ប្រទេសថៃ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងមកថា ប្រទេសថៃបានផ្តល់ជាអត្ថប្រយោជន៍ផ្សេងៗដើម្បីជំរុញដល់សណ្ឋាគារក្នុងស្រុលឲ្យកាត់បន្ថយការប្រើប្លាស្ទិច និងចូលរួមគម្រោងសណ្ឋាគារថៃមិនប្រើប្លាស្ទិច (Thai Hotels Plastic-Free Project) ។
គម្រោងនេះមានការចូលរួមពីអាជ្ញាធរវិស័យទេសចរណ៍របស់ប្រទេសថៃ(TAT) និងសមាគមន៍សណ្ឋាគារថៃ (THA) ដើម្បីថែរក្សាបរិស្ថាន និងលើកតម្កើងទេសចរណ៍មានចិរភាពក្នុងរយៈពេលវែង ។
ប្រធាន TAT គឺ លោក Yuthasak Supasorn បាននិយាយថា សណ្ឋាគារដែលសម្រេចបានតាមលក្ខខណ្ឌនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការអនុញ្ញាតឲ្យចូលរួមកម្មវិធីពាណិជ្ជកម្មទេសចរណ៍ និងការធ្វើបទបង្ហាញផ្សេងៗរបស់ TAT នៅបរទេស ។
លើសពីនេះទៅទៀត ឈ្មោះរបស់សណ្ឋាគារទាំងនោះនឹងត្រូវបានផ្សព្វផ្សាយនិងលើកតម្កើងតាមរយៈប្រព័ន្ធផ្សាយសាធារណៈរបស់ TAT និង THA ហើយពួកគេនឹងទទួលបានប័ណ្ណបញ្ជាក់ដែលអាចប្រើសម្រាប់ការត្រួតពិនិត្យស្តង់ដារបរិស្ថានផ្សេងៗផងដែរ ។
អ្នកស្រី Supawan Tanomkieatipume ដែលជាប្រធានរបស់ THA បាននិយាយថា ក្រោមគម្រោងនេះ សណ្ឋាគារត្រូវធ្វើតាមលក្ខខណ្ឌជាច្រើនដូចជាកាត់បន្ថយការប្រើប្រាស់ប្រអប់ប្លាស្ទិច និងប្តូរមកប្រើផលិតផលដែលអាចរលាយបានក្នុងស្រុកវិញ។ លក្ខខណ្ឌសំខាន់ៗផ្សេងៗរួមមាន កាត់បន្ថយការប្រើដបប្លាស្ទិច និងទុយោក្នុងសណ្ឋាគារជាដើម។
លោក Yuthasak បានបង្ហាញជំនឿចិត្តថាគម្រោងនេះនឹងជួយកាត់បន្ថយកាកសំណល់ប្លាស្ទិចតាមសណ្ឋាគារ និងទីតាំងទេសចរណ៍ផ្សេងៗ ហើយអ្នកផ្តល់សេវាកម្មទេសចរណ៍អាចប្រើយុទ្ធនាគារនេះដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមព្រោះភ្ញៀវទេសចរជាច្រើនដូចជាជនជាតិអ៊ឺរ៉ុបព្រួយបារម្ភច្រើនពីការការពារបរិស្ថាន។
គួរបញ្ជាក់ដែរថា ប្រទេសថៃមានកាកសំណល់ប្លាស្ទិចជាច្រើន។ យោងទៅតាមវិទ្យាស្ថានប្លាស្ទិចរបស់ប្រទេសថៃបានឲ្យដឹងថា ប្រជាជនទាំង ៦៦លាននាក់របស់ប្រទេសនេះប្រើថង់ប្លាស្ទិចពីរក្នុងមួយថ្ងៃជាមធ្យម។
ចែករំលែកព័តមាននេះ