ម៉ោង​០១​និង​១៥​នាទី​រសៀល​ថ្ងៃនេះ​…​វេលា​បូជាសព​កញ្ញា ខេមរៈ ស្រី​ពៅ


រាជធានីភ្នំពេញ ៖ នៅ​វេលាម៉ោង១២ និង០៦នាទី​ថ្ងៃត្រង់​ថ្ងៃទី២៨ មករា នេះ ​នឹង​មាន​ការ​ដង្ហែ​​សព​របស់​តារា​ចម្រៀង ​​ខេមរៈ ស្រី​ពៅ ទៅកាន់​​វត្ត«សំរោងអណ្តែត» ដើម្បី​បូជា​ ។ ចំពោះ​​ម៉ោង​​ដែល​ត្រូវ​​​បាន​​​កំណត់​និងរៀបចំ​បូជានោះ​ ​គឺនៅវេលាម៉ោង​០១ និង១៥នាទីរសៀលថ្ងៃដដែលនេះ ។

​ពិតជា​​រឿង​​ដ៏​សោកសៅ​ និង​ក្ដុកក្ដួល​ជាទី​បំផុត ​សម្រាប់​ក្រុម​គ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត ក៏​ដូច​ជា​អ្នកសិល្បៈ​នានា​ ដែល​បាន​បាត់បង់​អ្នកសិល្បៈ​រួម​អាជីព​ម្នាក់ ដែល​ប្រកបដោយ​ទេព​កោសល្យ ។ យើង​ខ្ញុំ​ ក៏​សូម​ចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំ​​ដល់​ក្រុម​គ្រួសារផងដែរ ។

គួររំលឹកថា សព​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ដែលតាម​គម្រោង​ បាន​​មក​ដល់​ស្រុក​កំណើត​​នៅ​ព្រលប់​​ថ្ងៃ​ទី​២៧ មក​រា ​។ នេះ​បើ​យោង​តាម​លោក ខេមរៈ ភា​រុណ ដែល​ជា​បងប្រុស​បាន​អះអាង ។
លោក​​បន្ត​ថា សព​ប្អូនស្រី​របស់​លោក​បាន​មក​ដល់​ប្រទេស​វិញ​ នៅ​អំឡុង​ម៉ោង​៧​យប់ ​ទី​២៧ មក​រា ក្រោយ​ពី​រៀបចំ​ពិធី​ និង​យក​សព​ចេញពី​ប្រទេស​ឥណ្ឌា ។

លោក​បញ្ជាក់​ថា សព​ប្អូនស្រី​របស់​លោក​បាន​មក​ដល់​ប្រទេស​ថៃ មុន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ដដែល ខណៈ​ពេល​ដែល​ពិធីបុណ្យ​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច នៅ​គេហដ្ឋាន​លោក ខេមរៈ សិរីមន្ត ដែល​មា​នទី​តាំងនៅ​​ខណ្ឌសែនសុខ​ ។ បើ​តាម​លោក ភា​រុណ ថា ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​សព​ប្អូនស្រី​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៩ ។ លោក ខេមរៈ ភា​រុណ បាន​អះអាង​បន្ថែម​ថា អំឡុង​ពេល​ដឹក​សព​ប្អូនស្រី​មក​តាម​ផ្លូវ លោក​ពិតជា​មានការ​អាឡោះអាល័យ​នឹង​ពាក្យ​សម្តី​ដែល​ប្អូនស្រី​ធ្លាប់​បាន​និយាយ ជា​ពិសេស​សម្រែក​ម្តាយ​របស់​លោក​ដែល​បាន​ហៅ​កូនស្រី​ឲ្យ​មក​ផ្ទះ​ស្ទើរ​មិន​ដាច់។

យ៉ាងណា​លោក​បាន​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ​និង​ប្រិ​យ​មិត្ត​គាំទ្រ​ដែល​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ដល់​ក្រុម​គ្រួសារ​របស់​លោក​នា​ពេល​នេះ ។ តារាចម្រៀង ខេមរៈ ស្រី​ពៅ ដែល​ជា​ប្អូនស្រី​តារាចម្រៀង ខេមរៈ សិរី​មន្ត បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩ ដោយ​ព្យាបាល​ជំងឺ​សួត​និង​ក្រលៀន ។

ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត​និង​ក្រលៀន​​ធ្ងន់ធ្ងរ​៤​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ ។


Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ