ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានចុះប្រតិបត្តិការដោយធ្វើការឆែកឆេរទៅលើជនសង្ស័យម្នាក់ ខណៈធ្វើដំណើរតាមផ្លូវ ស្រាប់តែប្រទះឃើញគ្រឿងញៀននៅជាប់នឹងខ្លួន លុះសួរចម្លើយចុះឡើងៗ ឈានដល់ចុះទៅឆែកឆេរផ្ទះជនសង្ស័យម្នាក់ទៀត លុះដឹងខ្លួនទាន់ក៏រត់គេចខ្លួនទាំងប្តីប្រពន្ធ ។
ចំណែកសមត្ថកិច្ចនគរបាលបន្តរុករកឃើញកញ្ចប់ថ្នាំញៀននៅក្នុងបរិវេណផ្ទះ ហើយនឹងសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីបិទផ្ទះជនសង្ស័យជាបណ្តោះអាសន្ន ។ ហេតុការណ៍ចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនឈានដល់រកឃើញក្នុងបរិវេណផ្ទះអ្នកចែកចាយនេះ បានកើតឡើង កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះសំណាក់៤០បន្ទប់ ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ជនឈ្មោះ វុន សំអូន ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យម៉ាទឹកកកចំនួន២កញ្ចប់តូច ។ លោកបន្តទៀតថា ក្រោយពីធ្វើការសាកសួរជនសង្ស័យរូបនេះរួចបានចម្លើយសារភាពលោកក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឈានដល់ធ្វើការចុះទៅឆែកឆេរលំនៅឋានរបស់មុខសញ្ញាចែកចាយម្នាក់ទៀតឈ្មោះ សាន់ ស៊ាក ភេទស្រី មានទីលំនៅបច្ចុប្បន្នភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប៉ុន្តែម្ចាស់ផ្ទះបានដឹងខ្លួនទាន់ក៏រត់គេចខ្លួនបាត់លុះកម្លាំងធ្វើការឆែកឆេរនៅក្នុងបរិវេណផ្ទះ ស្រាប់តែប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់ លាក់ទុកនៅគំនរដុំថ្ម ក្នុងរបងផ្ទះជនសង្ស័យតែម្តង ។
ចំណែកលោក សោម ប៉ឹម ស្នងការរងទទួលបន្ទុកផ្នែកគ្រឿងញៀនបានឱ្យដឹងដែរថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើរួចមកខាងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដោយមិនមានការសម្របសម្រួលអ្វីនោះទេ ហើយបើសិនជាខាងតុលាការចាត់ការយ៉ាងណាខាងលោកក៏មិនដឹងនោះដែរ ព្រោះផុតពីដៃរបស់ខ្លួនហើយ ។ លោកបន្តថា ទោះបីជាយ៉ាងណាក៏មិនអាចធ្វើការសម្របសម្រួលដោះលែងជនសង្ស័យខាងលើបានឡើយ ៕
ចែករំលែកព័តមាននេះ