ្រឿងយន្ត និង​មនុស្ស​យន្ត មិនមែន​ចេះ​កើតមក​ដោយ​ខ្លួន​វា​នោះ​ទេ ។ គេ​ត្រូវការ​វត្ថុធាតុដើម​ជា​ច្រើន ទម្រាំ​តែ​អាច​ផលិត​ចេញ​ជា​រូបរាង​បាន ។ ដូចនេះ​យើង​គ្មាន​អ្វី​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​ការងារ​គ្រប់គ្រង​វត្ថុធាតុដើម​ត្រូវប៉ាន់ ។

៣. អ្នក​បណ្តុះ​អវយវៈ​សិប្បនិម្មិត ៖ បើ​និយាយ​ទៅ​គឺ​ដូច​ជា​នៅ​ក្នុង​រឿង​វិទ្យាសាស្ត្រ តែ​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​ស្រាវជ្រាវ ការងារ​ជា​អ្នក​បណ្តុះ​អវយវៈ​សិប្បនិម្មិត គឺជា​ការងារ​ពេញ​និយម​នៅ​សតវត្សរ៍​ទី​២២ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ពិការ​ដៃជើង ត្រូវ​ប្រើ​ជើង​ឬ​ដៃ​ជ័រ​ជំនួស ហើយ​អ្នក​ខូច​គ្រឿងក្នុង ត្រូវ​ចាំ​ទទួល​យក​ការ​បរិច្ចាគ​ពី​គេ តែ​ថ្ងៃ​មុខ​ទៅ គេ​អាច​បណ្តុះ​ទាំង​អវយវៈ និង​គ្រឿងក្នុង​សម្រាប់​អ្នក​ដែល​មាន​បញ្ហា ។

៤. អ្នក​ពាក់ព័ន្ធ​នឹង​កីឡា​អេ​ឡិច​ត្រូ​និក (​ហ្គេ​ម​) ៖ នេះ​គឺ​ទាំង​អ្នក​ផលិត អ្នក​វិនិយោគ និង អ្នកលេង​ផ្ទាល់ គឺ​នឹង​សុទ្ធតែ​ត្រូវប៉ាន់ ឱ្យ​តែ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​លេង​កីឡា​អេ​ឡិច​ត្រូ​និក​។ មិនបាច់​ទៅ​មើល​នៅ​ទីណា​ច្រើន​ទេ ពេល​នេះ​គឺ​គេ​ចាប់ផ្តើម​មានការ​ប្រកួត​តាម​កុំព្យូទ័រ ដែល​មាន​ប្រាក់​រង្វាន់​រាប់​សិប​ម៉ឺន​ដុល្លារ​ហើយ។

៥. ចិត្តវិទូ និង គ្រូពេទ្យ​ព្យាបាល​ផ្លូវចិត្ត ៖ បញ្ហា​ផ្លូវចិត្ត​នា​ពេល​នេះ កំពុង​តែ​ត្រូវ​បាន​និយាយ​ដោយ​មហា​ជន​ជា​ច្រើន​។ នៅ​ពេល​មនុស្ស​ចាប់ផ្តើម​មាន​អ្វី​ៗ​គ្រប់​ហើយ គេ​ចាប់ផ្តើម​គិតគូរ​ពី​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន​។ ដោយសារ​តែ​ការងារ​នៅ​ពេល​ខាង​មុខ​កាន់តែ​មាន​សម្ពាធ ភាព​តានតឹង​ក្នុង​អារម្មណ៍​កាន់តែ​កើនឡើង​។ គេ​ពិតជា​ត្រូវការ​អ្នក​ដែល​អាច​ពិភាក្សា ផ្តល់​ប្រឹក្សា និង ព្យាបាល​បញ្ហា​ទាំងនេះ​ណាស់ ។

តើ​នៅ​មានការ​ងារ​អ្វី​ទៀត ដែល​លោក​អ្នក​គិត​ថា នឹង​ត្រូវប៉ាន់​នៅ​ថ្ងៃ​ខាង​មុខ ? សូម​ជួយ​បន្ថែម !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ